Friday, April 26, 2024
Homeព័ត៌មានជាតិប្តីកំណាចសុំប្រពន្ធរួមរ័កអត់បាន វ៉ៃធ្លាក់ឈាម គំរាមបាញ់សម្លាប់ សមត្ថកិច្ចចាប់ខ្លួន

ប្តីកំណាចសុំប្រពន្ធរួមរ័កអត់បាន វ៉ៃធ្លាក់ឈាម គំរាមបាញ់សម្លាប់ សមត្ថកិច្ចចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ បុរសជាប្តីចិត្តកំណាចម្នាក់ ដែលបានធ្វើសកម្មភាពវាយដំប្រពន្ធរហូតដល់ធ្លាក់ឈាម ព្រោះតែខឹងសុំប្រពន្ធរួមរ័កមិនបាន លុះសមត្ថកិច្ចចុះអន្តរាគមន៍ បែរជាឆែកឃើញកាំភ្លើងចម្រុះចំនួន៥ដើម លាក់ទុកក្នុងផ្ទះនោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

ជនកំណាចជាប្តី ដែលបានវាយដំប្រពន្ធ ព្រមទាំងលាក់អាវុធជាច្រើនដើមក្នុងផ្ទះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននេះ មានឈ្មោះអឿន សុឃឿន អាយុ៣៥ឆ្នាំ។ ចំណែកស្ត្រីរងគ្រោះដែលត្រូវប្តីកំពូលប្រចណ្ឌប្រើហិង្សាវាយដំ និងថែមទាំងគំរាមសម្លាប់នេះ មានឈ្មោះវួន ស្រីមុំ អាយុ៣០ឆ្នាំ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិអណ្តូងថ្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីប្រើអំពើហិង្សាវាយដំប្រពន្ធឱ្យរងរបួសធ្ងន់ ព្រមទាំងគំរាមសម្លាប់ប្រពន្ធរួចហើយ ជនសង្ស័យជាប្តីបានរត់គេចខ្លួនបាត់ស្រមោល។ លុះក្រោយមក សមត្ថកិច្ចជំនាញក៏បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបាននាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអឿន សុឃឿន បានសារភាពថា អាវុធដែលសមត្ថកិច្ចឆែកឃើញនៅក្នុងផ្ទះរបស់គេនោះ គឺរូបគេយកមកពីឈ្មោះម៉ាប់ ដែលជាមិត្តភក្តិ ដើម្បីទុកការពារខ្លួន ព្រោះថានៅតំបន់កន្លែងដែលគេរស់នៅវាស្ងាត់។ លុះមកដល់ថ្ងៃកើតហេតុ រូបគេបានផឹកស្រាស្រវឹង រួចក៏ទាស់សម្តីជាមួយប្រពន្ធ ទើបយកអាវុធនេះមកភ្ជង់ និងយកខ្សែគោចងប្រពន្ធរួចដើរចេញពីផ្ទះបាត់ទៅ។

គួររំលឹកថា កាលពីវេលាព្រឹកថ្ងៃទីី២៣ ខែធ្នូ ឆ្នាំ២០១៧ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង នៅចំណុចភូមិអណ្តូងថ្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយស្ត្រីម្នាក់បានរត់មកដាក់ពាក្យបណ្តឹងថា នាងត្រូវប្តីកំពូលប្រចណ្ឌ ចោទប្រកាន់ថានាងជាប្រពន្ធលួចមានទំនាក់ទំនង សហាយស្មន់ជាមួយពូបង្កើត ទើបចេះតែរករឿងវាយដំប្រពន្ធមិនស្វាង លុះក្រោយមក ប្តីខឹងសុំនាងរួមរ័កមិនបាន ក៏វាយតប់នាងរហូតដល់ធ្លាក់ឈាម និងថែមទាំងគំរាមសម្លាប់ទៀតផង ទើបប្រពន្ធភ័យរត់គេចខ្លួន និងប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចុះឆែកឆេរក្នុងផ្ទះ ស្រាប់តែប្រទះឃើញកាំភ្លើងចម្រុះចំនួន៥ដើម ដែលបុរសជាប្តីលាក់ទុកនៅក្នុងផ្ទះ។

