Friday, March 29, 2024
Homeព័ត៌មានជាតិករណីបុគ្គលិកពិធីការលួចស្រាបៀរ២០កេស!!! ប្រធានក្រុមហ៊ុនបំភ្លឺថា បុគ្គលិកចូលដៃជើងជាមួយជនបន្លំ២នាក់ លួចយកមែន

ករណីបុគ្គលិកពិធីការលួចស្រាបៀរ២០កេស!!! ប្រធានក្រុមហ៊ុនបំភ្លឺថា បុគ្គលិកចូលដៃជើងជាមួយជនបន្លំ២នាក់ លួចយកមែន

ភ្នំពេញ ៖ ក្រោយ​ពី​មានករណីម្ចាស់​ពិធី​មង្គលការ​មួយ​បាន​ជួល​ក្រុម​បម្រើ​ភេសជ្ជៈ​ភ្ញៀវ ដែល​ក្រុមហ៊ុន​ ”​វឌ្ឍនៈ​ពិធីការ​” មក​ឲ្យ​បម្រើ​ក្នុង​ពិធីមង្គលការ ប៉ុន្តែ​ដូច​ជួល​ឱ្យមក​លួចស្រា​បៀរ​ជា​ប្រព័ន្ធ សរុប​អស់​ស្រា​បៀរ ABC ច្រើន​កេសរួច​មក ថៅ​កែ​ក្រុមហ៊ុនវឌ្ឍនៈ​ពិធីការ បាន​ចេញ​មុខ​បកស្រាយបំភ្លឺ។

យោងតាមលិខិតបំភ្លឺរបស់លោក អ៊​ង ផ​ល្លី ប្រធានក្រុមហ៊ុន “​វឌ្ឍនៈ​ពិធីការ​” បានឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ តុលា កន្លង​មក លោក បាន​ទទួល​ពិធី​មង្គលការ​របស់ភ្ញៀវ​​មួយ នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ម្ចាស់​កម្មវិធី​បាន​ជួល​ក្រុម​ ”វឌ្ឍនៈ​ពិធីការ​” ចំនួន​១៩នាក់ ឲ្យមក​បម្រើ​ការងារ ក្នុង​ពិធី​មង្គលការ។ ហើយ​ក្រុមហ៊ុនក៏​បាន​ជ្រើ​សរើស​បុគ្គលិក​ចំនួន​១៩នាក់ តាម​សំណើ​របស់​ភ្ញៀវ​ដែល​មក​ជួល​នោះ។ ក្នុង​ចំណោម​បុគ្គលិក​ទាំង​១៩​នាក់ មាន​ម្នាក់​ជា​អ្នកគ្រប់គ្រង​ស្តុក​ភេសជ្ជៈ ពិធី​ការ​ទទួលភ្ញៀវ៥​នាក់ អ្នក​ម្រើ​ភេសជ្ជៈ៥​នាក់ និង​បុគ្គលិក​បម្រើ​ទឹកកក៨​នាក់ ។

ក្នុងលិខិត​បំភ្លឺរបស់​លោកអ៊​ង ផ​ល្លី បានរៀបរាប់​ថា ពេល​ដែល​ចាប់ផ្តើម​ធ្វើការ បាន​​រាប់​ចំនួន​​បុគ្គលិក​ម្តងទៀត ស្រាប់តែ​ឃើញ​លើស​២​នាក់ ដែល​សរុប​មាន​គ្នា​ទៅ​ដល់​២១​នាក់ឯណោះ ។ ហើយមនុស្ស​២​នាក់​នោះ បាន​ពាក់អាវ​បន្លំ (​ឡូ​ហ្គោ​ចាស់​) ដូច​បុគ្គលិក​ “​វឌ្ឍនៈ​ពិធីការ​” ដែរ ហើយអ្នក​ដែល​បន្លំ​ខ្លួន​នោះជា​មនុស្ស​ស្គាល់គ្នា ដែល​ក្នុង​នោះ​មាន​បុគ្គលិក​របស់​លោក​ម្នាក់ បាន​គប់គិតគ្នា​ជាមួយ​ជនបន្លំ​ទាំង​២នាក់​​នោះ ហើយ​ក្រោយ​ពេល​ដែល​មាន​បញ្ហា​កើតឡើង ជន​ទាំង​២​នាក់​នោះ បាន​គេចខ្លួន​បាត់​ទៅ ។

