ប្អូនថ្លៃស្រីដេញចេញពីផ្ទះ ធ្លាក់ខ្លួនឈឺ ដេកស្លាប់ក្រោមសំយ៉ាបផ្ទះគេ

ភ្នំពេញ ៖ បុរសជាប្រជាការពារភូមិទឹកថ្លាម្នាក់ ស្នាក់នៅជាមួយប្អូនប្រុសបង្កើត និងប្អូនថ្លៃស្រី លុះក្រោយពីប្អូនប្រុសឆក់ខ្សែកគេ ត្រូវប៉ូលិសចាប់បាន ស្ត្រីជាប្អូនថ្លៃក៏បណ្តេញចេញពីផ្ទះ ធ្វើឱ្យខ្សែជីវិតត្រូវរសាត់អណ្តែត ដើរដេកតាមសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ រហូតធ្លាក់ខ្លួនឈឺខ្លាំងដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្នុងដីឡូត៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិភ្នំពេញ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

បុរសជនរងគ្រោះ មានឈ្មោះកិះ សារឿន អាយុ៤៦ឆ្នាំ មុខរបរប្រជាការពារភូមិទឹកថ្លា ស្នាក់នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋានកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា បុរសរងគ្រោះខាងលើមិនមានសាច់ញាតិទេ និងតែងតែផឹកស្រាស្រវឹង ហើយដើរដេកតែតាមសំយ៉ាបផ្ទះរបស់គេ ត្រូវបានប្រជាពលរដ្ឋឃើញអាណិត ក៏រៀបចំប្រក់តង់ និងដាក់ក្តារកុងប្លាកេក្រាលឱ្យដេករយៈពេលជាង២ខែមកហើយ។

ប្រភពដដែលបន្តថា លុះកាលពីយប់មួយ អំឡុងខែវិច្ឆិកា កន្លងទៅ ជនរងគ្រោះបានស្រវឹងស្រាជោក ហើយក៏បានដើរដួលបណ្តាលឱ្យបែកក្បាលរបួសធ្ងន់ធ្ងរ និងត្រូវបានប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចអាណិតជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ បន្ទាប់មកបុរសរងគ្រោះ បានធ្លាក់ខ្លួនឈឺមករហូត ដោយពុំមានសាច់ញាតិជួយមើលថែនោះទេ គឺមានតែប្រជាពលរដ្ឋដែលរស់នៅក្បែរខាង ជួយយកអាសារ ហុចបាយសម្ល លុយកាក់ គ្រាន់បាន បណ្តោះពេលមួយគ្រាៗប៉ុណ្ណោះ។ រហូតមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានគេប្រទះឃើញជនរងគ្រោះដាច់ខ្យល់ ស្លាប់គួរសង្វេគបែបនេះតែម្តង និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន។

ប្រភពព័ត៌មានពីអ្នកស្គាល់ជនរងគ្រោះ បានឱ្យដឹងថា កាលដើមឡើយ ជនរងគ្រោះខាងលើ គឺបានស្នាក់នៅជាមួយប្អូនប្រុសបង្កើត និងប្អូនថ្លៃរបស់ខ្លួននៅក្នុងបន្ទប់ជួលនៅក្បែរកន្លែងកើតហេតុ ក្រោយមកដោយសារប្អូនប្រុសរបស់ខ្លួន បានជាប់ពន្ធនាគារ ដោយសារតែឆក់ខ្សែករបស់គេ ទើបជនរងគ្រោះត្រូវប្អូនថ្លៃដេញចេញពីផ្ទះមិនឱ្យរស់នៅជាមួយ ធ្វើឱ្យរសាត់ អណ្តែតមកដើរដេកតាមសំយ៉ាបផ្ទះគេបែបនេះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ រួចរៀបចំសហការគ្នាជាមួយប្រជាពលរដ្ឋដឹកសពបុរសរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯវត្តទឹកថ្លាតែម្តង៕