Wednesday, April 24, 2024
Homeព័ត៌មានជាតិគ្រាន់តែសួរថា អូនទិញអីគេ? ស្រាប់តែទៅហៅបក្សពួកមកដេញវាយយុវជន២នាក់ ធ្លាក់ទឹក

គ្រាន់តែសួរថា អូនទិញអីគេ? ស្រាប់តែទៅហៅបក្សពួកមកដេញវាយយុវជន២នាក់ ធ្លាក់ទឹក

ភ្នំពេញ ៖ យុវជនពីរនាក់ជិះម៉ូតូមួយគ្រឿង ទៅទិញប្រហិតចៀន​ បានជួបនារីម្នាក់កំពុងតែទិញដែរ ក៏បាន​និយាយញ៉ែញ៉ងពីរបីម៉ាត់ បែរជានារីរូបនេះជិះម៉ូតូទៅហៅបក្សពួកប្រុសៗប្រាំនាក់​មកដេញវាយ បណ្តាលឲ្យយុវជនទាំងពីរ​រត់ចូលទឹកទន្លេម្នាក់ និងម្នាក់ទៀតរត់ចោលម៉ូតូបាតជើងសព្រាត​ ហេតុការណ៍នេះកើតហេតុឡើងកាលពីវេលាម៉ោង១១​​យប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ត្រង់ចំណុចខាងត្បូង ប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ​៥០០ម៉ែត្រ តាមបណ្តោយផ្លូវជាប់មាត់ទន្លេត្រើយខាងកើត ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

បើតាមសម្តីពីយុវជនរងគ្រោះទាំងពីរនាក់បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគេទាំងពីរនាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១GA-5687 មកទិញប្រហិតចៀននៅត្រង់ចំណុចកើតហេតុខាងលើ ហើយក៏បានជួបនារីម្នាក់ដែលកំពុងតែទិញប្រហិតចៀននៅកន្លែងកើតហេតុដែរ ។ ខណៈពេលនោះយុវជនរងគ្រោះទាំងពីរនាក់បានសួរទៅនារីរូបនោះថា អូនទិញអីគេ ស្រាប់តែនារីរូបនោះបានឆ្លើយមកវិញថា ពួកហ៊ែងចាំមើលទៅ រួចហើយនាងបានជិះម៉ូតូចេញទៅបាត់ ស្រាប់តែមួយសន្ទុះក្រោយមកក៏មានយុវជនបង្កមួយក្រុម មានគ្នាប្រាំនាក់ ជិះម៉ូតូពីរគ្រឿង មិនចាំម៉ាក បានជិះមកឈប់ក្បែរយុវជនរងគ្រោះ ហើយក៏សួរទៅយុវជនរងគ្រោះថា មិញពួកហ៊ែងនិយាយស្អី ​ភ្លាមៗនោះជនបង្កទាំងប្រាំនាក់បានធ្វើសកម្មភាពវាយទៅលើយុវជនរងគ្រោះ បណ្តាលឲ្យយុវជនរងគ្រោះម្នាក់ភ័យរត់ទៅលោតចូលទឹកទន្លេ រីឯម្នាក់ទៀតរត់ចោលម៉ូតូបាតជើងសព្រាត ។ បន្ទាប់មកយុវជនបង្កទាំងនោះបានលើជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយបាននាំយុវជនរងគ្រោះទាំងពីរនាក់ទៅសួរនាំ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វា៕

RELATED ARTICLES