ប្តីហេវបាយ ក្តៅក្រហាយប្រពន្ធទិញម្ហូបយូរពេក វ៉ៃបែកឈាម

0
414

ខេត្តក្រចេះ ៖ បុរសជាប្តីម្នាក់មកពីធ្វើការនឿយហត់អស់កម្លាំង ឃ្លានបាយ ក៏ប្រើឱ្យប្រពន្ធទៅផ្សារទិញម្ហូបយកមកហូប លុះគ្រាន់តែប្រពន្ធទៅផ្សារយូរពេក ស្រាប់តែផ្ទុះកំហឹង ឃើញប្រពន្ធត្រឡប់មកវិញ ក៏ស្ទុះទាញរំពាត់ទៅវាយសំពងយ៉ាងចាស់ដៃ បណ្តាលឱ្យស្ត្រីជាប្រពន្ធទទួលរងរបួសបែកឈាមពេញខ្លួន។

ករណីប្តីចាំផ្លូវប្រពន្ធទៅផ្សារយូរពេក ផ្ទុះហិង្សាវ៉ៃប្រពន្ធគ្មានត្រាប្រណីនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។

ជនបង្កហេតុជាប្តីដែលវាយប្រពន្ធឱ្យរងរបួសនោះ មានឈ្មោះយ៉ាន ខ្លី អាយុ៣៦ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះហ៊ុយ ហឿន អាយុ៣៩ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្តីទើបនឹង ត្រឡប់មកពីស្រែហត់នឿយអស់កម្លាំងផង ហេវបាយផង ទើបសួរប្រពន្ធថា បាយ ម្ហូបឆ្អិន ឬនៅ? លុះប្រពន្ធប្រាប់ថា មិនទាន់មានម្ហូបនៅឡើយទៅ ទើបបុរសជាប្តីបានដេញប្រពន្ធឱ្យទៅផ្សារទិញម្ហូបយកមកធ្វើហូបលឿនៗ ព្រោះខ្លួនជាប្តីហេវបាយខ្លាំងណាស់។

ប្រភពដដែលបន្តថា បន្ទាប់មក ស្ត្រីរងគ្រោះជាប្រពន្ធ ក៏បានចេញទៅផ្សារបាត់ទៅ និងមិន ឃើញត្រឡប់មកវិញសោះ ធ្វើឱ្យបុរសជាប្តី អង្គុយទន្ទឹងចាំមើលផ្លូវប្រពន្ធមកពីផ្សារយូរពេក ក៏កើតមានកំហឹងក្នុងខ្លួន រហូតមកដល់វេលាម៉ោង៧និង១០នាទីយប់ ទើបឃើញប្រពន្ធត្រឡប់មកពីផ្សារវិញ ស្រាប់តែបុរសជាប្តី មិនបានសួរនាំអ្វីទាំងអស់ ក៏ស្ទុះទៅទាញរំពាត់ប្ញស្សីវាយសំពងទៅលើប្រពន្ធយ៉ាងចាស់ដៃ បណ្តាលឱ្យប្រពន្ធ រងរបួសបែកឈាមពេញខ្លួន និងរងរបួសធ្ងន់ត្រង់ដៃខាងឆ្វេង។

ក្រោយកើតហេតុ អ្នកជិតខាងបានជួយចាប់ឃាត់ និងជួយដឹកបញ្ជូនស្ត្រីរងគ្រោះជាប្រពន្ធទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលរបួស។ បន្ទាប់មក កម្លាំងនគរបាលស្រុកស្នួល បានចុះទៅចាប់ខ្លួនបុរសជាប្តីពីបទហិង្សា រួចក៏នាំយកមកធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជាប្តី បានឆ្លើយសារភាពថា ខ្លូនពិតជាបានវាយ ប្រពន្ធឱ្យរងរបួសប្រាកដមែន មូលហេតុដោយសារតែខឹងនឹងរឿងប្រពន្ធទៅផ្សារទិញម្ហូបយូរ ពេក។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