Friday, April 26, 2024
Homeព័ត៌មានជាតិរឿងរ៉ាវស្នេហ៍ កូនកំលោះវ័យចំណាស់ ជូនថ្លៃទឹកដោះប្រពន្ធក្មេងសាច់សខ្ចី ២មុឺនដុល្លារ និងគ្រឿងអលង្ការពេជ្រ បង្កភាពភ្ញាក់ផ្អើលខ្លាំង

រឿងរ៉ាវស្នេហ៍ កូនកំលោះវ័យចំណាស់ ជូនថ្លៃទឹកដោះប្រពន្ធក្មេងសាច់សខ្ចី ២មុឺនដុល្លារ និងគ្រឿងអលង្ការពេជ្រ បង្កភាពភ្ញាក់ផ្អើលខ្លាំង

ខេត្តកំពត ៖ គូស្នេហ៍ខុសវ័យមួយគូនេះ បាននិងកំពុងធ្វើឱ្យមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីកូនកំលោះវ័យចំណាស់ បានជូនថ្លៃបណ្ណាការនៅថ្ងៃភ្ជាប់ពាក្យ ទៅឱ្យគ្រួសារខាងកូនក្រមុំ វ័យក្មេងសាច់សខ្ចី  រហូតដល់ទៅ២ម៉ឺនដុល្លារ ព្រមទាំងគ្រឿងអលង្ការពេជ្រមួយឈុតទៀតផង លុះក្រោយពីសាច់ញាតិថតរូបបង្ហោះក្នុងហ្វេសប៊ុក ក៏ធ្វើឱ្យកើតមានមតិយល់ឃើញខុសៗគ្នាជាច្រើន ជុំវិញចំណងស្នេហ៍ខុសវ័យមួយគូនេះ។

គូស្នេហ៍ខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែតាមការពិនិត្យភិនភាគជាក់ស្តែង ខាងកូនកំលោះមានវ័យប្រមាណជាង៦០ឆ្នាំប្លាយទៅហើយ ចំណែកខាងនារីជាកូនក្រមុំសាច់សខ្ចីវិញ មើលទៅ ទើបនឹងមានវ័យមិនទាន់ដល់២០ឆ្នាំផង។ យ៉ាងណា តាមប្រភពព័ត៌មានពីសាច់ញាតិរបស់ភាគីខាងកូនក្រមុំ ដែលថតរូបបង្ហោះហ្វេសប៊ុក បានបញ្ជាក់ថា ពិធីស្តីដណ្តឹងខាងលើនេះ ទើបនឹងកើតឡើងកាលពីពេលថ្មីៗនេះប៉ុណ្ណោះ ដោយកូនកំលោះគឺជាអ្នករស់នៅខេត្តព្រះសីហនុ ចំណែកកូនក្រមុំជាអ្នកខេត្តកំពត។

យោងតាមគណនីហ្វេសប៊ុកឈ្មោះ Pich Manavy ដែលអះអាងថា ត្រូវជាម្តាយមីងរបស់នារីវ័យក្មេងជាកូនក្រមុំ កាលពីពេលថ្មីៗនេះ បានបង្ហោះរូបភាពពិធីភ្ជាប់ពាក្យក្មួយស្រីរបស់ខ្លួនជាច្រើនសន្លឹក។ នៅក្នុងចំណោមរូបភាពពិធីភ្ជាប់ពាក្យទាំងនោះ គេឃើញពិធីមួយនេះបានធ្វើឡើងរវាងកូនកំលោះដែលមានវ័យចំណាស់ ជាមួយកូនក្រមុំវ័យក្មេងខ្ចី ព្រមទាំងមានរូបសម្រស់ស្រស់ផូរផង់សាច់សខ្ចី។ ជាមួយនេះ គេឃើញមានវត្តមានអ្នកចូលរួមមិនច្រើនប៉ុន្មាននោះទេ ដែលភាគច្រើនទំនងជាសាច់ញាតិសំខាន់ៗប៉ុណ្ណោះ។ តែអ្វីដែលគួរឱ្យកត់សម្គាល់ នៅក្នុងរូបថតភ្ជាប់ពាក្យនោះ គេឃើញកូនកំលោះដែលមានវ័យច្រើនជាងកូនក្រមុំ បានបំពាក់ចិញ្ចៀនជូនអនាគតភរិយារបស់ខ្លួន ទាំងទឹកមុខញញឹមញញែមពេញចិត្តពេញថ្លើមយ៉ាងខ្លាំង ចំណែកខាងកូនក្រមុំក្នុងរូបថតខ្លះ មានមុខស្រពោនតិចតួច តែក្នុងរូបខ្លះញញឹមបិទមាត់មិនជិតនោះទេ។ មួយវិញទៀត គេឃើញម្ចាស់គណនីហ្វេសប៊ុកខាងលើ ដែលត្រូវជាម្តាយមីងកូនក្រមុំបានថតបង្ហោះផងដែរ នូវទឹកប្រាក់ចំនួន២ម៉ឺនដុល្លារ ដែលសុទ្ធសឹងតែជាក្រដាសប្រាក់ ប្រភេទ១០០ដុល្លារថ្មីៗ ចំនួន២ខ្ទាស់ ដែលទើបនឹងដកចេញពីធនាគារដាក់លើជើងពាន ដើម្បីប្រគល់ជូនទៅឪពុកម្តាយខាងស្រី ជាថ្លៃបណ្ណាការ ឬហៅថា ថ្លៃទឹកដោះ។ មិនតែប៉ុណ្ណោះ ក្រៅពីប្រាក់បណ្ណាការ២ម៉ឺនដុល្លារនោះ គេឃើញមានគ្រឿងអលង្ការពេជ្រមួយឈុតផងដែរ ដែលត្រូវបានគេដាក់តាំងនៅលើជើងពាន មុននឹងកូនកំលោះ  លើកបំពាក់ជូនកូនក្រមុំ ដែលជាអនាគតភរិយារបស់ខ្លួន។

