Friday, March 29, 2024
Homeព័ត៌មានជាតិប្រុសស្នេហ៍បានខ្លួនចង់ដោះដៃ ស្រីឱបបង្វេចរត់ឡើងផ្ទះ

ប្រុសស្នេហ៍បានខ្លួនចង់ដោះដៃ ស្រីឱបបង្វេចរត់ឡើងផ្ទះ

នារីម្នាក់នេះ បានបង្កាត់ភ្លើងស្នេហ៏ជាមួយប្រុសស្នេហ៏ រហូតូប្រគល់ព្រហ្មចារីឱ្យប្រុស ថ្លើមថ្លៃឆីគ្មានស្តាយស្រណោះ លុះប្រុសស្នេហ៍ ស្គាល់ប្រាណឆ្អែតស្កប់ស្កល់មានបំណងចង់ ដោះដៃចោល នាងក៏ឱបបង្វេចរត់ឡើងផ្ទះ ទាមទារឱ្យប្រុសស្នេហ៍ទទួលខុសុត្រូវលើជីវិតនាង ធ្វើឱ្យចាស់ទុំទើសទាល់ ក៏រៀបចំសែនព្រេនបង្គ្រប់កិច្ច ក្លាយជា ប្តីប្រពន្ធ រួមរស់ជាមួយួគ្នាមកដល់សព្វថ្ងៃ….។

នាងសោម ញ៉ឹប អាយុ១៩ឆ្នាំ រស់នៅភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានរៀបរាប់ឱ្យដឹងថា នាងជាកូនទី២ ក្នុងចំណោមបងប្អូន៧នាក់ ដែលឪពុកឈ្មោះសាន់ សោម អាយុ៥២ឆ្នាំ និងម្តាយឈ្មោះថេត ណៃ អាយុ៤៨ឆ្នាំ និងមានស្រុកកំណើតនៅភូមិសម្បូរ ឃុំម្លូរព្រៃមួយ ស្រុកឆែប ជាមួយគ្នា។ ហើយនាងមានប្តីឈ្មោះសុខា ណាន អាយុបងនាង៦ឆ្នាំ តែរួមរស់ជាមួយគ្នា អស់រយៈពេល១ឆ្នាំ កន្លងមកហើយី មិនទាន់រកកូន១ គ្រាប់តពូជ នឹងគេបានឡើយ។ តាមពិតទៅ ចំណងស្នេហ៍ពួកនាងកើត ឡើងតាំងពីកំលោះក្រមុំ ដោយស្គាល់គ្នាតាមរយៈច្រឡំលេខទូរសព្ទ័ ដែលកាលនោះ ប្តីសុំរាប់អាននាងធ្វើជាមិត្តភក្តិប៉ុណ្ណោះ។ លុះពេលបានសាសងសម្តីពីរោះរណ្តំនឹង គ្នាតាមរលកធាតុអាកាសយូរៗទៅ ទំនាក់ទំនងពួកនាង បានរីកដុះដាលក្លាយជាសេចក្តីស្នេហា ហៅគ្នាអូន! បង! យ៉ាងផ្អែមរលួយ ទាំងមិនស្គាល់មុខមាត់គ្នាពិតយ៉ាងដូចម្តេចផង។ ហើយឱ្យតែព្រលប់ឡើងមិនទាន់ទេ ពួកនាងតែងស្រវាទូរស័ព្ទ ចុចសាសងគ្នាបំពក់ភ្លើងស្នេហ៍ឱ្យឆាប ឆេះកើនទ្វេឡើង ទៅតាមពេលវេលា រហូតមានយប់ខ្លះ សាសងសម្តីនឹងគ្នា រកពេលដេកពួនមិនបានទៀតផង។

