Friday, April 26, 2024
Homeព័ត៌មានជាតិកូនប្រុសចិត្តខ្លាំង លើកដាវដេញកាប់ឳម៉ែ និងរស់នៅទាំងភាពភ័យខ្លាច ត្រូវជាប់ខ្នោះ

កូនប្រុសចិត្តខ្លាំង លើកដាវដេញកាប់ឳម៉ែ និងរស់នៅទាំងភាពភ័យខ្លាច ត្រូវជាប់ខ្នោះ

ខេត្តតាកែវ ៖ យុវជនឈាមរាវម្នាក់ ព្រោះតែខឹងនឹងរឿងសុំលុយពីឪពុកម្តាយយកទៅទិញថ្នាំញៀនជក់អត់បាន ក៏ទាញដាវនិងកាំបិតដេញកាប់ឪពុកម្តាយទាំងកំរោល ធ្វើឱ្យឪពុកម្តាយភ័យស្លន់ស្លោ រត់គេចខ្លួនទាំងព្រលឹងចុងសក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិធ្យា ឃុំលាយបូរ ស្រុកត្រាំកក់។

ជនសង្ស័យជាកូនអកតញ្ញូដែលដេញកាប់ឪពុកម្តាយបង្កើតខ្លួនឯងនេះ មានឈ្មោះប៊ិន ខឿនសុជាតិ អាយុ១៩ឆ្នាំ មានលំនៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនសង្ស័យខាងលើ គឺជាមនុស្សមានចរិតកោងកាច មិនចេះស្តាប់បង្គាប់ឪពុកម្តាយ បងប្អូននោះទេ ហើយរាល់ថ្ងៃកំពុងលង់ខ្លួនជាមួយស្រា និងថ្នាំញៀន។ នៅពេលជនសង្ស័យស្រវឹងស្រា ឬបែកថ្នាំម្តងៗ តែងរករឿងអុកឡុកពេញផ្ទះ មិនតែប៉ុណ្ណោះ នៅពេលដែលជនសង្ស័យទារលុយពីឪពុកម្តាយ ឬបងប្អូនយកទៅជក់ថ្នាំញៀន ឬទិញស្រាផឹកមិនបាននោះ គឺតែងរករឿងអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខ្ទេចអស់ ធ្វើឱ្យក្រុមគ្រួសាររស់នៅក្នុងការភ័យខ្លាចរាល់ថ្ងៃ។

ប្រភពដដែលបន្តថា លុះមកដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ជនសង្ស័យមិនដឹងជាទើបនឹងត្រឡប់មកពីជក់ថ្នាំញៀននៅឯណាមិនដឹង ក៏បានមកសុំលុយពីឪពុកម្តាយរបស់ខ្លួន ដើម្បីយកទៅទិញថ្នាំញៀនជក់បន្ត លុះឪពុកម្តាយប្រាប់ថា គ្មានលុយឱ្យទេ ស្រាប់តែកូនប្រុសចិត្តកំណាចរូបនេះច្រឡោតខឹងស្ទុះទៅទាញដាវ និងកាំបិតដេញកាប់ឪពុកម្តាយរបស់ខ្លួនបង្កើតទាំងកំរោល តែសំណាងល្អអ្នកទាំងពីរបានរត់គេចខ្លួនទាន់ពេល ទើបជនសង្ស័យបែរជាមកកាប់បំផ្លាញម៉ូតូ ព្រមទាំងសម្ភារៈក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់ជាច្រើន។

ប្រភពខាងលើ បញ្ជាក់ថា ដោយសារតែទ្រាំនឹងទង្វើឃោរឃៅរបស់ជនសង្ស័យខាងលើតទៅទៀតលែងបាន ទើបឪពុកម្តាយសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ខ្លួនកូនប្រុសកំណាចយកទៅចាត់ការតាមច្បាប់។

ក្រោយទទួលបានពាក្យបណ្តឹងសមត្ថកិច្ច បានចុះចាប់ឃាត់ខ្លួនជនសង្ស័យខាងលើបានកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ និងបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី៕

RELATED ARTICLES