Friday, March 29, 2024
Homeព័ត៌មានជាតិកូនប្រុសគំរាមដុតផ្ទះសម្លាប់ម៉ែឪ ព្រោះតែរឿងមួយហ្នឹង

កូនប្រុសគំរាមដុតផ្ទះសម្លាប់ម៉ែឪ ព្រោះតែរឿងមួយហ្នឹង

ខេត្តកណ្តាល ៖ បុរសម្នាក់ក្រោយពីផឹកស្រវឹងស្រាជោក ក៏ដើរទៅស្រែកជេរបញ្ចោរឪពុកម្តាយបង្កើតរបស់ខ្លួន ចោទថាឪពុកម្តាយបែកចែកទ្រព្យសម្បត្តិឱ្យមិនស្មើគ្នា រួចក៏គំរាមសម្លាប់ឪពុកម្តាយចោល ធ្វើឱ្យឪពុកម្តាយភ័យបិទខ្ទប់ទ្វារជាប់ ស្រែកហៅគេជួយ ស្រាប់តែកូនប្រុសអកតញ្ញូខឹងក៏ទាញបំពង់ទីបវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ និងថែមទាំងប៉ុនប៉ងដុតផ្ទះសម្លាប់ឪពុកម្តាយចោលទៀតផង តែត្រូវបានសមត្ថកិច្ចចុះជួយអន្តរាគមន៍ទាន់ពេលវេលា។

ករណីកូនប្រុសស្រវឹងប៉ងដុតផ្ទះសម្លាប់ឪពុកម្តាយចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។

ជនបង្កហេតុជាកូនប្រុសដែលផឹកស្រាស្រវឹង ប៉ុនប៉ងសម្លាប់ និងដុតផ្ទះឪពុកចោលនេះ មានឈ្មោះវ៉េង វី អាយុ៣២ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះអ៊ឹម វ៉េង អាយុ៨២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលឪពុកម្តាយកំពុងសម្រាកនៅលើផ្ទះ ស្រាប់តែជនសង្ស័យជាកូនប្រុសបានដើរមកពីផ្ទះរបស់ខ្លួន ទាំងស្ថានភាពស្រវឹងជោក រួចក៏បានស្រែកជេរប្រមាថឪពុកម្តាយបង្កើតរបស់ខ្លួន យ៉ាងចាស់ដៃ ដោយចោទថា ឪពុកម្តាយបានបែងចែកទ្រព្យសម្បត្តិឱ្យរូបគេ មិនស្មើនឹងកូនផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ជនសង្ស័យថែមទាំងបានស្រែកគំរាមដុតសម្លាប់ឪពុកម្តាយទាំងពីរនាក់ចោលទៀតផង ទើបធ្វើឱ្យជនរងគ្រោះជាឪពុកម្តាយភ័យ ក៏បានបិទទ្វារផ្ទះ និងស្រែកហៅអ្នកជិតខាង បងប្អូនឱ្យជួយ។

ប្រភពដដែលបន្តថា ដោយសារតែមិនអាចធ្វើអ្វីលើឪពុកម្តាយបាន ទើបជនសង្ស័យបានយកដែកទីបបួនជ្រុង និងដំបងឫស្សី ទៅវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះឪពុកម្តាយចោលអស់ បណ្តាលឱ្យបែកកញ្ចក់ទ្វារផ្ទះ និងកញ្ចក់បង្អួចអស់ចំនួន៣ផ្ទាំង បែកកញ្ចក់ទូរទស្សន៍២១អ៊ិញ ១គ្រឿង បាក់កង្ហាពិតាន ១គ្រឿង។ បន្ទាប់មក ដោយមិនទាន់រលត់កំហឹងអស់ ជនសង្ស័យជាកូនរមិលគុណ ក៏ប្រមូលសម្លៀកបំពាក់ខោអាវរបស់ឪពុកម្តាយ គរមុខទ្វារផ្ទះ បម្រុងដុតផ្ទះឪពុកម្តាយចោលទៀត តែភ្លាមនោះ កម្លាំងនគរបាលប៉ុស្តិ៍ឈើទាល បានចុះជួយអន្តរាគមន៍ទាន់ពេល និងបានចាប់ខ្លួនជនសង្ស័យនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាកូនប្រុសចិត្តកំណាច បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើប្រាកដមែន ដើម្បីគំរាមកំហែងចាប់បង្ខំឱ្យឪពុកម្តាយបែងចែកទ្រព្យសម្បត្តិមកឱ្យរូបគេ ព្រោះឪពុកម្តាយលំអៀងចែកទ្រព្យឱ្យគេ មិនស្មើនឹងកូនផ្សេងៗទៀតទេ។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កន្លងមកជនសង្ស័យធ្លាប់បានធ្វើសកម្មភាពអុកឡុកបង្ករឿងហេតុ ជេរប្រមាថ គំរាមកំហែងទៅលើឪពុកម្តាយបង្កើតរបស់ខ្លួន ជាច្រើនលើកច្រើនសាមកហើយ តែជនរងគ្រោះជាឪពុកម្តាយ មិនដាច់ចិត្តប្តឹងនោះទេ ព្រោះយល់ថាជាកូន។

ករណីខាងលើនេះ ប៉ុស្តិ៍នគរបាលឈើទាល បានបញ្ជូនខ្លួនជនសង្ស័យ រួមទាំងវត្តុតាងទៅកាន់ផ្នែកជំនាញ ដើម្បីបន្តរតាមនីតិវិធី៕

RELATED ARTICLES