Friday, March 29, 2024
Homeតារាខ្មែរសុគន្ធ និសា ប្រកាសរៀបការខែធ្នូ តែបុរសនោះមិនមែនឳពុកកុមារីណូ ឈួសុីវហេង

សុគន្ធ និសា ប្រកាសរៀបការខែធ្នូ តែបុរសនោះមិនមែនឳពុកកុមារីណូ ឈួសុីវហេង

ភ្នំពេញ ៖ តារាចម្រៀងសុគន្ធ និសា អតីតសង្សារកវីសុខ ជំនោរ បានប្រកាសថា នាងមានគូកំណាន់ចិត្តថ្មីពិតប្រាកដហើយ ដោយនាងនឹងចូលរោងការជាមួយគូស្នេហ៍ពិតប្រាកដរបស់នាង នៅខែធ្នូ ឆ្នាំ២០១៧ ខាងមុខនេះហើយ តែតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ បានបដិសេធថា អនាគតស្វាមីរបស់នាងមិនមែនជាលោកផ្កាយ៣ ដូចពាក្យចចាមអារ៉ាមលេចឮកន្លងមកនោះទេ ពោលគឺជាបុរសធម្មតាប៉ុណ្ណោះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ហង្សមាស កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ តារាចម្រៀងសុគន្ធ និសា បញ្ជាក់ថា នាងនឹងចូលរោងការជាមួយគូកំណាន់ចិត្តថ្មីរបស់នាងនៅខែធ្នូ ឆ្នាំ២០១៧ នេះហើយ តែបុរសជាអនាគតប្តីរបស់នាងនោះ ជាមនុស្សសាមញ្ញម្នាក់ប៉ុណ្ណោះ ពុំមែនជាលោកផ្កាយ៣ ឪពុករបស់កុមារី ណូ ឈួស៊ីវហេង កូនក្រុមរបស់នាងក្នុងកម្មវិធី “The voice kids cambodia” ដូចពាក្យលេចឮកន្លងមកនេះទេ។

សុគន្ធ និសា ពេលឡើងបកស្រាយរឿងគេសង្ស័យមានទំនាក់ទំនងលោកផ្កាយ៣ ឳពុកកុមារីណូ ឈួសុីវហេង

សុគន្ធ និសា ក៏បានធ្វើការបកស្រាយបំភ្លឺជុំវិញការធ្វើជាគ្រូបង្វឹក (Coach) នៅក្នុងកម្មវិធីប្រលងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia ថា ការជ្រើសរើសកូនក្រុមនីមួយៗរបស់នាង ចាប់តាំងពីវគ្គមួយ ឆ្លងទៅកាន់វគ្គមួយ ក្នុងកម្មវិធី The Voice Kids Cambodia ធ្វើឡើង គឺមិនមែនតាមមនោសញ្ចោតនានោះទេ តែជ្រើសតាមសមត្ថភាពរបស់កុមារម្នាក់ៗយ៉ាងពិតប្រាកដ ព្រោះតាមគោលការណ៍នៃការងារ គឺមិនអាចយកមនោសញ្ចោតនាមកប្រើប្រាស់បានឡើយ។

ជុំវិញការរិះគន់របស់មហាជន ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ចំពោះការជ្រើសរើសយកកុមារីស៊ីវហេង ឱ្យបន្តចូលវគ្គផ្តាច់ព្រ័ត្រ ដោយមិនជ្រើសយកកុមារីអ៊ុក សុវណ្ណារី ដែលទស្សនិកជនមួយចំនួនថា មានសំឡេងល្អជាងនោះ សុគន្ធ និសា បានបញ្ជាក់ថា ជាធម្មតាមហាជនម្នាក់ៗស្តាប់សំឡេង បេក្ខភាពម្នាក់ៗតែងមានអារម្មណ៍ផ្សេងៗគ្នា មានន័យថា ចំណូលចិត្តរបស់មនុស្សម្នាក់ៗ គឺផ្សេងគ្នា។ ប៉ុន្តែចំពោះការជ្រើសរើសរបស់នាង គឺធ្វើឡើងដោយភាពប្រាកដប្រជា ព្រោះនៅមុនពេលដែលនាងជ្រើសរើសអ្នកណាម្នាក់  នាងបានដឹងនិងថ្លឹងថ្លែងពីសមត្ថភាពរបស់ពួកគាត់អស់ទៅហើយ ដោយសារនាងធ្លាប់បានបង្ហាត់ដោយផ្ទាល់ ហេតុនេះនាងដឹងច្បាស់ថា ក្មេងម្នាក់ណាអាចមានភាពវៃឆ្លាត មានសមត្ថភាពអាចឈានទៅវគ្គបន្តទៅទៀតបាន។ យ៉ាងណា ចំពោះពាក្យពេចន៍រិះគន់របស់មហាជន ទោះជាល្អក្តី មិនល្អក្តី គឺនាងទទួលយកទាំងអស់ ព្រោះនាងយល់ថា ទាំងនោះគឺជាអារម្មណ៍ពិតរបស់មហាជន ប៉ុន្តែនាងគ្រាន់តែចង់សំណូមពរថា គួររិះគន់មកលើនាងបាន ហើយកុំវាយប្រហារទៅលើក្មេងៗ ព្រោះពួកគេមិនដឹងអ្វីនោះទេ។

