Thursday, July 3, 2025
Homeព័ត៌មានជាតិខ្មែរសាមគ្គី ខ្មែរខ្លាំង រ៉ុង ឈុន ថាកាលៈទេសៈនេះ ខ្មែរគួរបង្ហាញសាមគ្គី ផ្សះផ្សាជាតិ

ខ្មែរសាមគ្គី ខ្មែរខ្លាំង រ៉ុង ឈុន ថាកាលៈទេសៈនេះ ខ្មែរគួរបង្ហាញសាមគ្គី ផ្សះផ្សាជាតិ

ភ្នំពេញ ៖ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោករ៉ុង ឈុន បានលើកឡើងថា ក្នុងកាលៈទេសៈនេះ រដ្ឋាភិបាល គួរតែដោះលែងអ្នកនយោបាយ សកម្មជននយោបាយ សិទ្ធិមនុស្ស មេសមាគម និងក្រុមយុវជនមាតាធម្មជាតិ កំពុងជាប់ឃុំ ឲ្យមានសេរីភាព ដើម្បីបង្ហាញពីខ្មែរ មានសាមគ្គី និងការផ្សះផ្សាជាតិ ដោយប្រកាន់ខ្ជាប់នូវពាក្យថា «ខ្មែរសាមគ្គី ខ្មែរខ្លាំង» ។

ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ លោករ៉ុង ឈុន បានបញ្ជាក់ថា ការដែលលោកលើកឡើងថា កាលៈទេសៈនេះ ខ្មែរ គួរបង្ហាញសាមគ្គី ផ្សះផ្សាជាតិ និងថាខ្មែរសាមគ្គី ខ្មែរខ្លាំង គ្រាន់តែចង់ឆ្លើយតបទៅសម្ដេចហ៊ុន សែន ប្រមុខបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលបានបញ្ជាក់ជំហរនៅក្នុងក្នុងមីទ្ទិញរំលឹកខួបទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះថា សាមគ្គីភាពជាតិ ជាអាយុជីវិតរបស់ជាតិ មានសាមគ្គីភាព ទើបជាតិរស់ បើបែកបាក់សាមគ្គីភាព ជាតិនឹងត្រូវស្លាប់។ គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តវប្បធម៌សន្ទនា ប្រកបដោយភាពប្រាកដជាក់ស្តែង ជាមួយបណ្តាគណបក្សនយោបាយនានា និងមជ្ឈដ្ឋានផ្សេងៗក្នុងសង្គម ដើម្បីបង្កើតភាពសុខដុមកម្ពុជា ការពង្រឹងឯកភាពជាតិ និងការថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ ។

លោករ៉ុង ឈុន បានមានប្រសាសន៍ថា “ទី១ យើងគាំទ្រនូវការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ក៏ដូចជាលោកប្រធានគណបក្សកាន់អំណាច ដែលចង់ឃើញខ្មែរ មានសាមគ្គីភាព មានការផ្សះផ្សា ឯកភាពជាតិ ហើយយើងសាទរទៅនឹងអ្វីដែលនាយករដ្ឋមន្រ្តី ក៏ដូចជាប្រធានគណបក្សកាន់អំណាច បានលើកឡើង ហើយយើងក៏មើលឃើញថា អ្វីៗមានតែខ្មែរសាមគ្គីភាព ឯកភាពគ្នា ហើយផ្សះផ្សាជាតិ ពេលហ្នឹងខ្មែរយើងនឹងខ្លាំង ហើយប្រទេសជិតខាង ក៏មិនហ៊ានមើលស្រាលមកលើខ្មែរយើងដែរ ពេលដែលយើងរួបរួមផ្ទៃក្នុងយើងរឹងមាំ ។ ប៉ុន្តែទន្ទឹមនឹងហ្នឹង ក៏ត្រូវថ្នាក់ដឹកនាំទាំងអស់ ត្រូវតែដោះលែង លើកលែងទោស ក៏ដូចជាការដោះលែងអ្នកដែលកំពុងតែជាប់ឃុំ អ្នកនយោបាយ សកម្មជននយោបាយ សកម្មជនសង្គម ក៏ដូចជាមេសមាគម សហជីព ហើយនិងក្រុមយុវជនបរិស្ថាន ក៏ដូចជាក្រុមយុវជន ២៣តុលា បង្ហាញអំពីការផ្សះផ្សាជាតិ ហើយបើគ្រាន់តែលើកឡើង ហើយនៅតែធ្វើទុក្ខបុកម្នេញទៅលើមតិផ្ទុយ ពេលហ្នឹងវានៅតែមិនមានប្រសិទ្ធភាពអ្វីទាំងអស់ ហើយយើងដឹងហើយ ប្រទេសជិតខាង គេមានមហិច្ឆតា ចិញ្ចឹមចិត្ត វាមិនមែនតែពេលនេះទេ គឺរាប់ទសវត្សរ៍ សតវត្សរ៍មកហើយ ដែលគេមានមហិច្ឆតា ទោះបីគេយកទឹកដីយើងតាមបណ្ដាខេត្ត ដូចជានៅខាងខ្មែរក្រោម ក៏អស់ច្រើនខេត្ត ទៅខាងសៀម ក៏អស់ច្រើនខេត្ត ហើយទៅខាងឡាវ ក៏យើងបាត់ខេត្តមួយចំនួន ។ ប៉ុន្តែគេនៅតែចិញ្ចឹមចិត្ត នៅតែមានមហិច្ឆតា ដូចលោកប្រធានព្រឹទ្ធសភា លើកឡើងកាលពីម្សិលមិញ (៣០ មិថុនា) អ៊ីចឹង គេអត់បោះបង់មហិច្ឆតារបស់គេហ្នឹងទេ“ ។

