Saturday, April 20, 2024
Homeព័ត៌មានជាតិប្តីស្លូតពេក ប្រពន្ធវាយជាន់ក

ប្តីស្លូតពេក ប្រពន្ធវាយជាន់ក

រាល់អំពើហិង្សាក្នុងគ្រួសារ ដែលកើតមានឡើងកន្លងមក ភាគច្រើនបុរសជាប្តី ជាអ្នកវាយដំលើប្រពន្ធ ឱ្យឈឺសាច់រងទឹកភ្នែក ប៉ុន្តែសម្រាប់បុរសម្នាក់នេះ ស្លូតបូតពេក ត្រូវប្រពន្ធវាយជាន់ក ដោយសារផឹកស្រា និងខ្ជិលធ្វើស្រែចម្ការ ដោយសុខចិត្តអង្គុយយំសម្រក់ ទឹកភ្នែក ដែលករណីបែបនេះ កម្រកើតមានក្នុងសង្គមខ្មែរណាស់…។

លោកឃុន មឿត អាយុ៣៩ឆ្នាំ រស់នៅភូមិ ខាំគើត ឃុំកំពង់ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ បនារៀបរាប់ពីដំណើរជីវិតឱ្យដឹងថា លោកមានឪពុក ឈ្មោះជួន សាម៉េន អាយុ៥៨ឆ្នាំ ជាមេភូមិកំពុងរស់ នៅសព្វថ្ងៃនេះ។ លោកបានរៀបការជាមួយប្រពន្ធ ឈ្មោះនូ វី អាយុប្អូនប្តី២ឆ្នាំ រួមរស់ជាមួយគ្នាបង្កើត កូនប្រុសស្រីបានចំនួន៥នាក់ សម្រាប់តពូជពង្សវង្ស ត្រកូលទៅថ្ងៃមុខ។ មុនពេលរៀបការប្រពន្ធលោក កើតឆ្នាំទន្សាយ ស្លូតគួរឱ្យស្រលាញ់ណាស់ លុះក្លាយជាប្រពន្ធប្តីនឹងគ្នា ស្រាប់តែនាងក្លាយទៅជាឆ្នាំខ្លាទៅវិញ តែងបញ្ចោញក្រចកទះតប់លើរូបរាងកាយ ប្តី មិនដែលឱ្យលោករស់នៅបានសេចក្តីសុខម្តង ណាឡើយ។ សូម្បីតែឪពុកលោកបង្កើតក៏កាន់ជើង ប្រពន្ធដែរ តែងរួមដៃគ្នាចាប់ប្តីវាយដំច្រំធាក់រូបលោក ដោយយកការអប់រំធ្វើជាលេស។

