រថយន្តដឹកថ្មលើសចំណុះ ក្រឡាប់ភីង សង្កត់លើបង្កាន់ដៃស្ពាន

ភ្នំពេញ ៖ ​រថយន្ត​សណ្តោង​ធុនយក្ស ដឹក​ថ្មលើស​ចំណុះមួយ​គ្រឿង ​បានបើក​ចុះ​ស្ពានស្ទឹង​មានជ័យ​ក្នុង​ល្បឿនលឿន​ លុះដល់​ចំណុចផ្លូវ​កោង​មិន​បាន​បន្ថយ​ល្បឿន​ ធ្វើ​ឲ្យ​រថយន្តក្រឡាប់ផ្ងារជើង​មួយចំហៀង​ សង្កត់​លើបង្កាន់ដៃ​ស្ពាន​ បណ្តាលឲ្យរងការ​ខូច​ខាត​ តែសំណាង​ល្អ​មិនមាន​គ្រោះ​ថ្នាក់ដល់​មនុស្ស​ ហេតុការណ៍នេះ​បានកើត​ឡើងនៅ​វេលាម៉ោង១០យប់​ ថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ ចំណុច​ក្រោម​ស្ពាន​ស្ទឹងមាន​ជ័យចាស់​  សង្កាត់​ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតបានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​រថយន្ត​សណ្តោង​ធុន​យក្ស​មួយគ្រឿង​ ម៉ាក​ HINO ពណ៌ខៀវ​លាយ​ទឹក​ប្រាក់​ ​ ពាក់​ស្លាកលេខ​ភ្នំពេញ​ 3A- 2252 ជិះ​គ្នា២នាក់​ ទាំង​អ្នក​បើកបរ​ បានធ្វើ​ដំណើរ​តាមផ្លូវ​២៧១​ ក្នុងទិសដៅ​ពី​ជើងទៅត្បូងមកដល់ស្ពានអាកាសស្ទឹងមានជ័យ​ បានវៀង​ចុះ​តាមផ្លូវ​មាត់​ប្រឡាយ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ​ចាស់​ ក្នុងល្បឿន​លឿន​ លុះ​ដល់​ចំណុចកើត​ហេតុដែល​ជាផ្លូវ​កោង​ ហើយ​ណាមួយ​រថយន្ត​ដឹក​ធ្ងន់​និង​សំពីង​សំពោង​ផងនោះ​ ធ្វើឲ្យរថយន្ត​​​ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​ សង្កត់​លើ​បង្កាន់ដៃ​ស្ពាន​ បណ្តាលឲ្យ​​រងការខូចខាត​អស់​ប្រមាណ​៥០ម៉ែត្រ​ ​ និង​ធ្វើឲ្យរថយន្ត​រងការខូចខាត​អស់​មួយ​ចំហៀង​ខាងស្តាំ​ ហើយ​ភ្លាមៗនោះដែរ​ គេបានឃើញ​អ្នក​បើក​រថយន្ត​ និង​ជំនួយការ​រថយន្ត​ បាននាំ​គ្នា​វា​ចេញ​មក​ក្រៅ​តាម​កញ្ចក់​ ដែល​បែកស្រាប់​ រួចហើយបាន​រត់​គេចខ្លួនបាត់​អស់​ ។

​​ក្រោយ​ពេលកើតហេតុ​ ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន ​និង​ជំនាញបាន​ចុះ​ទៅដល់កន្លែង​កើតហេតុ​រួចហើយ បាន​ទំនាក់ទំនង​ទៅ​ខាង​ជំនាញ​ចរាចរណ៍រាជធានី ​ឲ្យមក​ធ្វើការ​ស្ទូចយក​រថយន្ត​បង្កទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ ​ដើម្បី​ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួនដោះ​ស្រាយ​   ៕