លោកសុខា ណាន

នាងញ៉ឹប បន្តទៀតថា ក្រោយពីផ្តើមស្នេហ៍នឹងគ្នា អស់រយៈពេលកន្លះឆ្នាំ បន្ទាប់ពីស្គាល់ចិត្តថ្លើមគ្នាជ្រៅរាក់ ត្រជាក់ក្តៅ គូស្នេហ៍ពួកនាងបានធ្វើការណាត់ជួបមុខគ្នា។ ហើយក្រោយពីបានឃើញរូបរាងសម្រស់គ្នាទៅវិញ ទៅមក ពួកនាងក៏ពេញចិត្តពេញថ្លើមស្រលាញ់គ្នាស្តូកតែម្តង និងណាត់ជួបគ្នាបណ្តើរគ្នាដើរលេងសាងអនុស្សាវរីយ៍ ដ៏ផ្អែមល្ហែមរួមគ្នាជាបន្តបន្ទាប់។ ពេលនោះ ប្រុសស្នេហ៍ តែងលួងលោមសុំរួមរ័កមេត្រីជាមួយនាងផងដែរ ដោយ រូបគេបានអះអាងថា រូបគេស្រលាញ់នាងខ្លាំងណាស់ស្ទើរ លេបទុកក្នុងពោះទៅហើយ យកធ្វើជាគូជីវិតមិនបោះបង់ ចោលឡើយ ហើយបើព្រមឱ្យរូបគេស្គាល់រសជាតិខ្លួនប្រាណ ក្នុងរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ គេនឹងនាំចាស់ទុំ ចូលស្តីដណ្តឹងនាងដល់មេបា រៀបការយកធ្វើជាប្រពន្ធពេញច្បាប់តែម្តង។ គ្រាន់តែបាន ឮសម្តីផ្អែមល្ហែមប្រុសស្នេហ៏បែបនេះ សមស្របចិត្តនាងស្រលាញ់គេពេញក្នុងបេះដូងផង ក៏ជឿស្លុង ដូចត្រូវមន្តសណ្តំព្រមប្រគល់ព្រហ្មចារីឱ្យប្រុសថ្លើមថ្លៃឆីអស់គ្មានអល់ឯក ក្រោយៗមក គូស្នេហ៍ពួកនាង តែងស្កាត់ជួបគ្នាប្តូរសាច់ប្តូរឈាមជាបន្តបន្ទាប់។

នាងសោម ញ៉ឹប

នាងសោម ញ៉ឹប ឱ្យដឹងបន្តថា លុះមួយអាទិត្យកន្លងផុតទៅ ប្រុសស្នេហ៍មិនគោរពតាមពាក្យសន្យា របស់ខ្លួនទេ ធ្វើព្រងើយកន្តើយ ដោយមានបំណងចង់បោះបង់នាងចោល ទើបនាងកើតទុក្ខមិនសុខចិត្តបំណាច់ តែអស់ព្រហ្មចារីទៅហើយ ក៏កាត់កេរ្តិ៍កាត់ខ្មាសឱបបង្វេចរត់ឡើងផ្ទះប្រុសស្នេហ៍តែម្តង ទាមទារឱ្យចេញ មុខមកទទួលខុសត្រូវលើជីវិតនាង ទើបចាស់ទុំទាំងសងខាងទើសទាល់ក៏ចាប់សែនព្រេនមួយព្រឹកបង្គ្រប់កិច្ចឱ្យពួកនាងក្លាយជាប្តីប្រពន្ធពេញច្បាប់តែម្តងទៅ។
នាងសោម ញ៉ឹប បន្តឱ្យដឹងទៀតថា ចាប់តាំងពីរួមរស់ជាមួយគ្នាមក ជីវិតនាង ទទួលបានសេចក្តីសុខពីប្តីតិចតួចបំផុត។ បើតាមនាងសង្កេតឃើញ ប្តីហាក់បីដូចជា មិនស្រលាញ់នាងស្ម័គ្រស្មោះឡើយ ពោលគឺបំណងចង់បានខ្លួនប្រាណរបស់នាង សម្រាប់តែសប្បាយតណ្ហាប៉ុណ្ណោះ។ លុះពេលនាងតាមស្អិតរើខ្លួនមិនរួច ក៏ព្រមទទួល យកនាងធ្វើជាប្រពន្ធតែម្តង តែពេលរួមរស់ជាមួយគ្នា ប្តីតែងប្រើពាក្យទ្រគោះបោះបោក និងដើរផឹកស៊ីជាមួយបនភឿនបាត់ៗពីផ្ទះ។ មិនតែប៉ុណ្ណោះ ហើយនាងធ្វើអ្វីក៏មិនត្រូវ ចិត្តប្តីដែរ មានពេលខ្លះកំពុងដេកក្នុងមុងក៏ឈ្លោះប្រកែកគ្នាដែរ ប្តីធ្វើបែបនេះដាក់ប្រពន្ធ ក្នុងបំណងឱ្យនាងរួមរស់ជាមួយគេមិនបានសុខ ដើម្បីដើរចេញពីគេដោយមិនបាច់ដេញ។ តែយ៉ាងណា នាងអាចស៊ូទ្រាំមិនព្រមទៅណាឡើយ ព្រោះម្តាយក្មេកនិងមីង ស្រលាញ់នាងណាស់ តែងផ្តល់កម្លាំងចិត្តដល់នាងគ្រប់ពេល និងមិនព្រមឱ្យនាង ចេញទៅណាឡើយ។