តាមសម្តីស្ត្រីរងគ្រោះជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងនិងប្តីនេះបានចាប់ដៃគ្នាជាប្តីប្រពន្ធជាច្រើនឆ្នាំមកហើយ ដោយបង្កើតបានកូនចំនួន៤នាក់ (ប្រុស៣ ស្រី១) ជាចំណងនិស្ស័យ។ កន្លងមក នាងនិងប្តីរស់នៅចុះសម្រុងនឹងគ្នាល្អណាស់ ប៉ុន្តែនៅមួយរយៈចុងក្រោយនេះ មិនដឹងជាយ៉ាងម៉េច ប្តីនាងហាក់កើតរោគប្រចណ្ឌខ្លាំងតែម្តង និងថែមទាំងចោទប្រកាន់នាងថា បានលួចលាក់មានទំនាក់ទំនងសហាយស្មន់ជាមួយនឹងពូបង្កើតរបស់នាង ឈ្មោះវ៉ាន់ វិចិត្ត អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគីឡូ៩ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ទៀតផង ហើយទោះជានាងព្យាយាមពន្យល់ប្រាប់ប្តីយ៉ាងណា ក៏គេមិនខ្ចីយកត្រចៀកស្តាប់នាងសោះ ដោយចេះតែរករឿងឈ្លោះប្រកែក វាយដំច្រំធាក់នាងឥតល្ហែ តែនាងមិនបានប្តឹងផ្តល់អ្វីនោះទេ ព្រោះនឹកអាណិតប្តី និងចង់ទុកពេលឱ្យប្តីបានកែប្រែខ្លួនផង ដឹងអីបែរជាប្តីខ្លាំងដៃលើសដើម។

ស្ត្រីរងគ្រោះ បន្តថា គាប់ជួនកាលពីប៉ុន្មានថ្ងៃមុននេះ ជំងឺខ្សោយបេះដូងរបស់នាងធ្វើទុក្ខ ទើបនាងត្រូវចេញទៅព្យាបាលជំងឺនៅពេទ្យ ឯក្រុងសិរីសោភ័ណ មិនបានមកដេកផ្ទះ១យប់ ស្រាប់តែប្តីនាងខឹងច្រឡោតយ៉ាងខ្លាំង ចោទថានាងលួចទៅដេកជាមួយប្រុសសហាយដែលជាពូបង្កើត លុះពេលនាងមកដល់ផ្ទះវិញ ស្រាប់តែឃើញប្តីកំណាចរបស់នាងចាប់មាន់ទា និងឆ្កែមួលកសម្លាប់ ចងព្យួរយីងរយោងពេញផ្ទះ។ លុះដល់យប់ឡើង ប្តីនេះបានមកកេះកៀវសុំនាងរួមរ័ក តែនាងបដិសេធ និងប្រាប់ថា នាងកំពុងមានជំងឺ ត្រូវផ្អាករឿងយប់ព្រលប់មួយរយៈសិន ដឹងអី! ប្តីនាងខឹងច្រឡោតមិនបានស៊ីចំណីយប់ ក៏ស្ទុះមកទាត់ធាក់នាងរហូតដល់ធ្លាក់ឈាម និងថែមទាំងបានទាញកាំភ្លើងវែងច្នៃមួយដើម មកភ្ជង់គំរាមបាញ់សម្លាប់នាងទៀតផង ទើបធ្វើឱ្យនាងភ័យខ្លួន ខ្លាចប្តីសម្លាប់មែន ក៏រត់គេចខ្លួន ហើយរាយការណ៍ឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង។

ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះជាប្រពន្ធរួចមក នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៧ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងចាប់ខ្លួនបុរសជាប្តីខាងលើ ដើម្បីនាំយកមកសាកសួរ ប៉ុន្តែទំនងជាបុរសជាប្តីនោះដឹងខ្លួនមុន ក៏បានរត់គេចខ្លួនបាត់ លុះពេលសមត្ថកិច្ចឆែកឆេរនៅក្នុងផ្ទះ ក៏ស្រាប់តែប្រទះឃើញមានកាំភ្លើងជាច្រើនដើម រួមមានកាំភ្លើងម៉ាកសេកាសេកាត់ស្វាយ១ដើម ប្រើគ្រាប់អាកា៤៧ មាន១៤គ្រាប់ និងកាំភ្លើងខ្យល់ប្រើគ្រាប់កង់ចំនួន៣ដើម និង១ដើម មិនទាន់ដំឡើងរួចសរុប៤ដើម លាក់ទុកនៅក្នុងផ្ទះ។

ជុំវិញករណីខាងលើនេះ ជនសង្ស័យឈ្មោះអឿន សុឃឿន ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាល រៀបចំសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិធិី៕

RELATED ARTICLES