លោករ៉ុង ឈុន បានមានប្រសាសន៍បន្តថា “ អ៊ីចឹងដើម្បីយើងការពារនូវអធិបតេយ្យ បូរណភាពទឹកដីរបស់យើងបាន ទាល់តែខ្មែរ មានការសាមគ្គី វារឹងមាំផ្ទៃក្នុងរបស់យើង ។ អ៊ីចឹងដើម្បីសាមគ្គីភាពបានរឹងមាំក្នុងការការពារជាតិ យើងត្រូវលើកលែងទោសទៅ ដូចជាអ្នកនៅក្រៅស្រុក អ្នកនៅក្នុងស្រុក ដែលកំពុងតែជាប់ពន្ធនាគារ ត្រូវដោះលែងទាំងអស់ទៅ ហើយយើងអនុវត្តទៅតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជានៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ដោយមានការរៀបចំការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ ពេលហ្នឹងជឿថា កម្ពុជាយើង នឹងមានលក្ខណៈល្អប្រសើរ ។ ទាក់ទងរឿងហ្នឹងដែរ យើងមើលឃើញថា កម្ពុជាយើង ដែលមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ជាខែលក្នុងការការពារបូរណភាពទឹកដីកម្ពុជាយើង ។ ដូច្នេះរដ្ឋាភិបាល ត្រូវតែយកស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស ជាគោល ហើយនិងប្រើប្រាស់យន្តការផ្លូវច្បាប់អន្តរជាតិ ពីព្រោះនៅក្នុងស្មារតីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស បានចែងហើយ ដូចជាមាត្រា៥ ប្រទេសដែលជាម្ចាស់ហត្ថលេខីហ្នឹងមិនអាចរំលោភបំពានមកលើអធិបតេយ្យ បូរណភាពទឹកដីនៅកម្ពុជាយើងបានទេ ហើយមានប្រទេស១៨ ដែលបានចុះហត្ថលេខាទទួលស្គាល់នូវសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ២៣ តុលា ស្ដីពីបញ្ហាកម្ពុជា ហ្នឹងហើយប្រទេសជិតខាងទាំងអស់ហ្នឹង សុទ្ធតែជាម្ចាស់ហត្ថលេខីទទួលស្គាល់នូវអ្វីដែលមិនអាចរំលោភបំពានមកលើអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ហ្នឹងជាខែលមួយក្នុងការការពារនូវអធិបតេយ្យ បូរណភាពទឹកដីនៅកម្ពុជាយើងហ្នឹង“ ។

