Saturday, April 20, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត កើបលុយ "ក្បាច់ពស់" រាប់មុឺនដុល្លារ ថ្ងៃបុណ្យអុំទូក

ខេមរៈ សិរីមន្ត កើបលុយ “ក្បាច់ពស់” រាប់មុឺនដុល្លារ ថ្ងៃបុណ្យអុំទូក

ពេលនេះ តារាចម្រៀងផលិតកម្មហង្សមាស មានអ្នកចម្រៀងដល់ទៅ៣រូប ដែលមានឈ្មោះ “ថៃ” ជ្រកក្រោមទ្រនំធំតែ១នេះ គឺខេម ប៊ុនថៃ ហៅខេមរៈ សិរីមន្ត ម្ចាស់ពាន The Voice Cambodia រដូវកាលទី១ ថែល ថៃ និងម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ ពេជ្រ ថៃ ដែលពួកគេសុទ្ធតែទទួលបានការចាប់អារម្មណ៍ពីមហាជនផ្សេងៗគ្នា។

ដោយឡែក ខេមរៈ សិរីមន្ត មុនចេញបទចម្រៀងផ្ទាល់ខ្លួននៅផលិតកម្មរស្មីហង្សមាស  អតីតតារាចម្រៀងដែលធ្លាប់លេចធ្លោខ្លាំងនៅសាន់ដេ រូបនេះ ត្រូវបានទស្សនិកជនរង់ចាំអ៊ុតមើលថា តើសិរីមន្ត ជ្រើសផ្លូវត្រូវឬខុស នៅពេលដែលដើរចេញពីសាន់ដេ ទៅផ្ញើខ្លួនជាមួយហង្សមាស ដែលមានតារាចម្រៀងឡើងគរជាន់ជើងគ្នា ហើយសិរីមន្ត នឹងកាន់តែល្បីថែមទៀត ឬនឹងចុះខ្សោយវិញ?

យ៉ាងណា ចម្ងល់នេះត្រូវបានបង្ហាញនៅថ្ងៃបុណ្យអុំទូក៣ថ្ងៃ កាលពីពេលថ្មីៗនេះ ព្រោះតាមរយៈការបង្ហាញខ្លួនលើឆាកតន្ត្រីប៉ុស្តិ៍ CTN និងបាយ័ន នោះ បញ្ជាក់ថា ខេមរៈ សិរីមន្ត នៅតែមានយីអ៊ុនល្អដូចមុនដដែល ដោយមានការគាំទ្រច្រើនទៅលើតារារូបនេះ នៅពេលដែលរូបគេបានបកស្រាយបទថ្មីរបស់ខ្លួននៅលើឆាក ដូចជាបទ “ស្ទឹងត្រែងបងអើយ”, “អស់សិទ្ធិថែ តែនៅបារម្ភ” ហើយបទដែលមានសន្ទុះខ្លាំង គឺបទ “រាំក្បាច់ពស់” ដែលមានសំឡេងហ៊ោកញ្ជ្រៀវខ្លាំង ពេលដែលលោកប៊ុនថៃ បានលើកយកបទនេះច្រៀងជាមួយនឹងក្បាច់រាំដ៏គួរឱ្យជក់ចិត្តនោះ។

ខេមរៈ សិរីមន្ត មានជំនឿចិត្តថា នឹងកើបលុយធំនៅរដូវក្តៅនេះជាមិនខាន តាមរយៈបទ “រាំក្បាច់ពស់” នេះហើយ ដោយសារតែបទនេះល្បី ទើបតារាស្រីជួរមុខគេរបស់ហង្សមាស ឱក សុគន្ធកញ្ញា ក៏បានលើកយកបទនេះមក Cover ដែរ ទើបធ្វើឱ្យមហាជនលើកឡើងថា ពេលនេះតារាចម្រៀងខេមរៈ សិរីមន្ត ដែលបានចាប់ដៃគូគ្នាសម្តែងសាជាថ្មីនោះ គឺពិតជាបានធ្វើឱ្យទីផ្សារចម្រៀងនៅហង្សមាស មានការប្រែប្រួលនៅពេលនេះ ហើយដោយសារតែពួកគេសម្តែងជាមួយគ្នាសាជាថ្មីនោះ ទើបធ្វើឱ្យតារាចម្រៀងហង្សមាស មួយចំនួន ដែលចាប់ដៃគូជាមួយតារាផ្សេងទៀត គឺពិបាកនឹងទប់ទល់ជាមួយសិរីមន្ត និងសុគន្ធកញ្ញា តែម្តង រហូតដល់មានការលើកឡើងថា នាពេលអនាគត គឺមានតែអ្នកចម្រៀង២រូបនេះទេ ដែលល្បីល្បាញជាងគេនៅហង្សមាស។

ខេមរៈ សិរីមន្ត ដែលហ៊ឺហាជិះរថយន្តទំនើប Lexus LX570 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ឡើង២០១០ តម្លៃជាង១០ម៉ឺនដុល្លារនោះ នៅតែធ្វើឱ្យគេស្ញប់ស្ញែងជាខ្លាំង ជាមួយអង្គរក្សតាមការពារតារារូបនេះមានដល់ទៅ ៤-៥នាក់ តែសកម្មភាពរបស់សិរីមន្ត នៅពេលនេះ គឺហាក់ធ្វើឱ្យក្រមុំៗរងការខកចិត្ត ព្រោះតែមិនអាចចូលទៅឱបថើបអ្នកចម្រៀងរូបនេះបានដូចមុនទៀតឡើយ ព្រោះមានអ្នកការពារច្រើនពេក ដែលធ្វើឱ្យ អ្នកខ្លះបានរិះគន់សិរីមន្ត ថា ប្រយ័ត្នប្រយែងពីសុវត្ថិភាពជាងអ្នកធំទៅទៀត នៅពេលដែលកាន់តែល្បីនេះ។

ដោយឡែកក្រមុំៗខ្លះទៀត និយាយថា គេមិនសូវហ៊ានចូលទៅជិតសិរីមន្ត មិនមែនខ្លាចកងអង្គរក្ស ផ្ទាល់ខ្លួនរបស់អ្នកចម្រៀងនេះឡើយ គឺខ្លាចត្រូវប្រពន្ធតារាចម្រៀងរូបនេះប្រចណ្ឌ ព្រោះតែកន្លងមកធ្លាប់ លេចឮថា សិរីមន្ត មានប្រពន្ធជាកូនលោកធំផ្កាយ២ ដែលធ្វើឱ្យរូបគេមានទ្រព្យយ៉ាងឆាប់រហ័សនាពេលនេះ៕

RELATED ARTICLES