Thursday, April 18, 2024
Homeព័ត៌មានជាតិម៉ោង៣កន្លះទៀបភ្លឺ ឌុបសង្សារចេញពីក្លឹប ត្រូវចោរស្ទាក់វាយប្លន់យកម៉ូតូ

ម៉ោង៣កន្លះទៀបភ្លឺ ឌុបសង្សារចេញពីក្លឹប ត្រូវចោរស្ទាក់វាយប្លន់យកម៉ូតូ

ភ្នំពេញ ៖ គូស្នេហ៍មួយគូ ទើបតែមានឱកាសនាថ្ងៃបុណ្យអុំទូកឌុបគ្នាដើរលេង ដើរសាងអនុស្សាវរីយ៍ ចូលក្លឹបផឹកសុីសប្បាយឲ្យអស់ដៃ គាប់ជួនត្រូវក្រុមចោរអប្រិយដេញស្ទាក់វាយប្លន់តាមផ្លូវយកម៉ូតូទៅបាត់ដោយសុវត្តិភាព បណ្តាលឲ្យរងរបួសធ្ងន់ ចំណែកស្រីស្នេហ៍រងរបួសស្រាល កាលពីវេលាម៉ោង៣និង២៥នាទីទៀបភ្លឺ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ។

ជនរងគ្រោះមានឈ្មោះ នាក់ ថានុត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបាង ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាម្ចាស់ម៉ូតូ ម៉ាកហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GA-1063 ។ ចំណែកស្រីស្នេហ៍ មានឈ្មោះ ជ័យ ស្រីនាថ អាយុ១៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានទីលំនៅភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ជាគូសង្សារនឹងគ្នា ក្រោយទំនេរពីការងារ ថ្ងៃឈប់សម្រាកចំថ្ងៃបុណ្យអុំទូក បបួលនាំគ្នាជិះម៉ូតូដើរលេង រហូតដល់យប់ ឌុបគ្នាចូលក្លឹប វ៉ាវ តាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីង សង្កាត់ចោមចៅ៣ រហូតដល់វេលាម៉ោងខាងលើ ក្រោយពីសប្បាយអស់ចិត្ត ទើបនាំគ្នាចេញពីក្លឹប ជិះម៉ូតូវិលត្រឡប់ទៅផ្ទះ ធ្វើដំណើរតមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់វត្តស្លែង ស្រាប់តែលេចមុខជនសង្ស័យគ្នា៤នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក មកកាក់ស្ទាក់ពីមុខ រួចធ្វើសកម្មភាពវាយប្លន់ យកម៉ូតូទៅបាត់ដោយសុវត្ថិភាព បណ្តាលឲ្យរងរបួសធ្ងន់ រយះក្បាលពីក្រោយ រយះដៃ ចំណែកស្រីស្នេហ៍របួសដៃស្រាល ។

តាមនារីជាស្រីស្នេហ៍បានឲ្យដឹងថា មុនកើតហេតុ ពួកគេទាំង២នាក់ ទើបចេញពីក្លឹប វ៉ាវ ជិះម៉ូតូឌុបគ្នាវិលត្រឡប់ទៅផ្ទះឯភូមិសាក់សំពៅ ទើបតែមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យគ្នា៤នាក់ ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាក ប្រដាប់ដោយដំបង កាំបិត តាមមកស្ទាក់កាក់ឲ្យឈប់ វាយចាក់ប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ករណីវាយប្លន់ខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ តែជនសង្ស័យគេចខ្លួនបាត់ ប៉ូលិសទៅដល់បានជួយហៅរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្សី ខណៈដែលស្ថានភាពរបួសធ្ងន់ធ្ងរសន្លប់ស្តូក ។

ក្រោយពីកើតរឿងរ៉ាវខាងលើ សមត្ថកិច្ចទាំងមូលដ្ឋាន ទាំងសមត្ថកិច្ចជំនាញខណ្ឌដង្កោ បន្តធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាខាងលើ ៕

RELATED ARTICLES