ប្រុស៣ ស្រលាញ់ស្រី១ ផ្ទុះជម្លោះវ៉ៃគ្នាកប់ភក់

ខេត្តកំពង់ចាម ៖ យុវជន៣នាក់ ជាមិត្តភក្តិជិតដិតនឹងគ្នា លុះក្រោយពីជួបជុំគ្នាផឹកស៊ីស្រវឹងធ្លាក់ភ្នែកក៏រៀបរាប់រឿងរ៉ាវក្នុងចិត្តប្រាប់គ្នា ទៅវិញទៅមក ដោយម្នាក់ៗសុទ្ធតែអះអាងថា យុវតីម្នាក់គឺជាសង្សាររបស់ខ្លួនដូចៗគ្នា (ជាន់លេខរៀងគ្នា) លុះកំពុងស្រវឹងស្រាស្ពឹកមុខផង ផ្ទុះកំហឹងថា មិត្តភក្តិលូកថ្លើមខ្លួនផង ក៏កើតមានជម្លោះវាយតប់គ្នាកប់ភក់ បង្កឱ្យ មានការភ្ញាក់ផ្អើលដល់អ្នកភូមិរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍នាំទៅដោះស្រាយនៅប៉ុស្តិ៍នគរបាល។

ហេតុការណ៍ក្មេងស្ទាវ៣នាក់ ស្រលាញ់ស្រីជាន់លេខរៀងគ្នាដល់បែករឿងផ្ទុះជម្លោះ វាយតប់គ្នាយ៉ាងក្រពុលមុខនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុំចវាលភក់ ក្នុងភូមិល្វាក្រោម ឃុំស្តៅ ស្រុកកងមាស។

ក្មេងស្ទាវទាំង៣នាក់ ដែលផ្ទុះជម្លោះវាយតប់គ្នារឿងស្រី និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនយកទៅសាកសួរ រួមមាន ទី១-ឈ្មោះផាត សុភ័ក្រ អាយុ២៣ឆ្នាំ ទី២-ឈ្មោះជ្រួន សុខហ៊ីម អាយុ២២ឆ្នាំ និងទី៣-ឈ្មោះជ្រួន សុខឃីម ហៅហ័ត អាយុ១៨ឆ្នាំ។ អ្នកទាំង៣ខាងលើ មានលំនៅក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ជាមួយគ្នា។

លោកជា ជួន អធិការនគរបាលស្រុកកងមាស បានបញ្ជាក់ប្រាប់ថា ករណីហិង្សាដោយចេតនាទៅវិញទៅមកខាងលើនេះ បង្កឡើងដោយក្រុមក្មេងទំនើងទាំង៣នាក់ បានផឹកស៊ីជាមួយគ្នា រហូតស្រវឹងធ្លាក់ភ្នែក ហើយក៏ទាស់សំដីគ្នា ព្រោះតែភាគីទាំង៣ ស្រទ្បាញ់ស្រីតែម្នាក់ជាន់លេខរៀងគ្នា ទើបឈានដល់ការប្រើហិង្សា វាយតបគ្នាទៅវិញទៅមក បណ្តាលឱ្យកប់ភក់រងរបួសទាំងអស់គ្នា និងធ្វើឱ្យមានការភ្ញាក់ផ្អើលពេញភូមិតែម្តង។

លោកអធិការបន្តថា ក្រោយកើតហេតុ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានព្យាយាមចូលជួយឃាត់បំបែកក្រុមក្មេងស្ទាវទាំង៣នាក់នេះដែរ តែពួកគេមិនព្រមស្តាប់ ទើបប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះឃាត់ខ្លួនទាំង៣នាក់ នាំយមកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាលស្តៅ តែម្តង។

នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះ សុភ័ក្រ បានឱ្យដឹងថា ខ្លួនបានស្រទ្បាញ់ស្រីម្នាក់ ឈ្មោះធ.រ អាយុ១៩ឆ្នាំ មានលំនៅក្នុងភូមិស្តៅ ឃុំស្តៅ ស្រុកកងមាស ហើយនាងនោះ គឺជាស្រី ស្នេហ៍របស់ខ្លួនយូរហើយ តែពួកវានេះ (ឈ្មោះ សុខហ៊ីម និងឈ្មោះសុខឃីម) តាមញ៉ែដែរ ទើប មានជម្លោះបែបនេះ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលកម្លាំង ប៉ុស្តិ៍ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ក្មេង ស្ទាវទាំង៣នាក់ខាងលើនេះ ដែលម្នាក់ៗសុទ្ធតែស្រវឹងជោក បានប្រើចរិតសកម្មភាព និងសម្តីប្រមាថមកលើសមត្ថកិច្ចទៀតផង ទើបសមត្ថកិច្ចបាននាំខ្លួនពួកគេទាំង៣មកស្នាក់ការ ប៉ុស្តិ៍ ធ្វើការសាកសួរ និងធ្វើកំណត់ហេតុតាមនីតិវិធី។

ជុំវិញករណីប្រុសស្ទាវ៣នាក់ ស្រលាញ់ ស្រីជាន់លេខរៀងគ្នារហូតផ្ទុះជម្លោះវ៉ៃគ្នាកប់ភក់នេះ ត្រូវបានលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានអនុញ្ញាតឱ្យឪពុកម្តាយរបស់អ្នកទាំង៣ មកធ្វើលិខិតធានាកូនប្រុសរបស់ខ្លួន ត្រឡប់ទៅវិញរៀងៗខ្លួនដោយមិនកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តនោះទេ៕