Friday, April 19, 2024
Homeតារាខ្មែរអ្នកនាងប៉េងប៉ោង មានលុយតែ១មុឺនដុល្លារប៉ុណ្ណោះ នាំឳពុកទៅព្យាបាលនៅប្រទេសថៃ

អ្នកនាងប៉េងប៉ោង មានលុយតែ១មុឺនដុល្លារប៉ុណ្ណោះ នាំឳពុកទៅព្យាបាលនៅប្រទេសថៃ

ភ្នំពេញ ៖ តារាកំប្លែងជើងចាស់ លោកតាវីតាមីនសេ ដែលកើតមានជំងឺដុះដុំសាច់លើថ្លើម និងបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ប៉ុន្មានថ្ងៃ តែមិនទាន់បានធូរស្រាលនៅឡើយនោះ ត្រូវបានក្រុមគ្រួសារសម្រេចចិត្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមួយ ឯប្រទេសថៃ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

តារាកំប្លែង ប៉េង ប៉ោង ត្រូវជាកូនស្រីបង្កើត តារាកំប្លែយវីតាមីនសេ បានបញ្ជាក់ប្រាប់ថា ប៉ុន្មានថ្ងៃនេះ ឪពុករបស់នាងបានធ្វើទុក្ខខ្លាំង ដល់ថ្នាក់សម្រាកលែងបាន ហើយថ្ងូរថា ឈឺចុកចាប់ពេញខ្លួនទៀតផង។ តារាកំប្លែងរូបនេះបន្តថា កាលពីបញ្ជូនទៅវះកាត់នៅមន្ទីរពេទ្យរុស្ស៊ី ក្រុមគ្រូពេទ្យខាងផ្នែកមហារីក មិនហ៊ានធ្វើការវះកាត់ដុំសាច់ដែលដុះក្នុងថ្លើមឪពុកនាងទេ បន្ទាប់ពីដឹងថា ឪពុកនាងមានជំងឺទឹកនោមផ្អែមប្រចាំកាយ និងថែមទាំងមានជំងឺដំបៅក្រពះធ្ងន់ធ្ងរទៀត។

អ្នកនាងប៉េង ប៉ោង បានឱ្យដឹងទៀតថា លុះក្រោយពីត្រឡប់មកសម្រាកនៅផ្ទះវិញ ឪពុករបស់នាងចេះតែធ្វើទុក្ខខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់សម្រាកលែងបាន ទើបនាងនិងក្រុមគ្រួសារសម្រេចចិត្តបញ្ជូនគាត់ (លោកតាវីតាមីនសេ) ទៅកាន់មន្ទីរពេទ្យឯប្រទេសថៃ ដើម្បីទទួលការព្យាបាល និងវះកាត់ ព្រោះនាងបានទាក់ទងខាងពេទ្យថៃ រួចហើយ ហើយគេក៏បានអះអាងថា អាចវះកាត់ដុំសាច់ដែលដុះលើថ្លើមឪពុករបស់នាងបាន ដើម្បីកុំឱ្យរីករាលដាលទៀត។ យ៉ាងណា អ្នកនាងប៉េង ប៉ោង ត្អូញត្អែរថា ការបញ្ជូនឪពុកចេញទៅព្យាបាលនៅប្រទេសថៃនេះ គ្រួសារនាងមានលុយប្រមាណតែ១ម៉ឺនដុល្លារប៉ុណ្ណោះ បានមកពីការបញ្ចាំឡាន និងផ្ទះ។

នៅមុនដំណើរហោះហើរឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីព្យាបាលជំងឺនេះ អ្នកនាងប៉េង ប៉ោង ដែលជាកូនស្រី និងជាជំហតែមួយគត់ក្នុងគ្រួសារលោកតាវីតាមីនសេ បានទួញយំឡើងហើមភ្នែក ដោយសារតែកាត់ទីទាល់ថវិកា ដើម្បីយកទៅព្យាបាលជំងឺឪពុកក្នុងស្ថានភាពសង្គ្រោះនោះ អាចចំណាយខ្ទង់រាប់ម៉ឺនដុល្លារ។

តាមការបញ្ជាក់របស់លោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបញ្ជាក់ឱ្យដឹងថា ដំណើរចេញទៅព្យាបាលជំងឺនៅប្រទេសថៃ របស់លោកតាវីតាមីនសេ នេះ មានការជួយជ្រោមជ្រែងពីលោកឧកញ៉ាបណ្ឌិត សេង គាង ចំនួនថវិកា២ពាន់ដុល្លារ រួមទាំងការទំនាក់ទំនងគ្រូពេទ្យល្បីៗនៅប្រទេសថៃ ឱ្យផងដែរ។

គួរបញ្ជាក់ថា លោកវីតាមីនសេ មានឈ្មោះដើម មាស សាមឿន អាយុ៦៩ឆ្នាំ មានភរិយាឈ្មោះលីវ ស៊ីថា អាយុ៧១ឆ្នាំ។ លោកតា មានកូនចំនួន៤នាក់៕

RELATED ARTICLES