លោកឃុន មឿត កំពុងយំ ពេលប្រពន្ធវ៉ៃ

បុរសអភ័ព្វរូបនេះបញ្ជាក់ថា តាំងពីចាប់ដៃ គ្នាជាប្តីប្រពន្ធអស់រយៈពេល១០ឆ្នាំមកនេះ នាង ហ៊ានវាយដំលើរូបលោកមិនតិចដងទេ រហូតរាប់ ភ្លេចឯណោះ ចំណែកលោកវិញ មិនហ៊ានលើកដៃគោះ នាងមួយប៉ូកទេ ខ្លាចខូចសាច់ប្រពន្ធ តែនាងវិញ វាយសន្ធាប់លើរូបប្តី គ្មានដកដៃ និងឡើងជិះជ្រែង ពីលើមិនឱ្យលោកមានឱកាសរើបម្រះរួចឡើយ ម៉្លោះ ហើយ បណ្តោយឱ្យនាងវាយមួយអស់ចិត្ត ព្រោះ គ្មានអ្វីត្រូវឈឺផង បើដៃមនុស្សស្រីស្រាលមិនស្មើ ស្រមោចខាំផងនោះ។ តាមពិតទៅ លោកមិនមែនគ្មាន កម្លាំងវាយមិនឈ្នះប្រពន្ធទេ ប៉ុន្តែមិនចង់ប្រើដៃជើង លើប្រពន្ធតែម្តង ម៉្យាងទៀតវាខុសនឹងច្បាប់រដ្ឋផង តែបែរជាមានអ្នកស្រុកខ្លះគិតថា លោកជាមនុស្ស អន់វាយមិនឈ្នះមនុស្សស្រីទៅវិញ។ តែយ៉ាងណា លោកនៅតែប្រកាន់ជំហរមិនវាយតបតប្រពន្ធវិញ នោះឡើយ សុខចិត្តទ្រាំការឈឺចាប់បង្ហូរទឹកភ្នែក ខ្លួនឯង ដើម្បីសេចក្តីសុខ។
លោកមឿក បន្តឱ្យដឹងទៀតថា តាមពិតទៅលោក ចូលចិត្តរាប់អានញាតិជិតខាងណាស់ នៅពេលទំនេរ តែងទៅអង្គុយព័ទ្ធវង់ជល់កែវជាមួយអ្នកស្រុក ដើម្បីរឹតចំណងមិត្តភាព តែប្រពន្ធមិនយល់ពីអារម្មណ៍របស់ប្តីឡើយ ឱ្យតែលោកត្រឡប់ពីផឹកស្រាចូលដល់ផ្ទះ នាងរករឿងឈ្លោះ រួចវាយសន្ធាប់ឡើងជិះពីលើប្តី តែម្តង មិនឱ្យលោកមានឱកាលរើបម្រះ ឬរត់គេច ខ្លួនទាន់ឡើយ។

នាងនូ វី

នាងនូ វី អាយុ៣៧ឆ្នាំ ជាប្រពន្ធបានឱ្យដឹងថា នាងមិនចង់វាយប្តីទេ នាំឱ្យអាប់ឱនកិត្តិយសគ្រួសារ និងញាតិមើលមកវាមិនសមទំនងផង ពីរឿងប្រពន្ធ វាយប្តីនោះ ប៉ុន្តែនាងទ្រាំជាមួយប្តីរូបនេះមិនបាន មួយថ្ងៃៗគិតតែពីអង្គុយនៅតៀមស្រា ផឹកស្រវឹង ធ្លាក់ភ្នែករាល់ថ្ងៃ មិនខ្វាយខ្វល់ពីរឿងធ្វើការរកប្រាក់ ចង់មាន ចង់បានអ្វីឡើយ ទុកឱ្យប្រពន្ធកូនជាអ្នករកស៊ីចិញ្ចឹមទៅវិញ តើឱ្យស្រីណាទ្រាំនឹងប្តីរបៀប នេះបានទៅ? សូម្បីតែឪពុកម្តាយក្មេក (ឪពុកម្តាយបង្កើតប្តី) ក៏មិនគាំទ្រនឹងទង្វើកូនប្រុសដែរ ព្រមទាំង ធ្លាប់ចាប់វាយ និងស្តីប្រដៅកូនប្រុសចំនួន៤-៥ដង ឯណោះ ដើម្បីឱ្យភ្ញាក់រលឹកខំប្រឹងធ្វើការរកប្រាក់ចិញ្ចឹម ប្រពន្ធកូន តែប្រៀបដូចជាចាក់ទឹកលើក្បាលទា។

ផ្ទះលោកឃុន មឿត

ស្ត្រីជាប្រពន្ធរូបនេះបន្តថា ប្តីនាងមិនត្រឹមតែ ស្រវឹងខួប និងមិនសង្វាតរឿងការងារស្រែចម្ការទេ ថែមទាំងកើតរោគប្រចណ្ឌប្រពន្ធ ចោទប្រកាន់មាន ប្រុសឈ្មោល ឱ្យតែចូលដល់ផ្ទះ ប្តីតែងកម្រើកតណ្ហា កេះកៀវប្រពន្ធរួមរ័កមេត្រី លុះនាងមិនព្រម ក៏បង្ក ជាជម្លោះតែម្តង។ បើនិយាយតាមត្រង់ នាងមិន កំណាញ់ខ្លួនទេ តែបើប្តីមិនសង្វាតរឿងការងារផង ក្រែងលោថ្លោះធ្លោយមានកូនទៀត តើបានអ្នកណា រកស៊ីចិញ្ចឹមនោះ? ដូច្នេះហើយបានជានាងមិនឱ្យប្តី ប៉ះពាល់ខ្លួន ចៀសវាងមានកូនទៀត។