ទោះជា​យ៉ាងណា​ ថៅ​កែ​ក្រុមហ៊ុន “វឌ្ឍនៈ​ពិធីការ” ទទួលស្គាល់​ថា បុគ្គលិក​ម្នាក់​កាន់​ស្តុក​ភេសជ្ជៈ ឈ្មោះ រឿ​ន ផា​ន់​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ពិតជា​បាន​ចូល​ដៃ​ចូល​ជើង​លួច​មែន។ បុគ្គលិក​ម្នាក់​នេះ​ទើបតែ​ចូល​បម្រើ​ការ​បាន​មួយ​រយៈ​ខ្លី ហើយ​តំណាង​ក្រុមហ៊ុន​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​លើ​បុគ្គល​នោះ​រួច​ហើយ​ដែរ។

ចំណែកឯ​ស្រា​បៀរ ABC ដែល​ថា​បុគ្គលិក​របស់​លោក​លួច​នោះ មិន​ដល់​ចំនួន​២០​កេស​ទេ មាន​តែ​ស្រា​បៀរ ABC សរុប​ទៅ​ចំនួន​៧៤​កំប៉ុង (​ស្មើរនឹង​៣​កេស ​និង​០២​កំប៉ុង​) និង​ស្រា​បៀរ​ថៃ​ហ្គើ​រ ​ចំនួន​១​កេសតែ​ប៉ុណ្ណោះ ហើយ​ក្រុមហ៊ុន​របស់​លោក​មិន​ប្រកែក​ឡើយ ក៏​បាន​សង​ទៅ​ម្ចាស់​ពិធី​មង្គលការ​ទាំងអស់ហើយ​ដែរ។

ទោះជាយ៉ាងណា ប្រធានក្រុមហ៊ុនខាងលើបានទទួលស្គាល់​ថា នេះ​ជា​កំហុស​មួយ​របស់​ក្រុមហ៊ុនមួយ ហើយអ្វី​ដែល​សោក​ស្តាយ​នោះ ​គឺ​ជ្រើសរើស​បុគ្គលិក​មក​ចំ​មនុស្ស​ខូច មិន​ស្មោះត្រង់ ហើយ​គ្រប់គ្រង​មិន​ច្បាស់លាស់ និងមេការ​ម្នាក់​ទៀត​ មិន​បាន​ដើរ​ត្រួតពិនិត្យ​គ្រប់កន្លែង​ក្នុង​ពិធីការ​នោះ​ថែម​ទៀត ។

ជា​ចុង​ក្រោយ លោក អ៊​ង ផ​ល្លី ក៏​បាន​សុំ​អភ័យទោស​ចំពោះ​ម្ចាស់​កម្មវិធី​មង្គលការ​ខាងលើ ដែល​បុគ្គលិក​របស់លោក​បាន​បង្ក​បញ្ហា ហើយ​​ក្រុមហ៊ុននឹង​កែប្រែ​ការផ្តល់សេវាជូន​ដល់​អតិថិជនឲ្យ​ល្អ​ថែម​ទៀត ហើយ​​សន្យា​ថា​មិន​ឲ្យ​មាន​ករណី​បែប​នេះ​កើត​មាន​ឡើង​លើក​ទី​២ តទៅ​ទៀត​ទេ និង​សុំ​ឲ្យអតិថិជន​បន្ត​គាំទ្រក្រុមហ៊ុន​ “​វឌ្ឍនៈ​ពិធីការ”​ តទៅ​ទៀត ។

គួររំលឹកថា កាលពី​វេលា​ម៉ោង៩​យប់​ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧ មានករណីភ្ញាក់ផ្អើលមួយ ដោយម្ចាស់ដើមការដែលមានទីតាំងនៅភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំ​ពេ​ញ បានជួល​ក្រុម​បុគ្គលិកក្រុមហ៊ុន​ពិធីការ “វឌ្ឍនៈ​ពិធីការ” មកបម្រើភ្ញៀវ​ តែបែរជាដូច​​ឲ្យមកលួច​ស្រា​បៀរ​ ABC ​អស់​​២០​កេស ហើយត្រូវបានរកឃើញភស្តុតាង កាបូបដាក់ស្រាបៀរដែលមានជនសង្ស័យទុកចោលនៅខាងក្រោយផ្ទះម្ចាស់ដើការ ៕

RELATED ARTICLES