ដោយឡែក ទាក់ទងទៅនឹងការលេចឮសង្ស័យថា សុគន្ធ និសា គឺជាគូដណ្តឹងរបស់លោកផ្កាយ៣នោះ កញ្ញាសុគន្ធ និសា បានបកស្រាយថា “នាងខ្ញុំចង់ដឹងថា បងប្អូនទស្សនិកជនពិតជាចង់ដឹងពាក្យសម្តីពិតប្រាកដរបស់នាងខ្ញុំ សូមជម្រាបជូនទៅដល់បងប្អូនទាំងអស់ថា ព័ត៌មាននោះ គឺអត់ពិតទេ។ នាងខ្ញុំអរគុណដល់បងៗអ្នកសារព័ត៌មានមួយចំនួនដែលបានសរសេរល្អៗពីនាងខ្ញុំ សរសេរព័ត៌មានដែលពិតប្រាកដ ប៉ុន្តែចំពោះព័ត៌មាននេះ គឺនាងខ្ញុំសូមអះអាងថា មិនមែនជារឿងពិតទេ នាងខ្ញុំមានគូកំណាន់របស់នាងខ្ញុំផ្សេងហើយ ហើយគាត់គឺជាអ្នកធម្មតាប៉ុណ្ណោះ ហើយមិនមែនជាមានទំនាក់ទំនងអីជាមួយនឹងប៉ារបស់ស៊ីវហេង ទេ អត់មាន អត់មានពិតប្រាកដតែម្តង ចំណែករឿងគូជីវិតនោះ គឺជិតដល់ពេលហើយ…”។

សុគន្ធ និសា បានបន្តថា កន្លងមក តាំងពីនាងចូលសិល្បៈមក តែងមានព័ត៌មានល្បីថា នាងមានស្នេហាជាមួយអ្នកនេះ ជាមួយអ្នកនោះ ជាផ្កាយ៣ ឬក៏គយជាដើម តែពេលនេះ នាងសុំបកស្រាយថា ព័ត៌មានទាំងអស់ នាងមិនទទួលយកទេ និងសូមអរគុណដល់អ្នកសារព័ត៌មានដែលបានចុះផ្សាយកន្លងមក ហើយនាងក៏មិនបានខឹង ឬទោមនស្សអ្វីដែរ ចំពោះរឿងទាំងអស់នោះ។

សុគន្ធ និសា បានសារភាពថា “នាងខ្ញុំរស់នៅដោយជីវភាពធម្មតា ដៃគូរបស់នាងខ្ញុំ ក៏គាត់ជីវភាពធម្មតា មិនមែនជាអ្នករាជការ ឬមានមុខមានមាត់អីទេ គ្រាន់តែជាអ្នកដែលចង់បានជីវិតមួយដែលធម្មតាដូចទស្សនិកជនប៉ុណ្ណឹងឯង… គឺនាងខ្ញុំនឹងចូលរោងការនៅចុងឆ្នាំហ្នឹង គឺខែ១២ (ធ្នូ) ហើយមង្គលការរបស់នាងខ្ញុំ ក៏មិនមែនជាការលុបលាងនូវពាក្យចចាមអារ៉ាមដែលតែងកើតមានចំពោះនាងខ្ញុំ  កាលពីពេលកន្លងមកនោះទេ ពិសេសព័ត៌មានដែលថា នាងខ្ញុំមានទំនាក់ទំនងជាមួយនឹងប៉ារបស់ស៊ីវហេង នោះទេ ព្រោះអីគម្រោងមង្គលការមួយនេះ នាងខ្ញុំរៀបចំទុកមកជាយូរហើយ…”៕

RELATED ARTICLES