ផ្ទុះជម្លោះ! យកដំបងដេញវ៉ៃដល់ក្នុងហាង រួចដកកាំភ្លើងបាញ់៣គ្រាប់ ហើយជិះម៉ូតូធំរត់បាត់

ភ្នំពេញ ៖ ហាងខារ៉ាអូខេធម្មជាតិ១ ត្រូវបានក្រុមប្រដាប់អាវុធវាយ និងបាញ់ចំនួន៣គ្រាប់បណ្តាលអោយរងរបួសបុគ្គលិកម្នាក់ និងភ្ញៀវម្នាក់របួសស្រាល បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣៥នាទីទៀបភ្លឺថ្ងៃទី២ ខែធ្នូ នៅខារ៉ាអូខេធម្មជាតិ១ តាមបណ្តោយផ្លូវ ២០០៤ ស្ថិតនៅភូមិ ត្រពាំងល្វា សង្កាត់កាកាប់ ខណ្ឌពោធិ៍សែនជ៏យ ។

ជនរងគ្រោះឈ្មោះ ស៊ន អិត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកខារ៉ាអូខេធម្មជាតិ១ ស្នាក់នៅក្នុងខារ៉ាអូខេ មានស្រុកកំណើតនៅភូមិទឹកល្អក់ ឃុំទឹកហួត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុរូបគាត់អង្គុយហូបចុកលេងនៅមុខហាងមានគ្នា៤នាក់ បន្ទាប់មកឃើញភាគីបង្កឈ្លោះគ្នាជាមួយហាងនៅក្បែរ ដោយឈ្លោះនៅមុខហាងហើយជជែកគ្នា បន្ទាប់មកទៀតបានស្ងាត់ម្តងរួចមកហើយ ស្រាប់តែបុគ្គលិកខារ៉ាអូខេរាជនីដែលមានទំនាស់ជាមួយជនបង្ក ហើយបាននិយាយថា វាយឆ្កែ អត់អ្ហា!។ ចំណែកជនរងគ្រោះ បានតបថា ពួកខ្ញុំអត់ដឹងទេ។ លុះនៅម៉ោងកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធំមួយគ្រឿង បានមកវាយភ្ញៀវខារ៉ាអូខេធម្មជាតិ១ ដោយប្រើដំបងដេញវាយចូលក្នុងហាង បណ្តាលអោយវាយត្រូវភ្ញៀវម្នាក់ និងបុគ្គលិកម្នាក់ រងរបួសស្រាលហើយភ្ញៀវដែលរងរបួសខាងលើបានចេញទៅបាត់ភ្លាមផងដែរ។

ប្រភពបានបន្តទៀតថា ខណៈពេលជនបង្កម្នាក់ដែលជិះម៉ូតូមកពីក្រោយ កំពុងតែដេញវាយ ចូលមកក្នុងខារ៉ាអូខេធម្មជាតិ១ បន្ទាប់ជនបង្កជានាក់បើកម៉ូតូធំបានដកកាំភ្លើងមកបាញ់ចូលក្នុងហាងចំនួន៣គ្រាប់ ហើយបានជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះបានប្តឹងសមត្ថកិច្ចមកអន្តរាគម៍ភ្លាមៗផងដែរ ហើយបានឆែកមើលកាំម៉េរ៉ាសុវត្ថិភាពឃើញសកម្មភាពខាងលើ ហើយអោយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងភ្លាមផងដែរ ៕