Thursday, April 18, 2024
Homeព័ត៌មានជាតិរថយន្តសង្គ្រោះ មិញ វុទ្ធី បែកចាន ដឹកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ទៅហើយ ជួលឡានដឹកខ្មោចមកដាក់កន្លែងកើតហេតុវិញ

រថយន្តសង្គ្រោះ មិញ វុទ្ធី បែកចាន ដឹកអ្នកជួបគ្រោះថ្នាក់ចរាចរណ៍ទៅហើយ ជួលឡានដឹកខ្មោចមកដាក់កន្លែងកើតហេតុវិញ

ភ្នំពេញ ៖ ជិះម៉ូតូជែងរថយន្តជ្រុលទៅបុករថយន្តដឹកគ្រឿងចក្រ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ត្រូវរថយន្តសង្គ្រោះរបស់គ្លីនិក មិញ វុទ្ធី បែកចាន មកដល់ មិនបានពិនិត្យមើលជនរងគ្រោះ ទេ បានដឹកសពយកទៅព្យាបាលបានបន្តិច ក៏បានជួលរថយន្តមួយគ្រឿងទៀតដឹកសពយកមកទម្លាក់នៅកន្លែងកើតហេតុវិញ ដែលហេតុការណ៍នេះកើតឡើងនៅ​វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុច មុខវត្តកំបូល ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

សពជនរងគ្រោះបើពិនិត្យលើអត្តសញ្ញាណប័ណ្ណ មានឈ្មោះ ប៊ន សុខឡៃ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតភូមិរកាធំ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ​ ។ ជនរងគ្រោះជិះម៉ូតូម៉ាក ស៊ុយហ្ស៊ុយគី ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1A-9157 ។ ចំណែកភាគីរថយន្ត ម៉ាក KIA ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2760 ជារថយន្តស្ទូចមានដឹកគ្រឿងចក្រ អាល់ប៊ុលពីលើផងដែរ អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុបានគេចខ្លួនបាត់ ។

តាមប្រភពនៅកន្លែងកើតហេតុ ប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះ
ម៉ូតូល្បឿនលឿនពីលិចទៅកើត បានបើកជែងរថយន្តខាងមុខជ្រុលទៅបុកជាមួយរថយន្តខាងលើបើកច្រាសទិសគ្នា ចំកណ្តាលទ្រូងផ្លូវ បណ្តាលឲ្យជនរងគ្រោះស្លាប់នៅកន្លែងកើត ហេតុ ភ្លាមៗនោះត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិក មិញ វុទ្ធី បែកចាន ដែលគេឃើញរាល់យប់ ឈប់សំកុករង់ចាំដឹកជនរងគ្រោះនៅមុខតំបន់សេដ្ឋកិច្ច បើកបោះពួយវឹងមកដល់ មិនបានពិនិត្យស្ថានភាពរបស់ជនរងគ្រោះ ដោយខ្លាចមានឡានពេទ្យផ្សេងទៀតមកដណ្តើម លើកជនរងគ្រោះ​ដាក់ចូលរថយន្ត​ ហើយដឹកសំដៅឆ្ពោះទៅគ្លីនិករបស់ខ្លួន អស់មួយសន្ធុះ សង្ស័យម្ចាស់គ្លីនិកស្តីបន្ទោស ដឹក​សពយកមកសង្រ្គោះ ទើបដឹកសពជនរងគ្រោះ បំណងយកទៅប្លុងនៅមន្ទីរពេទ្យរដ្ឋ ក្នុងសភាពមិនស្រួល ខ្លាចគេដឹងរឿង ជម្រើសចុងក្រោយ ជួលឡានដឹក​សពមកដាក់នៅកន្លែងដើមវិញ ដើម្បីទុកឲ្យសមត្ថកិច្ចជំនាញត្រួតពិនិត្យ​ស្លាកស្នាម ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិដឹកយកទៅធ្វើបុណ្យ​តាមប្រពៃណី ។ ចំណែកឯរថយន្តនិងម៉ូតូត្រូវបាននគរបាលជំនាញវាស់វែងរួច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ កសាងសំណុំរឿងតាមនីតិវិធី៕

RELATED ARTICLES