Friday, March 29, 2024
Homeតារាខ្មែរបេប៊ី ធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវចូលមន្ទីរពេទ្យភ្លាមៗ សង្គ្រោះបន្ទាន់

បេប៊ី ធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវចូលមន្ទីរពេទ្យភ្លាមៗ សង្គ្រោះបន្ទាន់

បេប៊ី ត្រូវបានអ្នកម្តាយនាងឱ្យដឹងថា បានចូលមន្ទីរពេទ្យសង្គ្រោះជីវិតបន្ទាន់ កាលពីពេលថ្មីៗនេះ ទើបធ្វើឱ្យគាត់រត់ឆ្លេឆ្លា ភ័យស្លន់ស្លោ ដោយសារតែខ្លាចកូនស្រីសំណព្វចិត្តមានការគ្រោះថ្នាក់ដល់ជីវិត។

ក្នុងជំនួបជាមួយកញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី ស្រីស្រស់រូបនេះវាចាទាំងស្រងូតស្រងាត់ថា រូបនាងពិតជាមានបញ្ហាសុខភាពខ្សោយមែន នាពេលចុងក្រោយនេះ តែឥឡូវបានឆ្លងផុតការគ្រោះថ្នាក់ដល់ជីវិតហើយ។

បេប៊ី រៀបរាប់ថា “ខ្ញុំចូលទៅបន្ទប់សង្គ្រោះបន្ទាន់មែនបង! និយាយទៅខ្សោយខ្លាំងណាស់ ចង់សន្លប់ ថប់ៗដង្ហើម។ ខ្ញុំភ័យដែរហ្នឹង ក៏ចូលគេងនៅពេទ្យមួយ នៅផ្លូវកម្ពុជាក្រោម ជាពេទ្យប្រចាំត្រកូលតែម្តង ព្រោះខ្ញុំចូលពេទ្យហ្នឹង តាំងពីខ្ញុំនៅតូចៗម៉្លេះ ឱ្យតែមានបញ្ហាមិនស្រួល គឺមានតែពេទ្យហ្នុងជួយ។ តាមពិត ខ្ញុំទៅពិនិត្យសុខភាពដោយទៀងទាត់ដែរ ហើយមិនមានជំងឺអីធ្ងន់ខ្លាំង គួរឱ្យព្រួយបារម្ភទេ។ ខ្ញុំឈឺហ្នឹង គឺមកពីខ្ញុំគេងមិនគ្រប់គ្រាន់ ញ៉ាំមិនសូវទៀងទាត់ ព្រោះមួយរយៈនេះ ខ្ញុំជាប់រវល់ច្រើនមែនទែន ដូចជា បុណ្យអុំទូក អីចឹង គឺរវល់ទាំង៣ថ្ងៃតែម្តង អីចឹងរឿងអីដែលមិនឈឺនោះ។ តាមពិត ខ្ញុំចង់ឈប់សម្រាកថែទាំសុខភាពមួយរយៈដែរ តែមិនដឹងម៉េច ឱ្យតែគេទាក់ទងមក ចេះតែស្តាយ អីចឹងអត់មានពេលដេកពួន ក៏ឈឺអ៊ីចឹងទៅ”។

បើទោះជាទើបចេញពីមន្ទីរពេទ្យក្តី តែបេប៊ី ហាក់មិនខ្លាចជំងឺធ្វើទុក្ខ នាំឱ្យលាប់លើសដើម ឡើយ គឺនាងបែរជារាំកញ្ជ្រោកលើឆាកតន្ត្រីជាមួយក្បាច់រាំប្លែកៗ ធ្វើឱ្យប្រុសៗជាច្រើន គ្រឺតក្នាញ់ស្រីស្អាតរូបនេះកាន់តែច្រើន។

បេប៊ី ឡើងឆាកតន្ត្រីអាស៊ីអាគ្នេយ៍ ថ្មីៗនេះ មិនយកបទចម្រៀងគេច្រៀងដូចមុនទៀតឡើយ គឺនាងច្រៀងបទ Original Songs ផ្ទាល់ខ្លួន ដូចជាបទ “តោះគ្រវី”, “សែនឈឺ”, “បូតសណ្តែក” និងបទ “ឆ្អែតចិត្តព្រោះស្នេហ៍” ជាដើម។ ទស្សនិកជនឃើញថា បេប៊ី មាន ទឹកដមសំឡេងមធ្យម តែកាយវិការវិញ គឺ រស់រវើកតែម្តង ហេតុនេះហើយ ទើបគេថា ស្រីស្អាតរូបនេះ គ្រាន់តែឡើងរាំលេងលើឆាក ក៏មានអ្នកចង់មើលដែរ។

បេប៊ី ថ្លែងថា “មួយរយៈនេះ ខ្ញុំបានប្រឹងធ្វើ Original Songs ខ្លួនឯង បាន៦បទហើយ ដែលជាការចំណាយប្រាក់ផ្ទាល់ខ្លួន ព្រោះមិនទាន់មាន Sponsor។ ពេលនេះខ្ញុំឡើងឆាកតន្ត្រី គឺខ្ញុំយកបទផ្ទាល់ខ្លួនច្រៀងវិញ មិនច្រៀងបទរបស់គេផ្សេងដូចមុនទៀតទេ ព្រោះខ្ញុំចង់ឱ្យគេស្គាល់បទខ្លួនឯងច្រើនបន្តិច។ តាមរយៈការបង្ហោះលើទំព័រ Youtube ខ្ញុំឃើញបទចម្រៀងខ្ញុំ មានការគាំទ្រច្រើនដែរ ពិសេសគឺបទ “បូតសណ្តែក” ហ្នឹង គេចូលចិត្តច្រើន។ ចំពោះការចេញបទចម្រៀងនេះ ខ្ញុំគ្រាន់តែការធ្វើតេស្តលើទីផ្សារសិនប៉ុណ្ណោះ ព្រោះបើមានការគាំទ្រ គឺខ្ញុំនឹងចេញជាបន្តទៀត តែបើមិនសូវជោគជ័យ យើងពិចារណាសិនដែរ”៕

RELATED ARTICLES