Friday, April 26, 2024
Homeព័ត៌មានជាតិសុំលុយមិនបានហើយ ថែមទាំងត្រូវប្រពន្ធវាយសំពង ប្តីយំសំពះដូចក្មេង

សុំលុយមិនបានហើយ ថែមទាំងត្រូវប្រពន្ធវាយសំពង ប្តីយំសំពះដូចក្មេង

ភ្នំពេញ ៖ ប្តីប្រពន្ធ២នាក់ បានកើតមានទំនាស់នឹងគ្នារឿងលុយកាក់ រហូតឈានដល់អំពើហិង្សា ដោយបុរសជាប្តីលើកដៃវ៉ៃប្រពន្ធមុន ស្រាប់តែប្រពន្ធទ្រាំមិនបានសងវិញយ៉ាងចាស់ដៃ ដោយទាញមួកការពារសុវត្ថិភាពសំពងប្តីផង វ៉ៃទាត់ធាក់ផង ធ្វើឱ្យបុរសជាប្តីស្រែកទ្រហោយំពេញផ្លូវដូចកូនក្មេង ព្រមទាំងបានលើកដៃសំពះប្រពន្ធទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចមុខស្ថានីយប្រេងឥន្ធនៈតេលាអូរបែកក្អម តាមផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្តីប្រពន្ធដែលផ្ទុះហិង្សាដាក់គ្នាខាងលើនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៤០ឆ្នាំ ស្របាក់ស្របាលគ្នា។

តាមប្រភពពីអ្នកដែលបានឃើញហេតុការណ៍ខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុគេឃើញប្តីប្រពន្ធខាងលើ បើកម៉ូតូដឹកគ្នាតាមផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្ថានីយប្រេងតេលា ទីតាំងកើតហេតុខាងលើ ក៏ឃើញឈប់ម៉ូតូ ហើយបុរសជាប្តីនោះឈរ ចំណែកស្ត្រីជាប្រពន្ធអង្គុយ។

ប្រភពដដែលបន្តថា មុនដំបូងគេឃើញបុរសជាប្តីបានវាយប្រពន្ធមុន១ដៃ ស្រាប់តែបន្តិចក្រោយមក ស្ត្រីជាប្រពន្ធបានទាញមួកការពារសុវត្ថិភាពវាយសំពងទៅលើប្តីវិញ ព្រមទាំងវាយផង ទាត់ធាក់ផង ព្រមទាំងស្រែកដាក់ប្តីថា ចង់បានលុយមែន? យកទៅៗ រួចក៏វាយប្តីរហូតដល់បែកមួកការពារសុវត្ថិភាពខ្ទេច។ ចំណែកបុរសជាប្តីវិញ ក្រោយពីត្រូវប្រពន្ធវាយដំយ៉ាងចាស់ដៃបែបនេះ ក៏ស្រែកទ្រហោយំដូចក្មេង ព្រមទាំងបានលើកដៃសំពះប្រពន្ធទៀតផង ធ្វើឱ្យអ្នកដំណើរតាមផ្លូវឈប់ចោមរោមមើលគ្រប់ៗគ្នា។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ សាកសួររកហេតុផល ស្រាប់តែបុរសជាប្តីបែរជានិយាយថា រឿងប្តីប្រពន្ធខ្ញុំទេ រួចក៏ដឹកដៃប្រពន្ធឡើងជិះម៉ូតូដឹកគ្នាចេញបាត់ទៅ ធ្វើឱ្យអ្នកចោមរោមមើល សម្តែងនូវការហួសចិត្តផង អស់សំណើចផង ព្រោះកម្របានឃើញប្រពន្ធប្រើហិង្សាវ៉ៃដំប្តី ដូចវ៉ៃកូន រហូតធ្វើឱ្យប្តីបាក់ស្បាត ស្រែកយំ លើកដៃសំពះប្រពន្ធដូចកូនសុំទោសម្តាយ៕

RELATED ARTICLES