លោករ៉ុង ឈុន បានមានប្រសាសន៍បន្តទៀតថា “ដូចខ្ញុំបានលើកឡើងខាងដើមអ៊ីចឹង នៅក្នុងកាលៈទេសៈនេះ ហើយវាស្របទៅនឹងនាយករដ្ឋមន្រ្តី ក៏ចង់បានអ៊ីចឹង ប្រធានគណបក្សកាន់អំណាច ក៏ចង់បានអ៊ីចឹង ហើយអ្នកដែលមានមតិផ្ទុយ ក៏ចង់បានដូចគ្នា ការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ។ អ៊ីចឹងនៅពេលដែលយើងនិយាយអំពីការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ លុះត្រាតែមានដំណោះស្រាយនយោបាយ ត្រូវដោះលែងអ្នកដែលកំពុងតែជាប់ឃុំ ហើយនិងអ្នកដែលភៀសខ្លួនទៅខាងក្រៅ ត្រូវលើកលែងទោស ហើយនិងត្រូវដោះលែងពួកគាត់ បង្ហាញអំពីអ្វីដែលយើងចង់បានទាំងអស់គ្នាហ្នឹង ហើយគណបក្សកម្លាំងជាតិ ក៏សាទរដែរ នៅពេលដែលលោកប្រធានគណបក្សប្រជាជនកម្ពុជា បានបើកនូវវប្បធម៌សន្ទនាឡើងវិញ ហើយយើងដឹងហើយថា អ្វីៗរកដំណោះស្រាយ អ្វីៗវាត្រូវតែជួបជជែក ដាក់រឿងនៅលើតុ ហើយនិងជួបជជែកចរចាគ្នា សន្ទនាគ្នា រកដំណោះស្រាយដើម្បីជាតិរួម ព្រោះជាតិវាជាជាតិរួម អាការប្រកួតប្រជែងនយោបាយ វាជារឿងមួយដោយឡែកក្នុងការការពារជាតិ អាហ្នឹងវាជារឿងរួម ប៉ុន្តែការប្រកួតប្រជែងនយោបាយហ្នឹង ក៏ត្រូវឈរទៅលើភាពស្មោះត្រង់ ត្រូវគោរពទៅតាមស្មារតីនៃច្បាប់ ដែលបានកំណត់ដែរ ចៀសវាងការផាត់ចេញនូវអ្នកដែលមានសំឡេងផ្ទុយ ។ ទោះបីជាយើងបំបាត់សំឡេងផ្ទុយ ឬសំឡេងប្រឆាំងយ៉ាងណាក៏ដោយ មិនអាចលុបបំបាត់បានទេ ព្រោះមនុស្សយើងមានទស្សនៈ ។ អ៊ីចឹងហើយបានគេឲ្យមានការប្រកួតប្រជែងតាមការបោះឆ្នោតមួយ សេរីត្រឹមត្រូវហ្នឹង ។ ជារួម ជាសំណូមពរ ទី១ យើងត្រូវតម្កល់ផលប្រយោជន៍ជាតិ ខ្ពស់ជាងផលប្រយោជន៍នយោបាយ ផលប្រយោជន៍បុគ្គល ដែលជាផលប្រយោជន៍រួម ។ ទី២ អ្វីដែលជាទស្សនៈស្របគ្នា យើងចង់ឃើញខ្មែរសាមគ្គី ផ្សះផ្សា ភ្ជាប់ទៅនឹងការដែលខ្ញុំចង់ឃើញមានការដោះលែងពួកអ្នកនយោបាយ ក៏ដូចជាសកម្មជននយោបាយ សង្គម ក្រុមយុវជនបរិស្ថាន យុវជន២៣តុលាក្ដី មានការទទួលបានសេរីភាព បង្ហាញឲ្យឃើញថា ខ្មែរយើងពិតជាមានការសាមគ្គី មានការឯកភាពជាតិពិតប្រាកដមែន ។ ប្រសិនបើយើងគ្រាន់តែនិយាយ ហើយយើងមិនបានអនុវត្ត អាហ្នឹងវាស្មើនឹងអត់ដដែលទេ“ ។

គួរបញ្ជាក់ថា នៅក្នុងសុន្ទរកថា ថ្លែងក្នុងមីទ្ទិញរំលឹកខួបទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) សម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ក្នុងជំហរស្មោះត្រង់ឥតងាករេចំពោះគោលបំណងនិងឧត្តមគតិរបស់ខ្លួន ក្នុងនាមគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា សូមធ្វើការបញ្ជាក់នូវចំណុចមួយចំនួនទៀតដូចខាងក្រោម ៖

១- គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណងកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន, មានលទ្ធិប្រជាធិបតេយ្យចាក់ឫសជ្រៅក្នុងសង្គមជាតិ, មានការធានាចំពោះសមភាព សមធម៌ និងយុត្តិធម៌សង្គម, ប្រជាជនមានចំណេះដឹង និងការងារធ្វើកាន់តែប្រសើរ មានសុខភាពមាំមួន វប្បធម៌ថ្លៃថ្លា មានសាមគ្គីភាព និងជីវភាពរស់នៅសមរម្យ ដោយចាកផុតពីភាពក្រីក្រ ពីគ្រោះអវិជ្ជា និងពីអំពើហិង្សាគ្រប់ទម្រង់។

២. ការដឹកនាំត្រឹមត្រូវខាងនយោបាយ ជាកត្តាចម្បងនៃជ័យជម្នះ អាស្រ័យហេតុនេះ គណបក្ស ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួន លើគ្រប់ផ្នែក ឱ្យបានជាប្រចាំ ទាំងការយល់ដឹង និងការប្រតិបត្តិឱ្យឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ជាតិ ជាពិសេសសភាពការណ៍សេដ្ឋកិច្ច សង្គម និងសភាព ការណ៍អន្តរជាតិ ដែលមានការវិវត្តឥតឈប់ឈរ ដោយប្រកាន់ខ្ជាប់មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ និងការពង្រឹងពង្រីកទំនាក់ទំនងក្រៅប្រទេស ដើម្បីធានានូវការដាក់ចេញកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានា លើរាល់បញ្ហាបានត្រឹមត្រូវ ។

៣- ប្រជាជន ជាកត្តាសម្រេចនៃជ័យជម្នះ ទាំងក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាងនិងការពារមាតុភូមិ។ ប្រជាជន ជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់ដល់ការដឹកនាំនយោបាយក្នុងសង្គមជាតិ។ ប្រវត្តិសាស្ត្រជាក់ស្តែងរបស់កម្ពុជា ជាង ៤ទសវត្សមកនេះ បានបញ្ជាក់ច្បាស់នូវប្រការខាងលើនេះថា បើប្រជាជនយល់ ប្រជាជនជឿ ប្រជាជនគាំទ្រ និងចូលរួម ទើបគណបក្ស អាចសម្រេចនូវបុព្វហេតុរបស់ខ្លួនបាន។ អាស្រ័យហេតុនេះ រាល់អង្គការចាត់តាំងគណបក្ស នៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវស្មោះត្រង់នឹងប្រជាជន យកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន ផ្អែកលើប្រជាជន និងរៀនសូត្រពីប្រជាជន។

៤- គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្សគ្រប់រូប ត្រូវភ្ជាប់ឱ្យជាប់នូវមូលហេតុទាំង ៦យ៉ាង នៃជោគជ័យរបស់គណបក្ស ដើម្បីតម្រែតម្រង់ទិសសកម្មភាពឱ្យបានត្រឹមត្រូវ ក្នុងការបន្តកសាងពង្រឹងគណបក្ស ការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ស្របតាមតួនាទីនិងភារកិច្ចរបស់ខ្លួន។ ការមិនយកចិត្តទុកដាក់ចំពោះមូលហេតុទាំងអស់នេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការអនុវត្តកម្មវិធីនយោបាយ និងជំនឿរបស់ប្រជាជន ចំពោះការដឹកនាំរបស់គណបក្ស ដែលចាំបាច់ត្រូវតែជម្នះ និងដោះស្រាយឱ្យបានឆាប់ នៅទីកន្លែងណាដែលមានភាពអសកម្មនេះ។

៥- អំពើល្អរបស់មន្ត្រីគណបក្ស នៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាយុទ្ធសាស្រ្តឈ្នះ របស់គណបក្ស នៅគ្រប់កាលៈទេសៈ។ ប្រជាជនយល់ដឹងពីគណបក្ស ជឿលើគណបក្ស ហើយចូលរួមសកម្មអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គឺតាមរយៈជួរមន្ត្រីនេះឯង។ ហេតុនេះ មន្ត្រីតគណបក្ស ត្រូវតែរឹងមាំ និងស្អាតស្នំ ប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌។ ការជាក់ស្តែងបានបង្ហាញថា ប្រជាជន ត្រូវការតួនាទីដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែប្រជាជន មិនសប្បាយចិត្តឡើយ ចំពោះទង្វើខុសឆ្គងរបស់មន្ត្រីមួយចំនួន។ អាស្រ័យហេតុនេះ មន្ត្រីគ្រប់រូប ត្រូវធ្វើតែអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយប្រជាជនឡើយ។

