Saturday, April 20, 2024
Homeតារាខ្មែរវី ឌីណែត រាសីឡើងខ្ពស់ បទ "ស៊ូឃ្លាត"

វី ឌីណែត រាសីឡើងខ្ពស់ បទ “ស៊ូឃ្លាត”

តារាចម្រៀងវ័យក្មេង វី ឌីណែត ដែលឈានចូលផលិតកម្មរស្មីហង្សមាស ដំបូង​១ឆ្នាំ ច្រៀងបានតែ១បទនោះ ពេលនេះត្រូវបានទ្រនំធំនេះប្រឹងប្រែងលើកស្ទួយកូនស្រីលោកហួរ ឡាវី រូបនេះខ្លាំង តាមរយៈការផ្តល់តំណែងជាតួឯកក្នុងរឿងភាគផង និងទម្លាក់បទល្អឱ្យច្រៀងផង ដូចជាបទ “ស៊ូឃ្លាត” ដែល Cover ពីវង្ស តារារតនា ជាដើម…។

វី ឌីណែត ចាប់ផ្តើមមានទឹកមាត់លេបឡើងវិញហើយ នៅចុងឆ្នាំ២០១៧ ព្រោះផលិតកម្មរស្មីហង្សមាស ដែលធ្លាប់ព្រងើយកន្តើយចំពោះនាងពេលចូលដំបូង ក្នុង១ឆ្នាំ ទម្លាក់ឱ្យចេញតែ១បទនោះ ស្រាប់តែពេលនេះ ឌីណែត មានរាសីឡើងខ្ពស់ត្រដែត ដោយត្រូវទ្រនំធំនេះទុកចិត្តបានផ្តល់ឱ្យនាងជាតំណែងតួឯកក្នុងភាពយន្តភាគរបស់ខ្លួន រឿង “រាជបុត្រកង្កែប” ដែលតារាតូចច្រឡឹងរូបនេះ ត្រូវចាប់ដៃគូជាតួឯកប៉ះជាមួយនី រតនា។

ស្របពេលដែលឌីណែត បានបន្ថែមអាជីពថ្មី គឺការថតភាពយន្តនេះដែរ ហង្សមាស ថែមទាំងលើកទឹកចិត្តកូនស្រីរបស់លោកហួរ ឡាវី បន្ថែមមួយកម្រិតថែមទៀតនោះ គឺការទម្លាក់បទ “ស៊ូឃ្លាត” ដែលជាបទល្បីល្បាញ និងធ្វើឱ្យគេស្គាល់ម្ចាស់ដើម វង្ស តារារតនា រហូតមកដល់ពេលនេះ ហើយមានតារាស្រីជាច្រើននៅហង្សមាស ពិសេស ប៉ាច គីមមួយ ចង់ច្រៀងបទនេះ បន្តពីរតនា នោះ ទីបំផុត ហង្សមាស បានធ្វើបទនេះដោយឱ្យឌីណែត គឺជាអ្នកច្រៀង។

តាមរយៈបទ “ស៊ូឃ្លាត” នេះ វី ឌីណែត ច្រៀងដោយប្រើប្រាស់សំឡេងខ្ពស់ស្រែកខ្លាំង ហើយតាមរយៈការបង្ហើរសំនៀង Original Songs មួយបទនេះ ឃើញថា កូនស្រីលោកហួរ ឡាវី រូបនេះ មានសមត្ថភាព និងទឹកដមមិនធម្មតាឡើយ ហេតុនេះហើយបានជាមានអ្នកខ្លះបានសន្និដ្ឋានថា ពេលដែលបទ “ស៊ូឃ្លាត” របស់ឌីណែត នេះ ចេញ ជា Full MV ហើយភាពយន្តរឿង “រាជបុត្រកង្កែប” ត្រូវបានដាក់បញ្ចាំងនោះ ឌីណែត នឹងឡើងកេរ្តិ៍ឈ្មោះថែមមួយកម្រិតទៀតជាមិនខាន។

លោកហួរ ឡាវី អតីតតារាចម្រៀងផលិតកម្មឆ្លងដែន និងហង្សមាស និងជាឪពុករបស់វី ឌីណែត បានឱ្យដឹងថា លោកសប្បាយចិត្ត ដែលពេលនេះ កូនគាត់ត្រូវបានហង្សមាស យកចិត្តទុកដាក់ និងផ្តល់ការងារឱ្យធ្វើច្រើនជាងឆ្នាំមុន។