ក្រោយពីម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Pich Manavy បង្ហោះរូបភាពពិធីភ្ជាប់ពាក្យខាងលើរួចមក គេឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចែករំលែកតៗគ្នា ព្រមទាំងបានបញ្ចោញមតិយល់ឃើញខុសៗគ្នារៀងៗខ្លួន ពិសេសដោយសារតែឃើញពីគម្លាតនៃអាយុរវាងកូនកំលោះ និងកូនក្រមុំ។

នៅក្នុងចំណោមអ្នកចូលរួម comment ក្នុងគណនីហ្វេសប៊ុកខាងលើ គេឃើញមានអ្នកខ្លះលើកឡើងថា “ចាស់ម៉េះកូនកំលោះ” ខ្លះថា “អាណិតកូនក្រមុំហ្នឹងណាស់” រីឯខ្លះទៀតថា “ខ្ញុំខ្លាចហើយលុយ” “នៅភូមិខ្ញុំ អាយុហ្នឹង គឺតា និងចៅហើយ”។

ជាមួយនេះ ម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានបញ្ចោញយោបល់របស់ខ្លួនថា “និយាយអត់ចេញ បើម្នាក់ស្រីនឹងស្រលាញ់គាត់មែន គឺវាជាការល្អហើយ តែកុំបង្ខំចិត្ត ដើម្បីតាមម៉ែឪ ស៊ូលះបង់ខ្លួនឯង និងក្តីសុខខ្លួនឯង ទៅឱ្យអ្នកដទៃនោះ សម័យនេះ មិនមែនទុំទាវទេ ហើយកុំសម្លឹងលុយអ៊ំៗពេក ប្រយ័ត្នទឹកភ្នែកដោយសារលុយប្តីចាស់ ប្តីចាស់មិនប្រាកដថាល្អ…”។

ដោយឡែក អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានលើកឡើងថា “គ្មានអ្នកណាចង់បានប្តី ឬប្រពន្ធចាស់ជាងខ្លួនទេ ទោះម្នាក់នោះល្អយ៉ាងណា ក៏ភាពពុំគាប់ចិន្តាក៏មានមិនតិចភាគរយដែរ… តែឱ្យគេធ្វើម៉េចពាក្យថា គេចាស់មែន តែគេជាមនុស្សល្អ ជាពាក្យល្អបំផុត សម្រាប់ប្រើ” “យើងមិនគិតរឿងវ័យទេ សំខាន់ភក្តីភាពរបស់គាត់ ជាពិសេសពួកគាត់ទាំងពីរព្រមរស់នៅជាមួយគ្នា” “សំខាន់គាត់មិនពាក់ព័ន្ធជាមួយអ្នកណា លុយសំខាន់ណាស់ តែអ្វីដែលសំខាន់ជាងលុយ គឺភាពដាក់ចិត្តដាក់កាយរបស់គាត់ ដែលបានផ្តល់កិត្តិយស សមតាមផ្លូវច្បាប់ចំពោះនាង។ សម្រាប់ការលេងសើច មិនដូច្នេះទេ សុំទោសនារីលេងសើច មិនលើស៥០០០ដុល្លារទេ រាប់ម៉ឺនដុល្លារ មានទាំងចាស់ទុំ សុំអ្នកច្រណែនស្ងប់ចិត្ត…”។

គួរបញ្ជាក់ថា មតិខាងលើនេះ គ្រាន់តែជាការយល់ឃើញរបស់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” នៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនគូស្នេហ៍ខាងលើបាននៅឡើយ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES