ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥ (ឆមាសទី១) កម្ពុជា រកចំណូលបានជាង២៦លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ជាង៥៦ម៉ឺននាក់ ដែលបានទិញប័ណ្ណចូល ទស្សនារមណីយដ្ឋានអង្គរ កើនឡើង ៨,៧៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤។

គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា គិតតែក្នុងខែមិថុនា ភ្ញៀវអន្តរជាតិ ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៤០ ០៩៦ កើនឡើង ១៩,៣១ភាគរយ ទទួលបានចំណូល១,៧លានដុល្លារ កើនឡើង ១៨,៧៧ ភាគរយ។
ចំណែកការលក់ប័ណ្ណចូលទស្សនាប្រាសាទកោះកេរ ក្នុងរយៈពេល ៦ខែ មានចំនួន ១២ ០៧៦នាក់ ទទួលបានចំណូល ១៨១ ១៤០ដុល្លារ។ រីឯការលក់សំបុត្រនៅប្រាសាទបេងមាលា រយៈពេល៦ខែ មានចំនួន ៨ ១៩៩នាក់ ដោយទទួលបានចំណូល ៨១ ៩៩០ដុល្លារ។
ចំពោះការលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៦ខែ មានចំនួន ៦៤៤នាក់ ទទួលបានចំណូល ៣២២០ដុល្លារ និងការលក់សំបុត្រទូក រយៈពេល៦ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៨៤២ ៧២២ដុល្លារ៕