ផ្ទះអ្នកស្រីអ៊ុំ ធឿន

លោកសុខា ណាន ជាប្តីបានឱ្យដឹងថា កាលពីសាងស្នេហ៏ជាមួយប្រពន្ធ លោក មានចិត្តស្រលាញ់នាងស្ម័គ្រស្មោះណាស់ មិនមានបំណងលេងសើចយកខ្លួនប្រាណ របស់នាង សម្រាប់តែសប្បាយក្នុងផ្លូវកាមគុណទេ ប៉ុន្តែមិនទាន់ទាំងរៀបចំខ្លួននាំ ចាស់ទុំចូលស្តីដណ្តឹងនាងផង ស្រាប់តែនាងលេងផ្លូវកាត់រត់ឡើងផ្ទះលោកបាត់ទៅហើយ ដែលរឿងនេះហើយ ធ្វើឱ្យលោកហាក់បីដូចជាមិនសប្បាយចិត្តជាមួយ ប្រពន្ធឡើយ ព្រោះលោកចង់រៀបការជាមួយនាងឱ្យបានគគ្រឹកគគ្រេង មិនមែនសែនព្រេនមួយព្រឹកបង្គ្រប់កិច្ច ដូចនេះទេ ព្រោះពួកលោកក្លាយជាប្តីប្រពន្ធនឹងគ្នាពេញច្បាប់ទៅហើយ។

លោកយាយពិន សុន

បុរសជាប្តីរូបនេះបញ្ជាក់ថា លោកមិនមានគំនិតធ្វើបាបចិត្តនាងឱ្យចុះចេញពីផ្ទះឡើយ តែរឿងរ៉ាវទាំង អស់នេះ គឺកើតឡើងដោយសារពួកលោក រស់នៅមិនចុះសម្រុងនឹងគ្នាតែប៉ុណ្ណោះ។ រីឯប្រពន្ធលើកឡើងថា លោកដើរផឹកស៊ី ឬមិនស្រលាញ់ថ្នាក់ថ្នមនាងនោះ វាមិនត្រូវទេ ព្រោះលោកមិនដែលដើរចោលផ្ទះ ទុកឱ្យប្រពន្ធ ដេកតែម្នាក់ឯងឡើយ។ បើលោកស្រលាញ់ថ្នាក់ថ្នមប្រពន្ធប៉ុណ្ណឹងហើយ នាងនៅមិនត្រូវចិត្តទៀត លោកក៏ មិនដឹងធ្វើយ៉ាងម៉េចទៀតដែរ។

