Friday, April 19, 2024
Homeព័ត៌មានជាតិម្តាយដេញឲ្យទៅកាត់សក់ កូនប្រុសខឹងដាល់ប៉ោងភ្នែក

ម្តាយដេញឲ្យទៅកាត់សក់ កូនប្រុសខឹងដាល់ប៉ោងភ្នែក

ខេត្តកំពង់ចាម ៖ យុវជនជាកូនភ្លើងម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ត្រឡប់មកដល់ផ្ទះវិញ ក៏ត្រូវម្តាយស្តីបន្ទោស និងដេញឱ្យទៅកាត់សក់ ស្រាប់តែកូនប្រុសចិត្តកំណាចបានស្ទុះទៅដាល់ម្តាយបង្កើតខ្លួនឯងជាច្រើនដៃ បណ្តាលឱ្យប៉ោងភ្នែក ពកក្បាល រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ។

កូនប្រុសរមិលគុណដែលដាច់ចិត្តលើដៃវ៉ៃម្តាយ គ្រាន់តែម្តាយដេញឱ្យទៅកាត់សក់នេះ មានឈ្មោះម៉ើ ម៉ាញ អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះជុំ អេន អាយុ៥៥ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ជនដៃដល់ខាងលើនេះ គឺជាកូនដែលមិនស្តាប់បង្គាប់ឪពុកម្តាយនោះទេ រាល់ថ្ងៃតែងដើរលេងផឹកស៊ីប៉ោឡែ មិនដែលជួយធ្វើការងារអ្វីសោះឡើយ មិនតែប៉ុណ្ណោះ ថែមទាំងមានចិត្តកោងកាចសាហាវទៀតផង ឧស្សាហ៍បង្កទំនាស់ក្នុងគ្រួសារ និងអ្នកជិតខាងខ្លាំងណាស់។

ប្រភពដដែលបន្តថា ជាក់ស្តែងនៅព្រឹកថ្ងៃកើតហេតុ ជនបង្កហេតុបានចេញទៅផឹកស៊ីស្រវឹងទាំងព្រឹក លុះត្រឡប់មកដល់ផ្ទះវិញ ក៏ត្រូវម្តាយស្តីបន្ទោសពីរឿងមិនព្រមទៅកាត់សក់ ទុកសក់វែងដូចយូកូម ស្រាប់តែភ្លាមនោះ ជនបង្កហេតុជាកូនប្រុសខឹងច្រឡោត ក៏ស្ទុះទៅដាល់ម្តាយជាច្រើនដៃ បណ្តាលឱ្យរងរបួសធ្ងន់ ចំនួន៣កន្លែង ក្នុងនោះជាំភ្នែកខាងស្តាំ១កន្លែង ពកក្បាលខាងស្តាំ១កន្លែង និងហើមកដៃ១កន្លែង។ បន្ទាប់មក ក៏ត្រូវអ្នកជិតខាងចូលទៅចាប់បំបែក រួចរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយួអន្តរាគមន៍តែម្តង។

លោកប្រាក់ សុគុណ អធិការនគរបាលស្រុកជើងព្រៃ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា  មានករណីកូនប្រុសដាល់ម្តាយឱ្យរងរបួសរួចមក កម្លាំងជំនាញបានចុះដល់ទីតាំងកើតហេតុភ្លាមៗ និងបានឃាត់ខ្លួនជនដៃដល់ជាកូនប្រុស នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុបានឆ្លើយសារភាពថា រូបគេពិតជាបានដាល់ម្តាយឱ្យរងរបួសមែន។ មូលហេតុដោយសារតែរូបគេស្រវឹងស្រា និងខឹងរឿងម្តាយដេញឱ្យទៅកាត់សក់ចេញ។

ជនដៃដល់ជាកូនប្រុសរមិលគុណខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES