គ្រប់គ្រងអារម្មណ៍លែងបាន! ចងកមិនស្លាប់ កាត់ម្រាមដៃ រួចអារក

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានប្រើប្រាស់គ្រឿងញៀនរហូតដល់លែងអាចគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងបាន និងចេះតែព្យាយាមធ្វើអត្តឃាតជាច្រើនលើកមកហើយ ដោយព្យាយាមចងកមិនបានសម្រេច ក៏ទាញកាំបិតមកកាត់ម្រាមចង្អុលដៃខ្លួនឯងចោល រួចអារកខ្លួនឯង រហូតដល់ហូរឈាមខ្សោះខ្លួនស្លាប់។

ករណីបុរសបែកថ្នាំកាត់ម្រាមដៃ និងអារកសម្លាប់ខ្លួនឯងនេះ បានកើតឡើងកាលពីវេលា ម៉ោង៩និង២២នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិជីរោទិ៍កណ្តាល ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។

បុរសដែលអារកខ្លួនឯងធ្វើអត្តឃាតរូបនេះ មានឈ្មោះកូយ សុភាព អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមនុស្សញៀនថ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះកូយ ជ្រា ត្រូវជាបងបង្កើតរបស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា ប្អូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានកើតមានជំងឺសរសៃប្រសាទ ដោយសារតែបែកថ្នាំញៀន ព្រោះជនរងគ្រោះបានប្រើប្រាស់ថ្នាំញៀនជាយូរមកហើយ ហើយរាល់ពេលបែកថ្នាំម្តងៗ ជនរងគ្រោះតែងបង្ករឿងអុកឡុកពេញផ្ទះ និងថែមទាំងប៉ុនប៉ងធ្វើអត្តឃាតជាច្រើនដងទៀតផង។

បុរសជាបងប្រុសជនរងគ្រោះបន្តថា លុះមកដល់វេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ប្អូនប្រុសរបស់គាត់បានយកខ្សែគោ មកព្យាយាមចងកសម្លាប់ខ្លួននៅខាងក្រោយផ្ទះម្តងរួចមកហើយ តែត្រូវបានប្រពន្ធឃើញ ក៏ចាប់ចេញទាន់ពេលវេលា។ ស្រាប់តែមកដល់យប់ថ្ងៃដដែល ខណៈដែលក្រុមគ្រួសារភ្លេចខ្លួនបន្តិច ប្អូនប្រុសរបស់គាត់ ក៏បានយកកាំបិតមកកាត់ម្រាមដៃចង្អុលខាងស្តាំរបស់ខ្លួន រួចអារកបន្ថែមទៀត បណ្តាលឱ្យហូរឈាមរហូតខ្សោះអស់ពីខ្លួនស្លាប់តែម្តង។

លោកវរសេនីយ៍ត្រី សេង ម៉ិ អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឱ្យដឹងថា បុរសខាងលើ បានប្រើប្រាស់ថ្នាំញៀនតាំងពីអំឡុងពេលចេញទៅធ្វើជាកម្មករនៅឯប្រទេសថៃ រហូតដល់កើតមានសតិមិនប្រក្រតី លែងអាចគ្រប់គ្រងខ្លួនឯងបាន ទើបចេះតែប៉ុនប៉ងធ្វើអត្តឃាត។ ជាក់ស្តែង នៅថ្ងៃកើតហេតុ ជនរងគ្រោះបានចងកសម្លាប់ខ្លួនម្តងរួចមកហើយ តែមិនបានសម្រេច ព្រោះប្រពន្ធឃើញទាន់ បន្ទាប់មកជនរងគ្រោះក៏ដើរចេញទៅក្រោយផ្ទះឈ្មោះ ប៊ុន លាង បម្រុងនឹងចងកធ្វើអត្តឃាតម្តងទៀត តែត្រូវបានម្ចាស់ផ្ទះឃើញទាន់ក៏ដេញឱ្យចេញទៅបាត់។ ស្រាប់តែយប់បន្តិច ជនរងគ្រោះក៏បានយកកាំបិតមកអារក និងកាត់ម្រាមដៃដើម្បីធ្វើអត្តឃាតម្តងទៀត និងត្រូវបានក្រុមគ្រួសារ ដឹកយកទៅព្យាបាលនៅមណ្ឌលសុខភាព ដោយគ្រូពេទ្យបានរុំមុខរបួសឱ្យត្រឹមត្រូវ រួចក្រុមគ្រួសារក៏បានដឹកត្រឡប់មកផ្ទះវិញ ប៉ុន្តែដោយជនរងគ្រោះមិនអាចគ្រប់គ្រងខ្លួនឯងបាន ទើបខណៈពេលដែលកំពុងដេកនៅក្នុងខ្ទមផ្ទះម្តាយ បង្កើតជនរងគ្រោះក៏បានទាញបង់រុំរបួសម្រាមដៃស្តាំចេញ ជាហេតុបណ្តាលឱ្យឈាមហូរច្រើន រហូតដល់ខ្សោះខ្លួនស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារអារក និងកាត់ម្រាមដៃខ្លួនឯង បណ្តាលឱ្យហូរឈាមខ្សោះអស់ពីខ្លួន ស្លាប់ប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