Friday, April 19, 2024
Homeព័ត៌មានជាតិ១ដំបងប្ញស្សី ដេរ៥ថ្នេរ!!! ខឹងស្រីមិនឲ្យថើបហើយគេចមុខ

១ដំបងប្ញស្សី ដេរ៥ថ្នេរ!!! ខឹងស្រីមិនឲ្យថើបហើយគេចមុខ

ខេត្តកំពត ៖ បុរសល្មោភកាមម្នាក់ ឃើញស្ត្រីម្នាក់កំពុងដើរតាមផ្លូវ ក៏ស្ទុះទៅចាប់ថើបទាំងកំរោល តែត្រូវស្ត្រីរងគ្រោះរើបម្រះ និងព្យាយាមគេចមុខចេញ ស្រាប់តែធ្វើឱ្យប្រុសព្រានល្មោភកាមផ្ទុះកំហឹងខឹងស្រីមិនឱ្យថើប ក៏ស្ទុះទៅទាញដំបងប្ញស្សីមកវាយសំពងចំក្បាលស្ត្រីរងគ្រោះ បណ្តាលឱ្យបែករយះថ្ងាស ដេរអស់៥ថ្នេរ ចំណែកប្រុសព្រានចិត្តកំណាចត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឱ្យប៉ូលិសចាត់ការតាមច្បាប់។

ករណីប្រុសចាប់ស្រីថើបមិនបាន ផ្ទុះកំហឹងសំពង១ដំបងប្ញស្សីរយះថ្ងាសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច។

បុរសជាជនបង្កហេតុខាងលើ មានឈ្មោះ កប ប្រុស អាយុ៤៧ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះស៊ុន មុំ អាយុ៣៦ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា រងរបួសរយះថ្ងាសដេរ៥ថ្នេរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ កំពុងដើរនៅតាមផ្លូវក្នុងភូមិតែម្នាក់ឯង លុះពេលមកដល់ចំណុចកើតហេតុខាងលើ  ស្រាប់តែលេចមុខជនសង្ស័យខាងលើ ស្ទុះទៅចាប់ឱបស្ត្រីរងគ្រោះ និងប៉ុនប៉ងថើបទាំងកំរោល តែភ្លាមនោះស្ត្រីរងគ្រោះបានព្យាយាមគេចមុខចេញ និងប្រឹងរើបម្រះ ព្រមទាំងស្រែកឆោឡោហៅគេឯងឱ្យជួយ ធ្វើឱ្យជនសង្ស័យខឹងស្ត្រីរងគ្រោះ មិនព្រមឱ្យខ្លួនថើបតាមសម្រួល ក៏ស្ទុះទៅទាញដំបងប្ញស្សី វាយទៅស្ត្រីរងគ្រោះ១ដំបង ចំថ្ងាស បណ្តាលឱ្យបែកហូរឈាមស្រោចខ្លួន និងត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដេរមុខរបួសចំនួន៥ថ្នេរ។

ក្រោយកើតហេតុ ជនសង្ស័យត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ខ្លួនប្រគល់ទៅឱ្យសមត្ថកិច្ច ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើ បានលើកឡើងថា ស្ថានភាពរបស់ជនបង្កហេតុ សព្វថ្ងៃនេះ គឺជាមនុស្សមានសតិមិនគ្រប់ និងមានចរិតឃោរឃៅខ្លាំងណាស់ តែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋក្នុងភូមិមិនឈប់។ តាមពិត ជនបង្កហេតុខាងលើនេះ ជាមនុស្សគ្មានផ្ទះ គ្មានប្រពន្ធកូន មានតែបងប្អូនប៉ុណ្ណោះ តែបងប្អូនទាំងនោះ ពួកគាត់មិនហ៊ានឱ្យបុរសជាជនបង្កហេតុរស់នៅជាមួយឡើយ បើនិយាយទៅជាមនុស្សរស់នៅគ្មានគោលដៅពិតប្រាកដ  ហើយកន្លងមក បុគ្គលរូបនេះធ្លាប់ជាប់ពន្ធនាគារនៅខេត្តកំពត រយៈពេលជាង១ឆ្នាំ ដោយកាលនោះបានប្រព្រឹត្តហិង្សាដោយចេតនា និងគំរាមសម្លាប់គេ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤។

ពាក់ពន្ធ័រឿងហេតុខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពីបទបង្ករបួសស្នាម ក៏ប៉ុន្តែដោយសារជនសង្ស័យខាងលើនេះ មានសតិមិនប្រក្រតី និងមានចរិតឃោរឃៅ ទើបមិនអាចសាកសួរយកចម្លើយបាននោះទេ។ យ៉ាងណាក្តី ពេលនេះសមត្ថកិច្ចជំនាញកំពុងតែបំពេញឯកសារបញ្ជូនខ្លួនជនសង្ស័យខាងលើ ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES