បុរសចំណាស់ដើរដួលមុខរថយន្ត! ម្ចាស់រថយន្តឲ្យប្រាក់៥០ដុល្លារ តែគាត់ថាមិនចេះចាយដុល្លារ សុខចិត្តយកលុយខ្មែរ១០ម៉ឺនរៀលវិញ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ស្រវឹងស្រាដើរឆ្លងស្តុទន់ដៃទន់ជើងដួលនៅមុខរថយន្តម៉ាក BMW ស្មានតែរថយន្តបុក ត្រូវសមត្ថកិច្ចឃាត់រថយន្ត និងស្រ្តីជាអ្នកបើករថយន្តទើបដឹងថាដើរដួលខ្លួនឯង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចស្តុបបូកគោតាមផ្លូវព្រះមុនីវង្ស កែងវិថីព្រះមុនីរ៉េត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

សមត្ថកិច្ចនគរបាលចរាចរណ៍ស្នងការរាជធានីភ្នំពេញ បានប្រាប់ថា មុនកើតហេតុកម្លាំងនគរបាលកំពុងសំរួលចរាចរណ៍ ដែលកកស្ទះចរាចរណ៍នៅស្តុបបូកគោ ស្រាប់តែឃើញបុរសវ័យចំណាស់ម្នាក់ដើរឆ្លងផ្លូវ ដោយដើរកាត់មុខរថយន្ត BMW ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ-2AR-3388 បើកបរដោយស្រ្តីម្នាក់ ដែលកំពុងតែឈប់រង់ចាំភ្លើងស្តុប បម្រុងនឹងបើកចេញ ខណៈពេលភ្លើងស្តុបលោតពណ៌បៃតង ស្រាប់តែបុរសដើរឆ្លងផ្លូវនោះបានដួលនៅមុខរថយន្ត ធ្វើឲ្យអ្នកជុំវិញនោះស្មានតែរថយន្តបុក តែមិនបានបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរទេ ។

បើតាមសំដីបុរសវ័យចំណាស់អាយុជាង៥០ឆ្នាំ មិនប្រាប់ឈ្មោះទេ បានឲ្យដឹងថា រូបគាត់ស្រវឹងស្រាដើរឆ្លងផ្លូវមិនប្រយ័ត្ន ហើយក៏ដួលមុខរថយន្តពេលកំពុងឈប់ស្តុប ហើយមិនពាក់ព័ន្ធទៅលើរថយន្តដែរ សូមសមត្ថកិច្ចកុំឃាត់រថយន្តស្រ្តីនេះអី មានតែខ្ញុំសុំទោសទៅស្រ្តីជាម្ចាស់ដែលរំខានដំណើររបស់គាត់ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ថា បន្ទាប់មានសេចក្ដីរាយការណ៍ថា មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត BMW ស៊េរីទំនើប បុកបុរសអនាថាម្នាក់ដើរឆ្លងផ្លូវ សមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុឃើញមានរថយន្ត និងបុរសម្នាក់អង្គុយ តែមិនមានរងរបួសទេ ក៏បានសួរនាំបុរសវ័យចំណាស់ថា មិនប្ដឹងផ្ដល់ និងមិនទាមទារសំណងទេ ព្រោះគាត់ដួលនៅមុខរថយន្តដោយខ្លួនស្រវឹងស្រាពេក ដើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច តាមផ្លូវម៉ៅសេទុង ហើយគាត់មិនទាមទារសំណងទេ សុំឲ្យរថយន្តបើកទៅមុខទៀតចុះ ប៉ុន្តែស្រ្តីជាម្ចាស់រថយន្តបានចុះពីលើរថយន្ត យកប្រាក់ចំនួន៥០ដុល្លារ ឲ្យទៅបុរសដែលដើរដួលមុខរថយន្តនោះ ប៉ុន្តែគាត់មិនព្រមយកទេ ដោយសារគាត់អត់ចេះចាយលុយដុល្លារ ទើបស្រ្តីនោះយកលុយទៅប្តូរ រួចហើយឲ្យ១០ម៉ឺនរៀលដល់បុរសចំណាស់រូបនោះ ៕