Thursday, April 25, 2024
Homeតារាខ្មែរនាយក្រឹម ញញឹមបិទមាត់មិនជិត នាងព្រលិត សម្រាលកូនភ្លោះ

នាយក្រឹម ញញឹមបិទមាត់មិនជិត នាងព្រលិត សម្រាលកូនភ្លោះ

ភ្នំពេញ ៖ តារាកំប្លែងជើងចាស់មានប្រជាប្រិយភាពមិនចេះស្រកស្រុត លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម បានសម្តែងនូវអារម្មណ៍រំភើបត្រេកអរយ៉ាងខ្លាំង រហូតដល់ញញឹមបិទមាត់លែងជិត បន្ទាប់ពីតារាកំប្លែងស្រី គឺនាងគង់ ច័ន្ទស៊ីណា ហៅនាងព្រលិត ដែលជាភរិយាទី២របស់ខ្លួន បានសម្រាលកូនភ្លោះស្រី ប្រកបដោយសុវត្ថិភាព ទាំងម្តាយទាំងកូន។

រឿងអាស្រូវស្នេហាត្រីកោណរវាងនាយក្រឹម ភរិយាដើម និងនាងព្រលិត ជាតារាកំប្លែងស្រីជ្រកក្រោមដំបូលក្រុមនាយក្រឹម បានផ្ទុះឡើងស្របពេលដែលនាងព្រលិត កំពុងពពោះកូនភ្លោះក្នុងផ្ទៃតែម្តង។ រាប់ចាប់តាំងពីពេលនោះមក ដោយសារតែផ្ទៃពោះចាប់ផ្តើមខ្ទាតធំផង ណាមួយមិនចង់បកស្រាយពីចំណងស្នេហ៍មួយនេះផង ទើបនាងព្រលិត ហាក់បាត់មុខឈឹងពីវិស័យសិល្បៈកំប្លែង។ ស្រាប់តែថ្មីៗនេះ នាងព្រលិត បានសម្រាលកូនភ្លោះដោយជោគជ័យ។

តាមរយៈរូបភាពដែលត្រូវបានគេបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឃើញថា នាងព្រលិត បានសម្រាលកូនភ្លោះប្រកបដោយសុវត្ថិភាព និងស្ថិតក្នុងភាពកក់ក្តៅបំផុត ដោយសារតែមានការផ្តល់កម្លាំងចិត្តពីស្វាមី គឺនាយក្រឹម ដែលបានចូលទៅដល់ក្នុងបន្ទប់សម្រាលជាមួយគ្នា។ យ៉ាងណា ក្រោយពីទទួលបានកូនស្រីភ្លោះជាចំណងនិស្ស័យស្នេហ៍រួចមក គេឃើញនាយក្រឹម បានសម្តែងនូវទឹកមុខរីករាយស្រស់ស្រាយយ៉ាងខ្លាំង ដោយញញឹមបិទមាត់មិនជិតឡើយ។

គួរបញ្ជាក់ថា រឿងអាស្រូវស្នេហារវាងនាយក្រឹម និងនាងព្រលិត បានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧កន្លងទៅ នៅគ្រាដែលនាងព្រលិត កំពុងមានផ្ទៃពោះកូនភ្លោះបាន៥ខែ ដោយពេលនោះ អ្នកស្រីវ៉ង់ ឡុងមុនី  ជាភរិយាដើមនាយក្រឹម មិនត្រឹមតែចេញមុខបកអាក្រាតរឿងស្វាមីលួចមានទំនាក់ទំនងសហាយស្មន់ជាមួយតារាកំប្លែងស្រី នាងព្រលិត នោះទេ ថែមទាំងអះអាងថា នឹងជ្រើសយកផ្លូវប្តឹងផ្តល់គ្នាទៀតផង៕

RELATED ARTICLES