លោកហួរ ឡាវី ថ្លែងថា “ខ្ញុំឃើញកូនស្រីខ្ញុំច្រៀងបទ “ស៊ូឃ្លាត” របស់វង្ស តារារតនា ឡើងវិញ មានអីឃើញល្អច្រើនដែរ។ ពេលនេះ ឌីណែត មានការរវល់ច្រើន ព្រោះហង្សមាស ផ្តល់ឱ្យការថតកុនផង ច្រៀង Concert ផង ថត MV ទៀត អីចឹងគ្នាមិនសូវមានពេលទំនេរទេ ហើយប៉ុន្មានថ្ងៃនេះ ទៅថតកុននៅខេត្តសៀមរាប។ ខ្ញុំមិនហ៊ានសន្និដ្ឋានថា កូនស្រីខ្ញុំថតកុនទៅល្បីជាងមុន ឬអត់ទេ គឺទុកឱ្យមហាជនជាអ្នកវាយតម្លៃទៅចុះ តែខ្ញុំគាំទ្រកូនស្រីទាំងច្រៀង និងថតកុននេះ ហើយធម្មតាទេ ឌីណែត ជាអ្នកចម្រៀងជាប់កុងត្រាឱ្យផលិតកម្មរស្មីហង្សមាស អីចឹងក្រុមហ៊ុនតម្រូវឱ្យថតកុន គឺត្រូវតែថត ទោះជារឿងក្រោយៗទៀតក៏ដោយ”។

វី ឌីណែត ជាអ្នកចម្រៀងវ័យក្មេងដែលច្រៀងចូលចិត្តប្រើប្រាស់សំឡេងខ្លាំង ហើយនាងមានការហាត់ច្រៀងតាំងពីនៅវ័យក្មេងម៉្លេះ ដោយមានឪពុកនាង និងគ្រូបង្រៀនច្រៀងជាភាសាអង់គ្លេស ដែលជាសែរាជវង្សមួយចំនួនទៀត បង្ហាត់នាងឱ្យចេះច្រៀង។ ប៉ុន្តែ នៅពេលសួរថា តើវី ឌីណែត អាចនឹងល្បីល្បាញឈ្មោះលេចធ្លោខ្លាំងនៅហង្សមាស បានដែរឬទេ នាពេលខាងមុខនោះ? លោកហួរ ឡាវី បែរជាស្ទាក់ស្ទើរក្នុងចិត្តទៅវិញ ដោយថា លោកមិនអាចព្យាករណ៍ទុកមុនបានឡើយ។

ឪពុករបស់វី ឌីណែត គឺលោកហួរ ឡាវី បន្ថែមថា “រឿងតើកូនខ្ញុំអាចល្បីបានកម្រិតណា លេចធ្លោខ្លាំងយ៉ាងណានាពេលខាងមុខនេះ ខ្ញុំមិនអាចហ៊ានសន្និដ្ឋានបានទេ ព្រោះដូចកាលខ្ញុំច្រៀងនៅហង្សមាស នៅបានតែ១ឆ្នាំ ក្រុមហ៊ុនមិនលើក ខ្ញុំក៏ចេញទៅឆ្លងដែន។ ខ្ញុំល្បីឈ្មោះនៅឆ្លងដែន មិនមែនហង្សមាស ទេ ព្រោះនៅហង្សមាស បទខ្ញុំមានច្រើនដែរ តែបទខ្ញុំនៅឆ្លងដែន មានគេគាំទ្រច្រើន ដូចជាបទ “អាណែតមាសបង” អីចឹងចំពោះឌីណែត ឆ្នាំនេះគេមានអាយុ២០ឆ្នាំហើយ អីចឹងគឺកំពុងប្រើប្រាស់សំឡេងខ្លាំងពេញលេញតែម្តង។ តែធម្មតាទេ សំឡេងកំពុងតែខ្លាំងអីចឹង បើយើងមិនចេះថែសំឡេង គឺ២ឆ្នាំ នឹងធ្លាក់ចុះវិញ អីចឹងគឺខ្ញុំមិនទាន់ហ៊ានថា កូនខ្ញុំនឹងលេចធ្លោកម្រិតណា នាពេលខាងមុខនោះទេ។ ឌីណែត ថតកុនហ្នឹង អាចជាការបន្ទាប់បន្សំបន្ថែមពីអាជីពចម្រៀង អីចឹងគឺនៅតែផ្តោតលើអាជីពចម្រៀងខ្លាំងជាង អីចឹងមិនស្មើគ្នាទេ ហើយបើផលិតកម្មផ្សេងហៅឱ្យថតកុន ក៏មិនអាចថតបានដែរ មើលទៅ ព្រោះកូនស្រីខ្ញុំជាប់កុងត្រាជាមួយហង្សមាស”។

វី ឌីណែត បានលើកទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ ខែតុលា តែនាងថា កំពុងជាប់ថតកុននៅសៀមរាប មិនអាចនិយាយបានទេ។ ប៉ុន្តែ ក្នុងបទសម្ភាសន៍កន្លងមក ឌីណែត និយាយថា នាងក៏មិនអាចសន្និដ្ឋានបានទេថា នឹងល្បីល្បាញឈ្មោះខ្លាំងដូចឪពុកនាងឬអត់នោះ តែពេលនេះ នាងមានសេចក្តីសុខជាមួយហង្សមាស គ្មានបំណងដើរចេញពីទ្រនំនេះដូចរៀមច្បងមួយចំនួនទៀតឡើយ៕

RELATED ARTICLES