Saturday, April 20, 2024
Homeព័ត៌មានជាតិផឹកសុីទល់មុខឳពុក លោកកូនក្រពុលមុខ កាប់១ពូថៅ

ផឹកសុីទល់មុខឳពុក លោកកូនក្រពុលមុខ កាប់១ពូថៅ

ខេត្តតាកែវ ៖ បុរស២នាក់ឪពុកនិងកូន បានទិញស្រាមកអង្គុយផឹកតទល់មុខគ្នា លុះក្រោយពីជាតិស្រាជ្រាបសព្វរាងកាយ ឪកូនទាំង២នាក់ក៏ចាប់ផ្តើមកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នា រហូតធ្វើឱ្យភាគីកូនប្រុសក្រពុលមុខលែងដឹងខុសត្រូវ ក៏ស្ទុះទៅទាញពូថៅមកកាប់ប្រហារឪពុកបង្កើតរបស់ខ្លួន ដោយលែងខ្លាចបុណ្យបាប បណ្តាលឱ្យបុរសជាឪពុកទទួលរងរបួសជាទំងន់។

ករណីឪពុកកូនស្រវឹងស្រាឈ្លោះប្រកែកគ្នា រហូតដល់កូនប្រុសទាញពូថៅកាប់ឪឱ្យរងរបួសធ្ងន់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិសំរោង ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។

ជនដៃដល់ជាកូនប្រុសដែលផឹកស្រាវឹងកាប់ឪពុកបង្កើតរបួសធ្ងន់ មានឈ្មោះឡេង ប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះឡេង ជឿន អាយុ៥១ឆ្នាំ មុខរបរកសិករ រងរបួសធ្ងន់ត្រង់គល់ស្មាខាងស្តាំ។ ឪពុកកូនអ្នកទាំង២ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ឪពុកកូនខាងលើនេះឧស្សាហ៍ផឹកស្រាជាមួយគ្នាខ្លាំងណាស់ ហើយក៏ធ្លាប់កើតមានទំនាស់ពាក្យសម្តីនឹងគ្នាក្រោយពេលស្រវឹងដែរ គ្រាន់តែមិនធ្លាប់មានបញ្ហាធ្ងន់ធ្ងរដល់ថ្នាក់នេះឡើយ។ លុះមកដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ គេឃើញឪពុកកូនខាងលើ បានទិញស្រាមកអង្គុយផឹកស៊ីជុំគ្នា រហូតដល់វេលាម៉ោង១និង៥០នាទីរសៀលថ្ងៃដដែល បន្ទាប់ពីចាប់ផ្តើមស្រវឹងធ្លាក់ភ្នែករៀងៗខ្លួន ស្រាប់តែកើតមានទំនាស់ពាក្យសម្តីនឹងគ្នា តែគេមិនដឹងថា អ្នកទាំង២ឈ្លោះគ្នាពីរឿងអ្វីឱ្យពិតប្រាកដនោះទេ។

ប្រភពដដែលបន្តថា ក្រោយពីឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាមួយសន្ទុះ ស្រាប់តែគេឃើញភាគីខាងកូនប្រុសដែលកំពុងពុលកំហឹង ទប់អារម្មណ៍លែងបាន ក៏ស្ទុះទៅទាញពូថៅមកកាប់ប្រហារបុរសជាឪពុកបង្កើត១ពូថៅ ចំគល់ស្មាខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយពេលកើតហេតុ ជនរងគ្រោះជាឪពុកត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។ ចំណែកជនដៃដល់ជាកូនប្រុស ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋានគរបាលស្រុកត្រាំកក់ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ជាកូនប្រុសបានសារភាពថា ខ្លួនពិតជាបានកាប់ប្រហារឪពុក១ពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ប្រាកដមែន មូលហេតុដោយសារតែរូបគេស្រវឹងស្រាខ្លាំងពេក លុះពេលកើតហេតុទំនាស់ពាក្យសម្តីជាមួយឪពុក ក៏ក្រពុលមុខទាញពូថៅកាប់ប្រហារឪពុកតែម្តង។

ជនដៃដល់ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES