Thursday, April 25, 2024
Homeតារាខ្មែរក្រុមបាល់ទាត់តារាមហាហង្ស យកឈ្នះ សមាគមពាណិជ្ជករថៃ ៧-០ ស្របពេលលោកអិុន សុភិន ថាអាចនឹងចូលរួមលេងនៅលីគអាជីព នៅពេលណាមួយ

ក្រុមបាល់ទាត់តារាមហាហង្ស យកឈ្នះ សមាគមពាណិជ្ជករថៃ ៧-០ ស្របពេលលោកអិុន សុភិន ថាអាចនឹងចូលរួមលេងនៅលីគអាជីព នៅពេលណាមួយ

ក្នុងឱកាសប្រកួតជាលក្ខណៈមិត្តភាព កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កន្លងទៅនេះ និងក្នុងន័យអបអរសាទរចំពោះការប្រកាសបើកសម្ពោធក្រុមបាល់ទាត់តារាមហាហង្ស ជាផ្លូវការ ក្រុមបាល់ទាត់តារាមហាហង្ស បានយកឈ្នះ សមាគមពាណិជ្ជករថៃ ៧-០។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការផលិតរឿង ដាក់បញ្ចាំងតាមបណ្ដាស្ថានីយទូរទស្សន៍ និងរោងភាពយន្តនានារួចមក ផលិតកម្មមហាហង្ស មានសម្រេចបង្កើតក្រុមបាល់ទាត់ជាផ្លូវការ មានឈ្មោះថា «ក្រុមបាល់ទាត់តារាមហាហង្ស» ដោយក្រុមបាល់ទាត់មិនមែនអាជីពនេះ សុទ្ធសឹងតែជាតារាល្បីៗ ដើម្បីជាផ្នែកមួយជួយលើកស្ទួយវិស័យកីឡារបស់ប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត។

ក្នុងឱកាសពិសេសនៃការសម្ពោធក្រុមបាល់ទាត់ តារាមហាហង្សខាងលើ ក្រុមប្រមូលផ្ដុំដោយតារាងសម្ដែង និងក្រុមការងារបច្ចេកទេសផ្នែកសិល្បៈមួយនេះ ក៏បានណាត់ក្រុមសមាគមពាណិជ្ជករថៃ ប្រកួតមិត្តភាពលើទីលានវេស្ទើនផងដែរ ហើយជាលទ្ធផលក្រុមបាល់ទាត់តារាមហាហង្ស បានយកឈ្នះក្រុមថៃ ដោយលទ្ធផលបច្ចេកទេស ៧-០ ។

លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស និងជាអ្នកដឹកនាំក្រុមបាល់ទាត់ បានថ្លែងឲ្យដឹងថា លោកបានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការបង្កើតក្រុមមួយនេះ តែជំហានដំបូង លោកនឹងទទួលស្វាគមន៍គ្រប់ការប្រកួតមិត្តភាព មិនថាក្រុមតារា ឬស្ថាប័នរដ្ឋ និងឯកជននោះទេ ពិសេសលោកនឹងចូលរួមប្រកួតពានសមល្មមមួយ ដើម្បីជាបទពិសោធន៍ឆ្ពោះទៅចូលលេងលីគ។

លោកបន្តថា គោលបំណងជំរុញឲ្យលោកសម្រេចបង្កើតក្រុមបាល់ទាត់ផ្លូវការពេលនេះ ក៏ដោយលោកចង់ផ្ដល់ឱកាសឲ្យក្រុមតារាង និងក្រុមការងារបច្ចេកទេសផ្សេងៗ ដែលនិយមចូលចិត្តលេងកីឡាមួយនេះ មានក្រុមលេងច្បាស់លាស់ និងមានការប្រកួតត្រឹមត្រូវ ស្របតាមក្បួនច្បាប់ប្រកួតលក្ខណៈអន្ដរជាតិ ។

លោកអ៊ិន សុភិន មិនបានបញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ក្នុងការចូលរួមលីគនោះទេ ប៉ុន្ដែបន្ទាប់ពីក្រុមតារាមហាហង្សដំណើរការល្អ លោកនឹងជ្រើសរើសយុវជនមកចូលរួមបន្ថែមជាមួយក្រុមតារាងខ្លួន តែមិនឲ្យលោកចំនួនកំណត់នោះទេ ព្រោះលោកចង់ផ្ដល់ឱកាសឲ្យតារាបានលេងច្រើនជាង។ លោកបានបង្ហើបទៀតថា នៅដើមឆ្នាំ២០១៨ខាងមុខ ផលិតកម្មមហាហង្ស នឹងរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ នោះគឺការប្រកួតមិត្តភាពរវាងក្រុមបាល់ទាត់តារាមហាហង្ស និងក្រុមតារាល្បីៗប្រចាំប្រទេសថៃ នៅលើទឹកដីកម្ពុជា ហើយជាបន្ដបន្ទាប់ លោកក៏មានគម្រោងណាត់ក្រុមតារាល្បីៗវៀតណាម ឡាវ និងក្រុមតារាក្នុងតំបន់ មកចូលរួមប្រកួតមិត្តភាពនៅកម្ពុជាផងដែរ។

លោក អ៊ិន សុភិន បន្តទៀតថា ការបង្កើតក្រុមបាល់ទាត់តារាមហាហង្សនេះឡើង គឺយើងផ្ដោត ទី១. រឿងសុខភាព ទី២. ការប្រកួតមិត្តភាពជាមួយគ្រប់ស្ថាប័ន ហើយទី៣. គឺយើងនឹងចូលប្រកួតលក្ខណៈពានរង្វាន់អីមួយ បន្ទាប់ពីសម្ពោធក្រុមថ្ងៃនេះ។ ជំហានដំបូងនៃការចូលរួមរបស់យើង នឹងចូលរួមពានកម្រិតសមល្មមសិន ព្រោះយើងចង់រៀបចំក្រុមឲ្យមានលក្ខណៈស្ដង់ដារអាជីពសិន ហើយប្រសិនបើអាចយើងនឹងចូលរួមលេងក្របខណ្ឌលីគអាជីព នៅពេលណាមួយ។ តែសំខាន់យើងត្រូវការរៀបចំឲ្យបានល្អ និងមានលក្ខណៈស្ដង់ដារជាមុនសិន ព្រោះក្រុមបាល់ទាត់មិនងាយស្រួលនោះទេ ដោយសារជាក្រុមតារាង ខណៈពួកគាត់មានភាពមមាញឹកច្រើនជាងការងារសិល្បៈ៕

RELATED ARTICLES