Friday, April 26, 2024
Homeតារាខ្មែរឳខ្លាកូនខ្លាមែន!!! កូនប្រុសព្រាប សុវត្ថិ ចេញបទចម្រៀងផ្លូវការនៅហង្សមាស

ឳខ្លាកូនខ្លាមែន!!! កូនប្រុសព្រាប សុវត្ថិ ចេញបទចម្រៀងផ្លូវការនៅហង្សមាស

នៅទីបំផុត កូនប្រុសច្បងរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ បានចេញចម្រៀងរបស់ខ្លួនជាផ្លូវការ បើកឆាកនៅទ្រនំធំ ហង្សមាស ហើយ កាលពីពេលថ្មីៗនេះ ដែលបទទី១របស់ចម្រៀង សុវត្ថិ មុនីវណ្ណ គឺបទ ”ទឹកភ្នែកប្រុសសង្ហា” ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកលេងបណ្ដាញសង្គម Facebook ដោយមានអ្នកចូលទៅស្ដាប់ ហើយខ្លះបាន Comment ថា មិនត្រឹមតែមានរូបរាងស្អាតសង្ហាទេ តែសំឡេងពិរោះទៀត អ្នកខ្លះទៀតថា ឪខ្លាកូនក៏ខ្លា ចំណែកអ្នកខ្លះទៀតបានរិះគន់ថា ចូលតាមខ្សែបក្ខពួកច្រៀងមិនសូវពិរោះផង បានចូលហង្សមាស ដែរ…។

តាមរយៈបទ ”ទឹកភ្នែកប្រុសសង្ហា” កូនប្រុសព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ មានសំឡេងនៅខ្ចី ហើយបទនេះគឺគ្មានកន្លែងណាដែលស្រែកខ្លាំងទេ គឺច្រៀងស្មើសំឡេងធម្មតាប៉ុណ្ណោះ ទើបគេមិនទាន់ដឹងច្បាស់ពីសមត្ថភាពរបស់កូនច្បងព្រាប សុវត្ថិ ថាតើអាចមានសមត្ថភាពស្នងឪពុករបស់គេបានឬយ៉ាងណានោះ។ ប៉ុន្ដែយ៉ាងណា សុវត្ថិ មុនីវណ្ណ ទើបតែមានអាយុ១៨ឆ្នាំ ហេតុនេះហើយរូបគេនៅមានឱកាសច្រើនទៀត ព្រោះតែមានឪពុកគេជាតារាចម្រៀងល្បីជួយដុសខាត់ ព្រមទាំងគ្រូភ្លេងល្បីៗនៅហង្សមាស ជួយបណ្ដុះបណ្ដាលបច្ចេកទេសច្រៀងនោះ គឺជឿថា កូនច្បងរបស់ព្រាប សុវត្ថិ ប្រាកដជាមានការវិវឌ្ឍខ្លួនបានល្អជាងនេះថែមទៀតជាមិនខានឡើយ។

តាមព័ត៌មានបានឲ្យដឹងថា ដោយសារសុវត្ថិ មុនីវណ្ណ មានរូបរាងសង្ហា ហើយគ្រាន់តែច្រៀងលេងតាម Facebook ដោយរូបគេមានទាំងជំនាញក្នុងការលេងហ្គីតា និងអាចច្រៀងបទជាភាសាអង់គ្លេសបាននោះ ទើបហង្សមាស មិនរារែកចិត្តឡើយ ក្នុងការទទួលយកកូនប្រុសព្រាប សុវត្ថិ ធ្វើជាតារារបស់ខ្លួននោះ។

ប្រភពបានឲ្យដឹងថា ហង្សមាស គ្រោងនឹងឲ្យសុវត្ថិ មុនីវណ្ណ ចាប់ដៃគូច្រៀង និងសម្ដែងជាមួយស្រីស្អាតធ្មេញច្រពើស អតីតបេក្ខភាព Cambodian Idol កញ្ញារ៉េត ស៊ូហ្សាណា ទៀតផង នាពេលខាងមុខនេះ ព្រោះថាពួកគេនៅយុវវ័យស្អាតសង្ហាដូចគ្នា។ ហេតុនេះហើយពេលចាប់ដៃគូ និងមានការចាប់អារម្មណ៍ពីមហាជន។

ព្រាប សុវត្ថិ ចាប់ល្បីឈ្មោះនៅផលិតកម្មរស្មីហង្សមាស កាលពីឆ្នាំ១៩៩៧ តាមរយៈបទ ”អូនជាបេះដូងបង” ហើយការច្រៀងជាង២ទសវត្សន៍នេះ លោកព្រាប សុវត្ថិ ហៅស្នាយ មានបទចម្រៀងនៅហង្សមាស ជាង៣ពាន់បទហើយ។

ក្នុងការចាប់អាជីពចម្រៀង ក្រៅពីជាមន្ដ្រីយោធានោះ ព្រាប សុវត្ថិ បានសល់ទ្រព្យរាប់លានដុល្លារ មិនចាញ់តារាចម្រៀងបរទេសឡើយ ព្រោះពេលនេះលោករស់នៅវីឡាតម្លៃរាប់លានដុល្លារ នៅក្បែរផ្សារទួលគោក និងជិះរថយន្ដទំនើប Range Rover ២០១២ ពណ៌ខ្មៅ និងរថយន្ត Ford ១២កៅអី ស៊េរីឆ្នាំ២០១០ ដែលឡានទាំង២ មានតម្លៃជាង២០ម៉ឺនដុល្លារ។ ចំណងស្នេហ៍ជាមួយភរិយាជាង១០ឆ្នាំ ព្រាប សុវត្ថិ បានទទួលចំណងដៃជាកូនប្រុស៣នាក់ សុទ្ធតែមានរូបរាងស្អាតសង្ហា គឺកូនទី១. ឈ្មោះសុវត្ថិ មុនីវណ្ណ ទី២. ឈ្មោះសុវត្ថិ សិរីវុធ និងកូនទី៣. ឈ្មោះសុវត្ថិ មុនីនាគ។

ប្រភពបានឲ្យដឹងថា មិនមែនមានតែកូនទី១ទេ ដែលមានដុងនិស្ស័យពីសិល្បៈនោះ គឺកូនប្រុសទី២និងទី៣ ក៏សុទ្ធតែត្រៀមខ្លួនចូលហង្សមាស ដូចគ្នាផងដែរ ព្រោះតែពួកគេអាចច្រៀងបានម្យាងៗម្នាក់។

ការលេចមុខកូនប្រុសព្រាប សុវត្ថិ នៅផលិតកម្មរស្មីហង្សមាស នៅពេលនេះ រឹតតែបញ្ជាក់ថា កំពូលតារាចម្រៀងរូបនេះត្រៀមចូលនិវត្តន៍មែនទែនហើយ ហេតុនេះហើយបានជាលោកបានជំរុញឲ្យកូនចូលមកហង្សមាស ដើម្បីស្នងលោកនាពេលខាងមុខនេះ។ ប៉ុន្ដែមហាជនជាច្រើនបាននិយាយដូចគ្នាថា ពេលនេះជាបន្ទុកធំមួយសម្រាប់ផលិតកម្មរស្មីហង្សមាសព្រោះថាពេលនេះមិនដឹងថា តើត្រូវលើកទាំងកូននិងឪព្រមគ្នា ឬយ៉ាងណា នៅផលិតកម្មតែមួយបែបនេះ ព្រោះថា ហង្សមាស មានតារាចម្រៀងកាន់តែច្រើនឡើងគរជាន់ជើងគ្នាទៅហើយនៅឆ្នាំ២០១៧នេះ។ ម្យ៉ាងទៀតអ្នកដែលឆ្លងកាត់ការប្រលងចម្រៀងត្រឹមត្រូវ ដែលជ្រើសចេញពីមហាជនឲ្យលើកពាន មានដូចជា លោកប៊ុត សីហា, លោកនី រតនា, លោកថែល ថៃ, លោកដួង វីរៈសិទ្ធ និងកញ្ញាឈិន ម៉ានិច្ច នោះ ពួកគេសុទ្ធតែមានសមត្ថភាពដែរ តែហាក់មិនទាន់មានបទចម្រៀងណាផ្ទុះខ្លាំងឡើយ ស្របពេលដែលលោកប៊ុត សីហា ស្ងាត់ដូចចោរលួចសេះ ចំណែកកញ្ញាឈិន ម៉ានិច្ច ល្បីបានតែ១បទ ក៏ស្ងប់ទៅវិញ។ ទោះជាយ៉ាងណា តាមព័ត៌មានថា ពេលនេះព្រាប សុវត្ថិ សប្បាយចិត្ត ព្រោះកូនប្រុសបានចេញបទចម្រៀងដូចការរំពឹងទុកនៅហង្សមាស ហើយទាំងព្រាប សុវត្ថិ និងភរិយា កំពុងលើកទឹកចិត្តកូនខ្លាំង ដោយអ្នកស្រីឡុង ស្រីមុំ ថែមទាំងទៅរៀបចំសម្លៀកបំពាក់ផាត់មុខ ធ្វើសក់ឲ្យកូន ពេលថត និងឡើងឆាករាំអមឪពុកគេនោះទៀតផង ដែលរឹតតែបញ្ជាក់ថា គ្រួសារព្រាប សុវត្ថិ មានសុភមង្គលខ្លាំងជាងមុនទៀតនៅពេលនេះ៕

RELATED ARTICLES