ពិតជាសាហាវ! បាញ់ធ្លាយជើង២នាក់ ប្លន់មិនសម្រេច ត្រូវពលរដ្ឋព័ទ្ធចាប់វ៉ៃសម្លាប់នៅនឹងកន្លែង

ភ្នំពេញ ៖ ជនសង្ស័យជាចោរប្លន់ប្រដាប់អាវុធម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់ខ្លួនបាន និងផ្ទុះកំហឹងព្រួតគ្នា វាយម្នាក់មួយដៃមួយជើងរហូតដល់ស្លាប់នៅនឹងកន្លែង បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពចូលទៅបាញ់ប្លន់ស្ត្រីរកស៊ីចងការប្រាក់ និងជាមេតុងទីនម្នាក់ បណ្តាលឱ្យរងរបួសជើងទាំងសងខាង បន្ទាប់មកបានបាញ់ប្រហារបុរសម្នាក់ទៀតដែលចូលទៅជួយប្រតាយប្រតប់ បណ្តាលឱ្យធ្លាយភ្លៅ រីឯបក្សពួកម្នាក់ទៀតបានជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ប្លន់ប្រដាប់អាវុធមិនសម្រេច បែរជាត្រូវមហាជនផ្ទុះកំហឹងព័ទ្ធចាប់វាយជនសង្ស័យម្នាក់ស្លាប់ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៨ ខែធ្នូ ២០១៧ ត្រង់ចំណុចផ្លូវ 39MC ផ្ទះលេខ៧៦២ ភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះដែលត្រូវចោរបាញ់ប្លន់ មានឈ្មោះហ៊ី គឹមហ័រ អាយុ៤៥ឆ្នាំ មុខរបររាប់លុយចងការប្រាក់ និងជាមេតុងទីន ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម មានប្តីឈ្មោះម៊ុយ សុភី អាយុ៤៨ឆ្នាំ មុខរបរយោធាភូមិភាគពិសេស មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងមានកូនក្នុងបន្ទុកចំនួន៤នាក់ (ប្រុស៣ ស្រី១)។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលស្ទុះចូលទៅជួយ និងត្រូវជនសង្ស័យជាចោរប្លន់បាញ់ឱ្យរងរបួសដែរនោះ មានឈ្មោះឃាង គឹមស្រុង អាយុ៣១ឆ្នាំ មុខរបរជួល និងសង់រោងការ រោងបុណ្យ ស្នាក់នៅក្បែរផ្ទះស្ត្រីរងគ្រោះខាងលើ រងរបួសធ្លាយភ្លៅខាងឆ្វេង។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ ដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះទើបនឹងត្រឡប់មកពីដើរប្រមូលលុយពីគេវិញ ដោយជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លីក ខណៈពេលមកដល់ផ្ទះកំពុងអង្គុយរាប់លុយនៅមុខផ្ទះ ក៏ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រដាប់ដោយ កាំភ្លើងខ្លីម៉ាក K59 មួយដើម ចុះពីលើម៉ូតូដើរសំដៅមករកស្ត្រីរងគ្រោះ រួចបានធ្វើសកម្មភាពបាញ់ទៅលើស្ត្រីរងគ្រាះ១គ្រាប់ចំកំភួនជើងឆ្វេង បៀមក្បាលគ្រាប់ ធ្លាយត្រូវមេជើងស្តាំ ភ្លាមៗនោះជនសង្ស័យបានទាញកាបូបដាក់លុយជិះចេញបានបន្តិច ក៏ត្រូវប្តីស្ត្រីរងគ្រោះចេញពីក្នុងផ្ទះ មកស្រែកថាចោរប្លន់ៗ និងបានព្យាយាមរត់ដេញតាមពីក្រោយម៉ូតូជនសង្ស័យ ដោយនៅនឹងដៃមានកាន់ដំបងដែក១ ព្រមទាំងស្រែកថាចោរៗ ជួយផងៗ លុះជនសង្ស័យជិះផុតបានចំងាយប្រមាណ១០០ម៉ែត្រ ស្រាប់តែមានបុរសម្នាក់ឈ្មោះឃាង គឹមស្រុង អាយុ៣១ឆ្នាំ មុខរបរជួល និងសង់រោងការរោងបុណ្យ ស្នាក់នៅក្បែរផ្ទះស្ត្រីរងគ្រោះ បានឭសំលេងស្រែកឱ្យជួយចាប់ចោរ ក៏ស្ទុះរត់ចេញពីក្នុងផ្ទះមកលោតឱបក និងធាក់ជនសង្ស័យជិះខាងក្រោយដែលមានកាំភ្លើងខ្លី១ដើមផងនោះ ធ្វើឱ្យជនសង្ស័យធ្លាក់ពីលើម៉ូតូ ហើយក៏កើតជាការប្រតាយប្រតប់គ្នា ស្រាប់តែភ្លាមនោះ ជនសង្ស័យក៏បាញ់ប្រហារទៅលើជនរងគ្រោះឈ្មោះ ឃាង គឹមស្រុង ១គ្រាប់ត្រូវចំភ្លៅខាងឆ្វេងម្នាក់ទៀត។

ប្រភពដដែលបន្តថា រំពេចនេះ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បាននាំគ្នាស្ទុះចូលមកព័ទ្ធចាប់ជនសង្ស័យយ៉ាងស្រុះគ្នា ដោយមិនខ្លាចញញើតនឹងកាំភ្លើងរបស់ជនសង្ស័យឡើយ ទីបំផុតជនសង្ស័យក៏ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បាន និងវាសកាំភ្លើងចេញផុតពីដៃ បន្ទាប់មកដោយសារតែមហាជនផ្ទុះកំហឹងនឹងជនសង្ស័យចិត្តកំណាច បាញ់ប្រហារមនុស្សឆៅៗ បណ្តាលឱ្យរងរបួសធ្ងន់២នាក់ ទើបទប់កំហឹងមិនបាន ក៏ព្រួតគ្នាវាយម្នាក់មួយដៃមួយជើង ខ្លះលើកយកដុំថ្មទំងន់១០គីឡូក្រាមអុកចំក្បាល បណ្តាលឱ្យបែកហូរឈាមរហូតដាច់ខ្យល់ស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។ ចំណែកបក្សពួកជនសង្ស័យម្នាក់ទៀត ដែលជាអ្នកបើកម៉ូតូ បានបន្ថែមល្បឿនម៉ូតូបើករត់គេចខ្លួនបាត់ទាំងព្រលឹងចុងសក់។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមរថយន្តផ្ទាល់ខ្លួនទៅកាន់គ្លីនិកបញ្ញាសក្តិ ដើម្បីព្យាបាល។ ចំណែកបុរសក្លាហាន ដែលត្រូវចោរបាញ់ធ្លាយភ្លៅ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ីភ្លាមៗដែរ។

ដោយឡែកសពជនសង្ស័យ ត្រូវសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តសន្សំកុសល រងចាំសាច់មកទទួលយកទៅធ្វើបុណ្យ៕