Friday, March 29, 2024
Homeព័ត៌មានជាតិប្រពន្ធឈឺពោះឆ្លងទន្លេ ប្តីដើររកឆ្មប មកដល់ផ្ទះវិញ ទាំងម្តាយទាំងកូនក្នុងពោះត្រូវ...

ប្រពន្ធឈឺពោះឆ្លងទន្លេ ប្តីដើររកឆ្មប មកដល់ផ្ទះវិញ ទាំងម្តាយទាំងកូនក្នុងពោះត្រូវ…

ខេត្តរតនគីរី ៖ ស្ត្រីជនជាតិភាគតិចមានផ្ទៃពោះគ្រប់ខែម្នាក់ ឈឺពោះសម្រាលកូនទាំងកណ្តាលយប់ មិនមានលទ្ធភាពទៅមន្ទីរពេទ្យ ក៏សម្រេចសម្រាលកូនក្នុងកូនខ្ទមស្រែរបស់ខ្លួន ដោយបុរសជាប្តីប្រញាប់រត់ទៅតាមឆ្មបនៅក្នុងភូមិឱ្យមកជួយសម្រាល ស្រាប់តែអកុសល ពេលត្រឡប់មកវិញ ក៏ប្រទះឃើញប្រពន្ធដេកស្លាប់ទាំងកូននៅក្នុងផ្ទៃទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង ៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចខ្ទមស្រែរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់។

ស្ត្រីរងគ្រោះដែលសម្រាលកូនមិនរួច ស្លាប់ទាំងម្តាយនិងកូនក្នុងផ្ទៃ មានឈ្មោះបៀល កាទិន អាយុ២០ឆ្នាំ ជនជាតិទំពួន រស់នៅភូមិកើតហេតុខាងលើ។

តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្រពន្ធរបស់គាត់ ទើបនឹងមានផ្ទៃពោះកូនដំបូង ហើយដោយសារតែជីវភាពពួកគាត់ក្រីក្រខ្លាំងពេក ទើបមិនមានលទ្ធភាពទៅមន្ទីរពេទ្យ តាមដានសុខភាពឱ្យបានទៀងទាត់នោះទេ ហើយក៏មិនដឹងថ្ងៃគ្រប់ខែច្បាស់លាស់ដែរ។ លុះមកដល់វេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ប្រពន្ធរបស់គាត់ក៏ស្រាប់តែឈឺពោះសម្រាល ប៉ុន្តែដោយសារគ្រួសារគាត់ទីទ័លក្រ គ្មានលុយកាក់ គ្មានមធ្យោបាយដឹកបញ្ជូនប្រពន្ធទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ទើបសម្រេចចិត្តសម្រាលនៅក្នុងកូនខ្ទមស្រែរបស់ខ្លួនតែម្តង។

បុរសជាប្តីស្ត្រីរងគ្រោះបន្តថា បន្ទាប់មក គាត់ក៏បានរត់ទៅតាមហៅឆ្មបប្រចាំភូមិ ដើម្បីឱ្យមកជួយសម្រាលកូនឱ្យប្រពន្ធរបស់គាត់ ស្រាប់តែអកុសល ពេលគាត់នាំឆ្មបត្រឡប់មកវិញ ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់ទាំងកូននៅក្នុងផ្ទៃបាត់ទៅហើយ ធ្វើឱ្យគាត់ជាប្តីតក់ស្លុត រន្ធត់ចិត្តយ៉ាងខ្លាំង។

សពស្ត្រីរងគ្រាះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណីជនជាតិភាគតិច៕

RELATED ARTICLES