នៅសុខៗសោះ យុវជនចិត្តភ្លើង ចាក់សាំងដុតសម្លាប់ខ្លួន

ខេត្តសៀមរាប ៖ យុវជនម្នាក់ នៅសុខៗក៏ធ្វើសកម្មភាពចាក់សាំងស្រោចពេញខ្លួន រួចក៏កេះដែកកេះដុតសម្លាប់ខ្លួន បណ្តាលឱ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅរលាកពេញខ្លួនរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងវេទនាបំផុត ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍យុវជនចាក់សាំងដុតសម្លាប់ខ្លួនខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

យុវជនចិត្តក្តៅ ដែលចាក់សាំងដុតសម្លាប់ខ្លួន បណ្តាលឱ្យឆេះស្លាប់យ៉ាងអាណោចអាធ័មនោះមានឈ្មោះសួន ប៊ុនថានាថ អាយុ២២ឆ្នាំ មានលំនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង សៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនដែលដុតសម្លាប់ខ្លួនឯងខាងលើនេះ គឺជាសមាសភាពមិនល្អ តែងដើរផឹកស៊ី និងប្រើប្រាស់គ្រឿងញៀនទៀតផង។ នៅមុនពេលកើតហេតុ មិនដឹងថា ជនរងគ្រោះទើបនឹងមកពីជក់ថ្នាំញៀននៅឯណាមិនដឹង ស្រាប់តែកាន់ដបសាំង ដើរមកកាន់កន្លែងកើតហេតុ លុះបន្តិចក្រោយមក ជនរងគ្រោះបានយកសាំងចាក់ស្រោចពេញខ្លួន រួចក៏ទាញដែកកេះមកកេះដុតសម្លាប់ខ្លួន បណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងធ្វើឱ្យជនរងគ្រោះរលាកសុសខ្លួន និងស្រែករោទិ៍ដោយភាពក្តៅផ្សារ ព្រមទាំងដេកននៀលពេញដី។

ប្រភពដដែលបន្តថា ភ្លាមៗនោះ ប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាស្ទុះទៅជួយពន្លត់ភ្លើងដែលកំពុងឆេះខ្លួនជនរងគ្រោះ រហូតរលត់ទៅវិញទាំងស្រុង រួចក៏ប្រញាប់ទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសង្គ្រោះជីវិត តែអកុសល ដោយសារស្ថានភាពរបួសធ្ងន់ពេក ទើបជនរងគ្រោះបានស្លាប់ ក្នុងមន្ទីរពេទ្យតែម្តង។

តាមប្រភពពីលោកនាយប៉ុស្តិ៍នគរបាល សង្កាត់សាលាកំរើក បានបញ្ជាក់ប្រាប់ថា ពិតជាមានករណីមនុស្សដុតសម្លាប់ខ្លួនប្រាកដមែន។ នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបាន រាយការណ៍មកថា មានមនុស្សប្រុសម្នាក់បានចាក់សាំងដុតខ្លួនឯង ទើបសមត្ថកិច្ចបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗ និងបានប្រទះឃើញជនរងគ្រោះឆេះរលាកពេញខ្លួន អស់ទៅហើយ។ តាមការពិនិត្យរបស់សមត្ថកិច្ច ជនរងគ្រោះអាចជាមនុស្សញៀនថ្នាំ និងទំនង ជាយកទឹកថ្នាំលាងបង្គន់ មកចាក់លើខ្លួន រួចដុតសម្លាប់ខ្លួន ដោយកន្លែងកើតហេតុ សមត្ថកិច្ច បានរកឃើញកំប៉ុងថ្នាំរូបសញ្ញាទា១ផងដែរ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗដែរ តែដោយសារខ្លួនប្រាណជនរងគ្រោះ ត្រូវរលាកធ្ងន់ពេក ទើបជនរងគ្រោះមិនអាចស៊ូទ្រាំនឹងរបួសបាន ក៏ដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