៦- សាមគ្គីភាពជាតិ ជាអាយុជីវិតរបស់ជាតិ មានសាមគ្គីភាព ទើបជាតិរស់ បើបែកបាក់សាមគ្គីភាព ជាតិនឹងត្រូវស្លាប់។ ប្រវត្តិសាស្ត្រ បានបង្ហាញច្បាស់គ្រប់គ្រាន់ហើយនូវហេតុផលនេះ។ គណបក្សប្រជាជនកម្ពុជា ដែលបានជ្រោងទង់មហាសាមគ្គីជាតិ នៅគ្រប់ដំណាក់កាល នឹងបន្តអនុវត្តកាតព្វកិច្ចនេះ ប្រកបដោយជំហរទទួលខុសត្រូវខ្ពស់បំផុតចំពោះជោគវាសនាជាតិ ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តវប្បធម៌សន្ទនា ប្រកបដោយភាពប្រាកដជាក់ស្តែង ជាមួយបណ្តាគណបក្សនយោបាយនានា និងមជ្ឈដ្ឋានផ្សេងៗក្នុងសង្គម ដើម្បីបង្កើតភាពសុខដុម ការពង្រឹងឯកភាពជាតិ និងការថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យ ដែលគោរពដល់ភាពចម្រុះនៃទស្សនៈនិងមតិ បានផ្តល់មធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហាសង្គម និងនយោបាយ ដោយឈរលើមូលដ្ឋាននីតិរដ្ឋ និងការផ្សះផ្សាជាតិ។ ក្នុងទិសដៅនេះ គណបក្សប្រជាជនកម្ពុជា បានធ្វើសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ចំនួន២៨ ដោយគោរពឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ស្មើភាពនិងស្មើសិទ្ធិ ដើម្បីប្រមូលកម្លាំងស្នេហាជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែង។

៧- សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធផលដ៏វិសេសវិសាលដែលយើងសម្រេចបានមកយ៉ាងលំបាក តាមរយៈនយោបាយឈ្នះ-ឈ្នះ ដោយឆ្លងកាត់ការតស៊ូ ការអត់ធ្មត់ និងការទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់។ ប៉ុន្តែសន្តិភាព នៅមានការគំរាមកំហែងនៅឡើយ ពីសំណាក់ក្រុមជ្រុលនិយមមួយក្តាប់តូច ដែលព្យាយាមធ្វើឱ្យសង្គម មានការបែកបាក់ ពោរពេញដោយកំហឹង ការភាន់ច្រឡំ និងភាពសម្អប់ សំដៅទៅផ្ដួលរំលំរាជរដ្ឋាភិបាល តាមមធ្យោបាយហិង្សា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះយើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនាជ្រុលនិយម ឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាពបានឡើយ។ ចំពោះជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេ អ្នកនឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។

៨- ប្រទេសកម្ពុជា ដ៏កម្សត់នេះ ធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ ឥឡូវនេះ កម្ពុជា បានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេស។ យើងត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ។ នៅក្នុងចំណុចនេះ ចង់គូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ ដោយកងទ័ពថៃ មកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបី ក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុច្ឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធី ស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅ ឆ្នាំ២០០០។ ពីអតីតកាល កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពាន ដណ្ដើមយកពីបរទេស។ យើងប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយម ឱ្យគង់វង្ស ស្ថិតស្ថេរជានិរន្តរ៍ មិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី។ សូមចអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល រួមសាមគ្គីជុំវិញរាជរដ្ឋាភិបាល ផ្សារភ្ជាប់និងផ្តល់ការគាំទ្រដល់ខាងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិរបស់ប្រជាជន ឱ្យកាន់តែរឹងមាំឡើង។ សូមយកឱកាសនេះ ថ្លែងនូវការគោរពចំពោះវីរភាពរបស់កងទ័ព និងកងនគរបាលដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ប្រកបដោយជំហរលះបង់ និងការប្តេជ្ញាចិត្តយ៉ាងមោះមុតបំផុត ៕ កុលបុត្រ

RELATED ARTICLES