Friday, April 19, 2024
Homeតារាខ្មែរខ្លោចចិត្ត ! ពេលដឹងថា សាន ស្រីឡៃ ធ្លាប់លុតជង្គង់សុំអង្វរប្ដីលែងលះ តែប្ដីចិត្តអប្រិយ...

ខ្លោចចិត្ត ! ពេលដឹងថា សាន ស្រីឡៃ ធ្លាប់លុតជង្គង់សុំអង្វរប្ដីលែងលះ តែប្ដីចិត្តអប្រិយ…

តាមដំណឹងថា បន្ទាប់ពីទ្រាំទ្រនិងអំពើហឹង្សារបស់ប្ដីបាន តារាចម្រៀងសាន ស្រីឡៃ ធ្លាប់លុតជង្គង់សុំអង្វរប្ដីលែងលះព្រោះនាងគិតថា មិនអាចបន្តជីវិតរួមគ្នាទៀតបានទេ។ប៉ុន្តែត្រូវប្ដីចិត្តអប្រិយរបស់នាងមិនព្រមហើយអះអាងថា បើចង់លែងលះទាល់តែស្លាប់ទាំង២។

តាមព័ត៌មានថា ចាប់តាំងពីភពប្រសព្វស្នេហ៍ជាមួយលោកជ័យ រិន ហៅម៉ៅ ជំនួយការគយនៅខេត្តកំពង់ចាម មានស្រុកកំណើតនៅខេត្តព្រៃវែង សាន ស្រីឡៃ ធ្លាប់រងនូវអំពើហិង្សាជាបន្តបន្ទាប់ ខណៈប្ដីរបស់នាងជាអ្នកងប់នឹងល្បែងផងនោះ។ ពោលគឺជីវិតស្នេហារបស់នាងចាប់ផ្ដើមរង្គោះរង្គើ ចាប់តាំងពីនាងមានកូនប្រុសម្នាក់ម្លេះប៉ុន្តែនាងមិនអាចកាត់ផ្ដាច់ចំណងស្នេហ៍នេះបានរហូតទទួលបានចំណងដៃកូនប្រុស២នាក់ ដែលបច្ចុប្បន្នកូនប្រុសច្បងអាយុ៨ឆ្នាំ និងកូនទី២អាយុ៤ឆ្នាំ។

អ្វីដែលគួរឲ្យសង្វែកចិត្តទៀតនោះតាមការអះអាងពីម្ដាយរបស់នាងថា ស្រីឡៃ ធ្លាប់លុតជង្គង់សុំអង្វរប្ដីលែងលះព្រោះនាងមិនអាចទ្រាំទ្រនឹងជីវិតគ្រួសារបែបនេះបានទេ គឺក្រៅពីមិនជួយរ៉ាប់រងគ្រួសារហើយនោះ ប្ដីរបស់នាងតែងតែប្រចណ្ឌហួងហែងនាងជាខ្លាំង ថែមទាំងប្រើអំពើហិង្សាលើនាងជាញឹកញាប់ទៀតផង។

មានការអះអាងថា ស្រីឡៃ បានជួបស្នេហ៍ជាមួយលោកជ័យ រិន នៅប៉ោយប៉ែត ខណៈលោករិន ទៅធ្វើគយនៅទីនោះហើយក៏ពុំបានរៀបការតាមគន្លងប្រពៃណីដែរ។ ពេលសាងស្នេហ៍ដំបូងស្រីឡៃ ពុំបានដឹងថា ប្ដីរបស់នាងមានប្រពន្ធកូននោះទេ គឺបានដឹងក្រោយពេលអង្ករក្លាយទៅជាបាយទៅហើយ ខណៈលោកជ័យ រិន មានប្រពន្ធនិងកូន៤នាក់ប្រុស១ស្រី៣ នៅខេត្តព្រៃវែង ហើយប្រពន្ធក៏មិនទាន់លែងលះដាច់ស្រេចនៅឡើយ។

គួរបញ្ជាក់ថា តារាចម្រៀង សាន ស្រីឡៃ ដែលជាអតីតបេក្ខភាពប្រឡងចម្រៀងលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី២ ដែលសព្វថ្ងៃជាតារាចម្រៀងផលិតកម្ម We ដែលជាសាខារបស់ហង្សមាសនោះ ត្រូវបានបុរសជាប្ដី បាញ់ប្រហារចំនួន៣គ្រាប់ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម។ បន្ទាប់មក ខ្មាន់កាំភ្លើងរូបនោះ ក៏បាន បាញ់សម្លាប់ខ្លួនឯងចំសៀតផ្កា១គ្រាប់ បណ្តាលឱ្យដេកស្លាប់ទន្ទឹមគ្នាគួរឱ្យរន្ធត់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ 52E ផ្លូវលេខ៣៦០ កែងនឹងផ្លូវលេខ៥៧ ចំណុចមុខមន្ទីរសម្រាកព្យាបាល វ៉ាយតាឡុងហ្គា (Vita Longa Clinic)  មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ក្បែរស្ថានីយទូរទស្សន៍អប្សរា។

មជ្ឈដ្ឋានជាច្រើនជាពិសេសមិត្តភក្ដិក្នុងសិល្បៈបានសម្ដែងក្ដីរន្ធត់ និងសោកស្ដាយជាខ្លាំងចំពោះសាន ស្រីឡៃ ដែលមិនគួរណាត្រូវប្ដីចិត្តអប្រិយប្រើអំពើហិង្សា និងបាញ់សម្លាប់ទាំងវ័យក្មេងខ្ចីស្របពេលអាជីពសិល្បៈកំពុងទាញបានការគាំទ្រផងនោះ៕

RELATED ARTICLES