Friday, March 29, 2024
Homeតារាខ្មែរឌុច លីដា-សុខ សោម៉ាវត្តី ហ៊ានឲ្យលោកអែនឌី ថើបបឺតមាត់យ៉ាងស្រើបស្រាល

ឌុច លីដា-សុខ សោម៉ាវត្តី ហ៊ានឲ្យលោកអែនឌី ថើបបឺតមាត់យ៉ាងស្រើបស្រាល

នៅក្នុងឈុតសម្ដែងបទ “នឹកបង៥០ភាគរយផង” របស់លោកអេនឌី ដែលទើបថតឈុតខារ៉ាអូខេឡើងវិញជាថ្មី កំពុងទាញបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម ខណៈដែលសកម្មភាពសម្ដែងបានបញ្ចូលនូវឈុតឆាកស្នេហារោលរាល ជាពិសេសនោះតារាស្រីល្បីឈ្មោះពីររូប គឺអ្នកមេម៉ាយចាយសម្រស់ សុខ សោម៉ាវត្តី និងតារាសិចស៊ីកំពុងល្បីឈ្មោះ ឌុច លីដា ហ៊ានបណ្ដោយឲ្យលោកអែនឌី ថើបបឺតមាត់យ៉ាងស្រៀវស្រើប។

លោកអែនឌី ដែលគេចាត់ទុកថា ជាបុរសមានសំណាងជាងគេដែលបានឱបថើបតារាស្រីល្បីឈ្មោះស្ទើរគ្រប់គ្នានោះ បានថ្លែងឲ្យដឹងថា បទ “នឹកបង៥០ភាគរយផង” និងត្រៀមចេញ MV ក្នុងពេលឆាប់ៗនេះហើយ ដែលបទនេះបានបញ្ចូលនូវឈុតឆាកស្នេហារោលរាល ដែលលោកសម្ដែងរួមជាមួយអ្នកនាងសុខ សោម៉ាវត្តី និងឌុច លីដា ។

លោកអែនឌី ក៏បានឲ្យដឹងដែរថា បទ “នឹកបង៥០ភាគរយផង” នេះ អ្នកនាងសុខ សោម៉ាវត្តី សម្ដែងជាតួស្លូត ហើយកញ្ញាឌុច លីដា ជាតួសិចស៊ី ដែលពួកគេទាំងពីរជាមិត្តភក្ដិនឹងគ្នា។ ពីដំបូងតួប្រុសដែលសម្ដែងដោយរូបលោក បានស្រលាញ់នារីដែលមានចរិកស្លូតបូត តែក្រោយមកក៏ប្រែចិត្តទៅស្រលាញ់នារីសិចស៊ី ធ្វើឲ្យមានរឿងរ៉ាវរកាំរកូសកើតឡើង។ យ៉ាងណា លោកអែនឌី សុំមិនទាន់បញ្ជាក់លម្អិតពីសាច់រឿងទេ គឺចង់ទុកឲ្យទស្សនិកជនតាមដាន ខណៈដែលត្រៀមចេញក្នុងពេលឆាប់ៗនេះ។ លោកថា ការបញ្ចូលឲ្យមានឈុតឆាកស្នេហាស្រើបស្រាលនេះ ដោយសារតែចង់ពន្លេចនូវរសជាតិថ្មីប្លែកទាក់ទាញចំណាប់អារម្មណ៍ ខណៈដែលលោករំពឹងថា ពេលចេញ Full MV នឹងទាញបានការគាំទ្រខ្លាំងពីទស្សនិកជន។

មានការលើកឡើងថា ត្រឹមឈុតសម្ដែងថើបបឺតមាត់ស្ទីលអ៊ឺរ៉ុបនេះ មិនលំបាកសម្រាប់ឌុច លីដា និងអ្នកមេម៉ាយកូនមួយសាច់ចាំសុខ សោម៉ាវត្តី ទេ ព្រោះអ្នកទាំងពីរសុទ្ធតែធ្លាប់សម្ដែងឈុតឆាកស្នេហារោលរាលនាពេលកន្លងមក។ យ៉ាងណា ឈុតឆាកថើបបែតមាត់នៅក្នុងបទ “នឹកបង៥០ភាគរយផង” របស់លោកអែនឌី នេះជារសជាតិថ្មីមួយប្លែក ដែលតារាល្បីៗបានសម្ដែងប៉ះគ្នាហើយគេរំពឹងថា នឹងទាញបានការចាប់អារម្មណ៍ខ្លាំងពេលចេញ MV ក្នុងពេលឆាប់ៗនេះ៕

RELATED ARTICLES