Saturday, April 27, 2024
Homeតារាខ្មែរឌុច សុភា ពិបាកចិត្ត ឡើងបែកសាច់

ឌុច សុភា ពិបាកចិត្ត ឡើងបែកសាច់

អ្នកមេម៉ាយ ឌុច សុភា ដែលសាងស្នេហ៍ថ្មី លាក់បាំងជាង៦ឆ្នាំនេះ បានផ្តាច់អាជីពសិល្បៈទាំងស្រុងទៅហើយ ដោយមិនត្រូវការប្រាក់ល្អិតទៀតទេ ប៉ុន្តែតាមប្រភពបានឱ្យដឹងថា ឌុច សុភា ដែលរស់លើគំនរទ្រព្យនោះ មានភាពទុក្ខសោកជាងរីករាយ ព្រោះមិនអាចដោះដៃពីគូស្នេហ៍ ដែលគេល្បីថា ជាលោកផ្កាយ២នោះ ប៉ុន្តែ ស្របពេលមានទុក្ខស្នេហ៍ បែរជាអតីតតារាល្បីឈ្មោះរូបនេះ បែកសាច់ទ្រលុកទ្រលន់ បាត់រាងស្វែលអស់…។

ឌុច សុភា ដែលគេធ្លាប់សរសើរថា នាងជាស្រីស្អាត ដែលរក្សាសម្រស់ពីធម្មជាតិ មិនមានការកែច្នៃ ហើយទោះជាមានកូន១ទៅហើយ តែនាងនៅតែមានរូបរាងស្វែលស្អាតនោះ ពេលនេះគឺនាងមិនដូចពីមុនទៀតឡើយ គឺបែរជាបែកសាច់ មើលសឹងតែមិនស្គាល់ឡើយ។

តារាសម្តែងម្នាក់ដែលជិតដិតជាមួយឌុច សុភា ហើយបានជួបតារាកូន១រូបនេះ កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា សុភា ពិបាកចិត្តច្រើន អីចឹងនាងតែងតែចូលចិត្តផឹកស្រាបន្លប់ទុក្ខ ទើបធ្វើឱ្យគីឡូឡើងបែកសាច់ ធាត់កាម៉ាប់ៗខូចរាងរៅអស់។

ប្រភពបន្ថែមថា សុភា ឱ្យតែជួបមិត្តភក្តិ គឺថ្ងូរ ហើយថា នាងសប្បាយតែនៅខាងក្រៅទេ តែតាមពិត គឺមានទុក្ខពេញប្រាណ ព្រោះថា មិនអាចដោះដៃចេញពីទ្រុងស្នេហ៍បានទេ បើទោះជានាងមិនពេញចិត្តក្នុងការបន្តស្នេហ៍ទៀតក្តី។

ឌុច សុភា បានលែងលះប្តីប៉ូលិសអន្តោប្រវេសន៍ច្រកព្រំដែនបាវិត លោកពៅ សីហា កាលពីឆ្នាំ២០១១ បន្ទាប់ពីមានដំណឹងថា សុភា មានទំនាក់ទំនងជាមួយថៅកែស្រីផលិតកម្មមួយ ហើយត្រូវប្តីឆេះដុំ ប្រើអំពើហិង្សា ដោយបន្សល់កូនប្រុសម្នាក់ឈ្មោះខេន ខេន អាយុជិត១០ឆ្នាំ។ គ្រាន់តែធ្លាក់ខ្លួនមេម៉ាយមិនបានប៉ុន្មានម៉ោងផង ឌុច សុភា ត្រូវបានលោកធំផ្កាយ២ ដែលជាប់ខ្សែមន្ត្រីធំម្នាក់តាមដាក់អន្ទាក់ស្នេហ៍ ហើយភ្លាមៗនោះ សុភា ដែលកំពុងដំបៅបេះដូងនោះ ស្រាប់តែហ៊ឺហាដល់កំពូលភ្លាមៗ ដោយនាងជិះរថយន្ត ទំនើប Range Rover តម្លៃជាង១០ម៉ឺនដុល្លារ និងទិញវីឡាជាង២០ម៉ឺនដុល្លារ នៅភូមិបៃតង សង្កាត់ភ្នំពេញថ្មី។ ក្រោយមក ភាពភ្ញាក់ផ្អើលបានកើតឡើងពេញស្រទាប់មហាជន និងចង្កោមអ្នកសិល្បៈ ព្រោះតែមានជំទាវម្នាក់ បានចោទសោភា ថា ដណ្តើមប្តីគាត់ជាអ្នកធំផ្កាយ២ ហើយភរិយាលោកធំនោះថា សុភា ទទួលបានទឹកប្រាក់ពីប្តីគាត់ មិនក្រោម១លានដុល្លារឡើយ។ ប៉ុន្តែ យ៉ាងណា ភ្លាមៗនោះ សុភា ក្លាហានប្រកាសសុំជួបតទល់ជាមួយលោកជំទាវនោះ ដើម្បីឱ្យដឹងសខ្មៅម្តង តែលោកជំទាវនោះ បែរជាថា មិនហ៊ានជួប ព្រោះខ្លាចប៉ះពាល់ដល់បុណ្យស័ក្តិប្តីគាត់ ទើបធ្វើឱ្យរឿងរ៉ាវទាំងនោះបានស្ងប់ស្ងាត់ទៅវិញ។

ព័ត៌មានបានឱ្យដឹងថា ទោះជាឌុច សុភា ហាក់ធ្លាក់សម្រស់ច្រើន និងបែកសាច់ទ្រលុកទ្រលន់ខូចរាងអស់ នាពេលចុងក្រោយនេះមែន តែអ្នកមេម៉ាយកូន១រូបនេះ នៅតែត្រូវបានផលិតកម្មមួយចំនួន ចង់ឱ្យនាងវិលត្រឡប់មករកអាជីពចាស់វិញដដែល តាមរយៈការថតភាពយន្តសាជាថ្មីវិញ តែផលិតករទាំងនោះ មិនធានាថា សុភា នៅតែគ្រងតំណែងជាតួឯកទៀតបានឡើយ គឺបានត្រឹមតែជាតួបងស្រី ឬជាតួម្តាយប៉ុណ្ណោះ ទើបធ្វើឱ្យនាងលែងចង់ថតសម្តែងទៀត ខណៈដែលមានការបង្ហើបថា គូស្នេហ៍សុភា មិនអនុញ្ញាតឱ្យលេងសិល្បៈវិញទេ បើទោះជាបានតួឯក១០រឿងក្តី ព្រោះលុយទាំងនោះ មិនបានលោកជប់លៀងឱ្យសុភា ១យប់ ដែលធ្វើឱ្យផ្អើលអ្នកស្រុកភូមិបៃតង នោះទេ។

ទោះជាយ៉ាងណា ជុំវិញព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានមិនអាចទាក់ទងសុំយោបល់ពីអតីតតារាសម្តែងល្បីឈ្មោះ ឌុច សុភា បានទេ កាលពីចុងសប្តាហ៍មុននេះ ហើយយើងរង់ចាំទទួលការបំភ្លឺពីនាងជានិច្ច៕

RELATED ARTICLES