Thursday, April 18, 2024
Homeខ្សឹបឲ្យឮច្រករត់ពន្ធ !!!

ច្រករត់ពន្ធ !!!

ប្រជាពលរដ្ឋ រស់នៅតំបន់ច្រករបៀង លេខ១៩ និងភ្នំក្រហម ស្ថិតក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានខ្សឹបឱ្យឮតាមរយៈ “នគរធំ” ថា ច្រករបៀងលេខ១៩ និងភ្នំក្រហម បាន ក្លាយជាច្រកនាំទំនិញគេចពន្ធចេញចូលយ៉ាងធំ ហើយសព្វថ្ងៃ កំពុងមានការរត់ពន្ធបារីហ្សិត និង អឺរូ ចូលទៅកាន់ទឹកដីវៀតណាមយ៉ាងរលូន ដោយសារតែមានការបើកភ្លើងខៀវ ពីសមត្ថកិច្ច ចម្រុះចំនួន២ស្ថាប័ន។

ប្រជាពលរដ្ឋ បានខ្សឹបឱ្យឮថា សមត្ថកិច្ច ចម្រុះ២ស្ថាប័ន ដែលកំពុងត្រូវបានគេសង្ស័យ ថា បានបើកភ្លើងខៀវចំពោះការរត់ពន្ធនោះ រួមមាន បញ្ជាការនគរបាលព្រំដែនគោកវរៈ ៦២៣ ដែលគ្រប់គ្រងដោយលោកងួន សុវណ្ណា  និងស្នាក់ការគយ និងរដ្ឋាករអូរយ៉ាដាវ ដែល គ្រប់គ្រង ដោយលោកលោកអាន អង្គារា។

ប្រជាពលរដ្ឋ បានខ្សឹបប្រាប់ថា ការរត់ពន្ធ បារីហ្សិត និងអឺរូ ចេញទៅលក់នៅប្រទេស វៀតណាម តាមច្រករបៀងលេខ១៩ និងភ្នំ ក្រហមនេះ ត្រូវបានគេដឹកចេញពីឃ្លាំងស្តុកដ៏ធំមួយ មានទីតាំងនៅជាប់មន្ទីរពេទ្យឯកជន ២៤ម៉ោង ផ្លូវភ្លោះវិមានសព ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ត រតនគិរី ហើយឃ្លាំងមួយនេះ ត្រូវបានគេសង្ស័យ ជាឃ្លាំងរបស់លោកងួន សុវណ្ណា មេបញ្ជាការ នគរបាលការពារព្រំដែនគោក លេខ៦២៣ទៀត ផង។

ប្រជាពលរដ្ឋ បានខ្សឹបប្រាប់ឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ គេសង្កេតឃើញរថយន្ត ហ៊ីយ៉ានដាយមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-6972 គ្របតង់កៅស៊ូជុំជិត និងផ្ទុកទៅដោយ បារីហ្សិត និងអឺរូរាប់រយប៊ិច បានបើកចេញពី ឃ្លាំងខាងលើ តាមបណ្តោយផ្លូវជាតិលេខ៧៨ សំដៅទៅកាន់ច្រករបៀងលេខ១៩ និងភ្នំក្រហម ដែលមានឈ្មោះលោកយាត ជាកងកម្លាំងនគរបាលការពារប្រចាំការនៅច្រករបៀងនោះ និង ត្រូវជាសាច់ញាតិ របស់លោកងួន សុវណ្ណា មេបញ្ជាការនគរបាលការពារព្រំដែនគោក លេខ ៦២៣ផង ជាអ្នករង់ចាំទទួលចាត់ចែងបន្ត។ ហើយច្រកមួយនេះ មិនត្រឹមតែរត់ពន្ធបារីប៉ុណ្ណោះ ទេ តែកំពុងក្លាយជាច្រកនាំទំនិញគេចពន្ធចេញ ចូលកម្ពុជា-វៀតណាម យ៉ាងធំទៀតផង… ហេស!ហេ! ឱ្យវារលាយអ៊ីចឹង!…។

ជុំវិញការខ្សឹបខ្សៀវខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណាទេ ព្រោះមិន ទាន់អាចទាក់ទងសុំការបំភ្លឺពីលោកងួន សុវណ្ណា មេបញ្ជាការ នគរបាលព្រំដែនគោកវរៈ៦២៣ និងលោកលោកអាន អង្គារា ប្រធានស្នាក់ការ គយ និងរដ្ឋាករអូរយ៉ាដាវ បាននៅឡើយទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំការ បកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ខៀវទុំ

RELATED ARTICLES