Saturday, April 27, 2024
Homeតារាខ្មែរកម្មវីធីប្រឡងចម្រៀង “ចង់ក្លាយជាតារា” បំផុសឲ្យយុវវ័យស្រលាញ់មរតកសំនៀងដើម

កម្មវីធីប្រឡងចម្រៀង “ចង់ក្លាយជាតារា” បំផុសឲ្យយុវវ័យស្រលាញ់មរតកសំនៀងដើម

កម្មវិធីប្រឡងចម្រៀង “ចង់ក្លាយជាតារា” របស់ស្ថានីយទូរទស្សន៍អប្សារា ប៉ុស្តិ៍លេខ១១ បានឈានដល់វគ្គពាក់កណ្ដាលផ្ដាត់ព្រ័ត្រ ហើយ គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដែលនៅសល់បេក្ខជនបេក្ខនារីតែចំនួន១២នាក់ទៀត ត្រូវចម្រាញ់ជ្រើសរើសបន្តខណៈដែលកម្មវិធីនេះតម្រូវឲ្យបេក្ខជនឆ្លងកាត់ការប្រឡងជាច្រើនទម្រង់ ជាពិសេសបានបំផុសឲ្យយុវវ័យចេះស្រលាញ់មរតកសំនៀងដើម។

លោកណូ សុភេន ពេលផ្តល់សម្ភាសន៍

លោកណូ សុភេន អ្នករៀបចំកម្មវិធីប្រឡងចម្រៀង “ចង់ក្លាយជាតារា” បានថ្លែងឲ្យដឹងថា “កម្មវិធីនេះបានឆ្លងកាត់វគ្គជម្រុះជាច្រើនដំណាក់កាលមកហើយ ដែលមានបេក្ខជនបេក្ខនារីចូលរួមប្រឡងចំនួន១៧២៥នាក់​ ហើយឈានដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រពិសេសនេះគឺនៅសល់បេក្ខជននិងបេក្ខនារីចំនួន១២រូប (ប្រុស៨ស្រី៤នាក់) ដែលនឹងត្រូវជម្រុះ២នាក់បន្ថែមទៀត នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ។ លោកថា កម្មវិធីនេះគឺមានវិញ្ញាសារច្រើន និងលំបាកសម្រាប់យុវវ័យនាពេលបច្ចុប្បន្ននេះ គឺមិនងាយនឹងអាចធ្វើបានទេ ដោយត្រូវឆ្លងកាត់ការប្រឡងជាច្រើនទម្រង់ ទាំងបទសម័យ បទបែបប្រពៃណី និងបទចម្រៀងមរតកដើម ខណៈដែលកម្មវិធីនេះបានជ្រើសរើសលោកគ្រូអ្នកគ្រូដែលជាកំពូលតារាចម្រៀងដែលមានជំនាញច្បាស់លាស់ ជួយដុសខាត់ពួកគាត់ឲ្យក្លាយជាតារាចម្រៀងដែលមានសមត្ថភាពយ៉ាងពិតប្រាកដនាពេលអនាគត។ ដូច្នេះកម្មវិធីនេះ គឺផ្តោតសំខាន់លើការលើកស្ទួយចម្រៀងមរតកដើមនិងលើកស្ទួយចម្រៀងវប្បធម៌ជាតិរបស់យើង។

លោកអៀង សុីធុល

លោកបន្តថា កម្មវិធីនេះមិនមែនតម្រូវឲ្យមានតែទឹកដមសំឡេងល្អប៉ុណ្ណោះទេ ថែមទាំងត្រូវបានលោកគ្រូអ្នកគ្រូដែលមានបទពិសោធន៍ខ្ពស់នៅក្នុងវិស័យសិល្បៈ ដូចជា លោកសុះ ម៉ាច, អ្នកនាងសួន ចន្ថា និងសាស្ត្រាចារ្យ អៀង ស៊ីធុល បានជួយដុសខាត់ពួកគេឲ្យក្លាយជាធនធានខាងវិស័យចម្រៀង ដែលមានទាំងសមត្ថភាព និងក្រមសីលធម៌ វិជ្ជាជីវៈពិតប្រាកដ។

អ្នកស្រី សួន ចន្ថា

លោកណូ សុភេន ក៏បានឲ្យដឹងដែរថា “កម្មវិធីនេះនឹងប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ដែលនឹងត្រូវជ្រើសម្ចាស់ពានឆ្នើមមួយរូប និងជ្រើសម្ចាស់ពានអម២នាក់ទៀត។ លោកថា ម្ចាស់ពាននឹងទទួលបានពានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដូចជា ម៉ូតូ ថវិការមួយចំនួន និងពាន ជាដើម។ ប៉ុន្តែអ្វីដែលកាន់តែពិសេសទៀតនោះ បេក្ខជនបេក្ខនារីដែលឈានដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ពួកគេនឹងក្លាយជាតារាចម្រៀងប្រចាំនៅផលិតកម្មថ្មីមួយរបស់ស្ថានីយទូរទស្សន៍អប្សារា ដោយស្វ័យប្រវត្តិដែលនឹងជួយឲ្យពួកគេក្លាយជាតារាចម្រៀងដែលអាចប្រកួតប្រជែងនៅក្នុងវិស័យចម្រៀងបាន។

លោកសុះ ម៉ាច

ដោយឡែក គណកម្មការ និងជាគ្រូបង្វឹកនៅក្នុងកម្មវិធីនេះ ដូចជា លោកអៀង ស៊ីធុល លោកសុះ ម៉ាច និងអ្នកនាងសួន ចន្ថា បានបង្ហាញពីចំណាប់អារម្មណ៍ និងក្ដីរំពឹងដូចគ្នាថា កម្មវិធីនេះបានបំផុសឲ្យយុវវ័យសម័យនេះចេះស្រលាញ់មរតកសំនៀងដើម និងជួយឲ្យពួកគេមានសមត្ថភាពច្រៀងបានគ្រប់ទម្រង់។ មិនត្រឹមតែប៉ុណ្ណោះ បានជួយដុសខាត់ពួកគេឲ្យក្លាយជាតារាចម្រៀងអាជីពយ៉ាងពិតប្រាកដ ខណៈដែលកម្មវិធីនេះនឹងបង្កើតឲ្យមានប្រចាំឆ្នាំ ដើម្បីជួយលើកស្ទួយវិស័យចម្រៀងនាពេលបច្ចុប្បន្ន៕

RELATED ARTICLES