លោកជួន សាម៉េន

លោកជួន សាម៉េន ជាឪពុក និងជាមេភូមិ បាន ឱ្យដឹងថា កូនប្រុសគាត់ម្នាក់នេះ យកស្រាធ្វើជាត្រីមុខ ពិបាកប្រដៅអប់រំណាស់ ទើបលោកទប់ចិត្តខ្លួន ឯងមិនបាន ក៏ជ្រុលជ្រួស លើកដៃវាយរូបគេ ជាបន្តបន្ទាប់មកនេះ ក្នុងបំណងឱ្យកូនភ្ញាក់រលឹកបោះចោល ដបស្រា សង្វាតការងារឡើងវិញ។ ចំណែកកូនប្រសាវិញ ក៏មិនអាចទ្រាំនឹងប្តីប្រមឹករបៀបនេះបានដែរ នាងតែងវាយជាន់កប្តីតែញឹក ប៉ុន្តែសំណាងដែរ ដែល រូបគេមិនហ៊ានវាយតបតប្រពន្ធវិញ បានត្រឹមតែដើរ អួតក្អេងក្អាងប្រាប់អ្នកស្រុកថា រូបគេមិនចង់វាយ ប្រពន្ធ ព្រោះបើតដៃច្បាស់ជាប្រពន្ធរមូរដូចកម្ទេល ជាមិនខាន។

លោកយាយគឹម វ៉ាន

លោកយាយគឹម វ៉ាន អាយុ៦១ឆ្នាំ និងអ្នកស្រី ប៉ង លាង អាយុ៤៥ឆ្នាំ ជាមីង និងអ្នកជិតខាងបាន ឱ្យដឹងស្របគ្នាថា លោកឃុន មឿត ពូកែតែលើកកែវ ផឹកស្រាប៉ុណ្ណោះ តែបើរឿងការងារមិនព្យាយាម ប៉ុន្មាន ទើបស្ត្រីជាប្រពន្ធទ្រាំនឹងប្តីរូបនេះមិនបាន ចេះតែវាយដំប្តី ហើយរាល់ពេលមានជម្លោះម្តងៗ ឃើញតែស្ត្រីជាប្រពន្ធជិះពីលើវាយជាន់កប្តី រីឯប្តីវិញ បានត្រឹមតែដើរអួតគេឥតប្រយោជន៍ យកលេសមិន ចង់វាយប្រពន្ធ ដើម្បីកុំឱ្យខ្មាសញាតិខ្លាំងពេក។

អ្នកស្រី ប៉ង លាង

ករណីប្រពន្ធវាយជាន់កប្តី អ្នកយកព័ត៌មាន យើងទើបតែជួបប្រទះឃើញប្រពន្ធវាយប្តីឱ្យស្រក់ ទឹកភ្នែកនៅចំពោះមុខកាមេរ៉ាថត ដែលជារឿងកម្រ មួយកើតមានឡើងនៅក្នុងសង្គមខ្មែរ ណាស់។ តែ យ៉ាងណា បើប្តីមិនផឹកស្រាស្រវឹងឡើងជោកជាំទន់ ខ្លួនទេ ប្រហែលជាប្រពន្ធមិនធ្វើដល់ថ្នាក់ម៉្លឹងទេ ព្រោះ ជាភាពអាម៉ាស់បំផុត សម្រាប់មនុស្សប្រុស…”៕

RELATED ARTICLES