ម៉ាឡេស៊ី ៖ ករណីសោកនាដកម្មដ៏សង្វេគមួយ បានកើតឡើងលើគ្រួសារមួយ ដែលមានគ្នា ៦នាក់ ត្រូវបានរកឃើញថា ស្លាប់ទាំងអស់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តធ្លាក់ទឹកទន្លេ ក្រោយបាត់ខ្លួនច្រើនថ្ងៃ ពេលពួកគេធ្វើដំណើរទៅលេងស្រុកកំណើត ហើយអ្នកស្លាប់ ទាំង៦នាក់ រួមមានឪពុកម្តាយ និងកូនប្រុសស្រី ៤នាក់ តែសំណាងល្អ នៅសល់កូនស្រីច្បងម្នាក់ ដែលមិនបានរួមដំណើរជាមួយគ្រួសារ។

តាមប្រភពបណ្តាញព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ថា ក្រុមគ្រួសារជនជាតិម៉ាឡេស៊ី មួយគ្រួសារ មានគ្នា ៦នាក់ ដែលត្រូវបានរាយការណ៍ថា បាត់ខ្លួនតាំងពីថ្ងៃសៅរ៍ ទី៥ ខែកក្កដា ឆ្នាំ២០២៥ ពេលធ្វើដំណើរតាមរថយន្តគ្រួសារ ១គ្រឿង ដើម្បីទៅលេងស្រុកកំណើតនោះ ត្រូវបានគេរកឃើញថា បានស្លាប់ទាំងអស់ នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តបានធ្លាក់ចូលក្នុងទឹកទន្លេ។

ក្រុមសង្គ្រោះ បានរកឃើញរថយន្តដែលបានលិចទឹកនោះ ហើយបានរកឃើញថា មនុស្សមួួគ្រួសារា ៦នាក់ ដែលរួមដំណើរក្នុងរថយន្តនោះ ត្រូវបានស្លាប់ទាំងអស់។

ក្រុមសង្គ្រោះ បានព្យាយាមស្រង់សាកសព ម្តងមួយៗ ចេញពីក្នុងរថយន្ត ដើម្បីប្រគល់ជូនសាច់ញាតិរបស់ពួកគេ យកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពដដែល បន្តថា ជាសំណាងល្អ ដែលក្រុមគ្រួសាររងគ្រោះខាងលើ នៅសល់កូនស្រីច្បង ម្នាក់ អាយុ១២ឆ្នាំ ដែលមិនបានធ្វើដំណើរជាមួយគ្រួសារដែលស្លាប់ក្នុងគ្រោះថ្នាក់រថយន្តធ្លាក់ចូលទឹកទន្លេនោះ ហើយក្រោយ ពេលរកឃើញសពឪពុកម្តាយ និងប្អូនៗ នាងបានស្រែកទ្រហោយំយ៉ាងខ្លាំង។

សាកសពក្រុមគ្រួសាររងគ្រោះ ទាំង៦នាក់ ខាងលើ ត្រូវបានដឹកយកមកធ្វើបុណ្យរួមគ្នា មើលទៅគួរឲ្យអាណោចអាធ័មបំផុត ជាពិសេសកូនស្រីច្បង ត្រូវក្លាយជាក្មេងកំព្រាឪពុកម្តាយ រស់នៅឯកោ គ្មានទីពឹង៕