អ្នកស្រីអ៊ុំ ធឿន

អ្នកស្រីអ៊ុំ ធឿន អាយុ៥៨ឆ្នាំ ជាម្តាយបានឱ្យដឹងថា គាត់អាណិតកូនប្រសាស្រីខ្លាំងណាស់ ព្រោះនាង មានចរិតស្លូតបូត គោរពប្រតិបត្តិគាត់ជាម៉ែក្មេក និងប្តីណាស់ ខុសតែកូនប្រុសរបស់គាត់តែម្នាក់ប៉ុណ្ណោះ ដែលមិនសូវស្គាល់សុខទុក្ខប្រពន្ធ តែងទៅផឹកស្រា ដើរលេងសប្បាយរាល់ថ្ងៃ។ លុះពេលគេចូលដល់ផ្ទះ ស្រវឹងធ្លាក់ភ្នែក រករឿងស្តីបន្ទោសឱ្យប្រពន្ធទៀត ទោះជាគាត់ជាម្តាយអប់រំស្តីប្រដៅយ៉ាងណា ក៏គេមិនសូវ យកចិត្តទុកដាក់ស្តាប់ឡើយ។ បើទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយ គាត់មិនឱ្យកូនប្រសារដ៏ល្អនេះ ទៅណាឡើយ តែបើកូនប្រុសព្រាត់ប្រាសឆ្ងាយទៅណា ក៏គាត់មិនខ្វល់ដែរ។

លោកពៅ អាត

លោកពៅ អាត អាយុ៣២ឆ្នាំ និងលោកយាយពិន សុន ជាសាច់ញាតិ បានឱ្យដឹងស្របគ្នាថា ពួកគាត់ អាណិតក្មួយប្រសាស្រីរូបនេះខ្លាំងណាស់ ដែលប្តីមិនសូវយក ចិត្តទុកដាក់ស្រលាញ់ថ្នាក់ថ្នមនាង តែងបង្កជម្លោះក្នុងរង្វង់ គ្រួសារ ក្នុងបំណងធ្វើបាបប្រពន្ធឱ្យទ្រាំមិនបាន ចុះចេញពីជីវិត របស់គេ។ តែយ៉ាងណា ពួកគាត់ក៏ដូចជាម៉ែក្មេក ដ្បិតតែជាសាច់ថ្លៃមែន ប៉ុន្តែក៏ស្គាល់ខុសស្គាល់ត្រូវ និងនៅតែស្រលាញ់ ផ្តល់កម្លាំងចិត្តឱ្យនាងគ្រប់ពេល។
រីឯអ្នកស្រុកមួយចំនួនទៀតបានឱ្យដឹងថា កាលពីកំលោះ ក្រមុំ ប្តីប្រពន្ធនាងសោម ញ៉ឹប ស្រលាញ់ផ្អែមល្ហែមនឹងគ្នា ណាស់ រហូតបង្កាត់ភ្លើងស្នេហ៏ជ្រុលជ្រួសខ្លួនប្រាណទុំមុន ស្រគាលទៀតផង មិនត្រឹមតែប៉ុណ្ណោះ ស្ត្រីជាប្រពន្ធកាត់កេរ្តិ៍ខ្មាសឱបបង្វេចរត់ឡើងផ្ទះប្រុសស្នេហ៍ ដើម្បីរស់នៅជាមួយួ ប្រុសដែលខ្លួនស្រលាញ់។ តែទីបំផុតបុរសជាប្តី មិនសូវជា យកចិត្តទុកដាក់ថ្នាក់ថ្នមប្រពន្ធទេ ធ្វើឱ្យនាងអស់សង្ឃឹមជាខ្លាំង។ តែយ៉ាងណា ប្តីប្រពន្ធពួកគេនៅរួមរស់ជាមួយួគ្នាបាន មិនទាន់ដល់ថ្នាក់ពាក់មុខយក្សដាក់គ្នាគ្រប់ពេលនោះឡើយ…”៕

RELATED ARTICLES