Friday, March 29, 2024
Homeព័ត៌មានជាតិសំណាងល្អហើយ អ្នកនៅក្នុងឡាននិងក្នុងផ្ទះមិនមានអ្នកណាគ្រោះថ្នាក់ ចុះហេតុអ្វីបានសមត្ថកិច្ចមិនឲ្យថត?

សំណាងល្អហើយ អ្នកនៅក្នុងឡាននិងក្នុងផ្ទះមិនមានអ្នកណាគ្រោះថ្នាក់ ចុះហេតុអ្វីបានសមត្ថកិច្ចមិនឲ្យថត?

ភ្នំពេញ ៖ ស្ត្រីម្នាក់បើករថយន្តជូនកូនទៅរៀន តែជាន់ហ្វ្រាំងច្រឡំហ្គារ ក៏ស្ទុះទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងព្រឹកព្រលឹម តែសំណាងល្អមិនបណ្តាលឱ្យមានអ្នករងរបួសដល់អ្នកណាម្នាក់ឡើយ។ ហេតុការណ៍នេះកើតឡើងកាលពី វេលាម៉ោង៦និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវបេតុងសូនី ក្នុងភូមិប្ញស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ស្ត្រីដែលបើករថយន្តបង្កមិនបានស្គាល់អត្តសញ្ញាណទេ អាយុជាង៣០ឆ្នាំ មុខរបរគ្រូបង្រៀន ស្នាក់នៅបុរីសូនី ភូមិកើតហេតុខាងលើ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់បើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខ 2AP-2553 ដឹកកូន២នាក់ទៅរៀន ធ្វើដំណើរទិសដៅពីលិចទៅកើត។ ខណៈមកដល់ផ្លូវបំបែកជាបី ដោយស្ថានភាពផ្លូវមានជង្ហុក ពេលដែលរថយន្តធ្លាក់ជង្ហុកហើយបើកឡើងជង្ហុក ទំនងជាជាន់ហ្វ្រាំងច្រឡំហ្គារ ក៏ស្ទុះទៅបុកចូលផ្ទះប្រជាពលរដ្ឋពេញមួយទំហឹង បណ្តាលវៀចនិងបាក់ទ្វារដែក និងបែកកញ្ចក់ទ្វារខាងមុខទាំងស្រុង ហើយរថយន្តបើកចូលដល់ក្នុងផ្ទះ សំណាងល្អមិនមានអ្នកណាម្នាក់រងរបួសទេ ព្រោះផ្ទះខាងលើនេះពុំទាន់សាងសង់រួចទេ ហើយអត់មានមនុស្សស្នាក់នៅផង។ ភ្លាមៗនោះស្ត្រីបើករថយន្តបង្ក និងក្មេងស្រី២នាក់ទៀត មិនបានរងរបួសទេ បានហៅរ៉ឺម៉កម៉ូតូជិះទៅរៀនបាត់ មួយសន្ទុះ ក្រោយមកក្រុមគ្រួសារខាងរថយន្តបង្កបានចេញមុខមកដោះស្រាយសងការខូចខាតទាំងស្រុងដល់ផ្ទះ នឹងបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង។

ពេលដែលអ្នកកាសែតចុះទៅថតបំណងយកព័ត៌មានមកផ្សាយ បែរជាសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ ហាមអ្នកសារព័ត៌មានមិនឱ្យថត ប៉ុន្តែ បានថតតែពីខាងក្រៅ។  ដោយឡែកក្រុមគ្រួសារខាងម្ចាស់រថយន្តបង្កក៏មិនបានផ្តល់ព័ត៌មានដែរ ហាក់បីដូចជាមានការលាក់បាំងព័ត៌មានអ្វីមួយ តែយ៉ាងណាភាគីម្ចាស់ផ្ទះក៏មិនបានប្តឹងផ្តល់អ្វីដែរ ហើយភាគីទាំង២ បានព្រមព្រៀង សម្របសម្រួលគ្នាដោយភាគីរថយន្តបង្កជួសជុលទ្វារជូនដូចដើមវិញ៕

RELATED ARTICLES