Friday, March 29, 2024
Homeតារាខ្មែរគួរឲ្យសរសើរ!អេនណា ហោះទៅសម្ដែងរកប្រាក់នៅអូស្ត្រាលី ជួយកុមារកំព្រា

គួរឲ្យសរសើរ!អេនណា ហោះទៅសម្ដែងរកប្រាក់នៅអូស្ត្រាលី ជួយកុមារកំព្រា

នៅល្ងាចថ្ងៃទី៦ ខែធ្នូ ២០១៧ កន្លងទៅនេះតារាចម្រៀងកញ្ញាអេណា បានហោះទៅបង្អួតសម្រស់រកប្រាក់នៅលើទឹកដីអូស្ត្រាលី ជាលើកទី៣ ប៉ុន្តែអ្វីដែលគួរឲ្យស្ងើចសរសើរនោះការចេញទៅសម្ដែងលើកនេះនាងនឹងត្រូវបែងចែកថវិកាដែលរកបានមួយចំនួនដើម្បីជួយដល់កុមារក្រីក្រនៅកម្ពុជា។

មុនពេលឡើងយន្តហោះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាល្ងាចថ្ងៃទី៦ ធ្នូ ម្សិលមិញនេះកញ្ញាអេនណា បានថ្លែងឲ្យដឹងថា ការចេញទៅអូស្ត្រាលី លើកនេះគឺមានការធានាពីសមាគមធំមួយប្រចាំនៅរដ្ឋស៊ីដនី ប្រទេសអូស្ត្រាលី ដែលត្រូវសម្ដែងរយៈពេល១ខែកន្លះទៅ២ខែហើយតាមគម្រោងនឹងត្រូវសម្ដែងយ៉ាងតិច៥លើក នៅតាមបណ្ដារដ្ឋមួយចំនួនដូចជារដ្ឋ ស៊ីដនី មែលប៊ើន និងអាតាឡែត ជាដើម។អេនណា បន្ថែមថា ការចេញទៅសម្ដែងលើកនេះក៏ស្ថិតក្នុងសកម្មភាពសប្បុរសធម៌ផងដែរពោលគឺសម្រាប់ថវិកាដែលទទួលបានពីការសម្ដែងនាងក៏ត្រៀមបែងចែកសម្រាប់ជួយដល់កុមារកំព្រា និងកុមារក្រីក្រតាមបណ្ដាអង្គការមួយចំនួនផងដែរ។យ៉ាងណាអេនណា មិនទាន់បញ្ជាក់ថា និងត្រូវផ្ដល់ទៅឲ្យអង្គការណាមួយទេខណៈដែលកន្លងមកនាងធ្លាប់ចុះចែកអំណោយជាមួយតារាសិល្បៈមួយចំនួននៅតាមបណ្ដាអង្គការនិងនៅតាមបណ្ដាខេត្តមួយចំនួន។

អេនណា បានឲ្យដឹងដែរថា នាងបានត្រៀមបទចម្រៀងពីដើមៗជាច្រើនបទដែលជាប្រភេទបទរាំលេងកំសាន្ត ហើយ នាងរំពឹងថា នឹងមានការចូលរួមទស្សនាពេញៗសាលរាល់ការសម្ដែងរបស់នាងខណៈដែលនាងទៅសម្ដែងលើកនេះចំពិធីបុណ្យធំៗមួយចំនួនដូចជាបុណ្យណូអែល និងពិធីឆ្លងឆ្នាំជាដើម។នាងថា នាងធ្លាប់ទទួលបានជោគជ័យលើការសម្ដែងនៅអូស្ត្រាលីចំនួន២លើកមកហើយ ហើយក៏មានបងប្អូននៅទីនោះបានស្គាល់និងគាំទ្រនាងជាច្រើនផងដែរដូច្នេះឱកាសទៅសម្ដែងជាលើកទី៣នេះនាងសង្ឃឹមថា និងទទួលបានការគាំទ្រមិនចាញ់ការទៅសម្ដែងលើកមុនៗហើយប្រសិនបើទទួលបានថវិកាច្រើននាងនឹងបែងចែកបានច្រើនជួយដល់កុមារកំព្រាដែលកំពុងជួបនូវបញ្ហាខ្វះខាតផងដែរ។

តារាសម្បូរប្រុសចោមស្នេហ៍ រូបនេះបានឲ្យដឹងដែរថា ក្រោយពេលត្រលប់មកពីសម្ដែងនៅអូស្ត្រាលីវិញនាងនឹងប្រឹងពង្រឹងអាជីពចម្រៀងរបស់នាងដើម្បីប្រជែងការគាំទ្របង្កើនប្រជាប្រិយភាពបន្ថែមទៀត៕

RELATED ARTICLES