Saturday, April 27, 2024
Homeព័ត៌មានជាតិគំនុំរឿងរកត្រី ២នាក់ប្តីប្រពន្ធ និងបក្ខពួក ព្រួតវាយបុរសម្នាក់ រយះចិញ្ចើម

គំនុំរឿងរកត្រី ២នាក់ប្តីប្រពន្ធ និងបក្ខពួក ព្រួតវាយបុរសម្នាក់ រយះចិញ្ចើម

ខេត្តកណ្តាល ៖ ប្តីប្រពន្ធ២នាក់ រួមនឹងបក្ខពួកម្នាក់ទៀត បានព្រួតគ្នាវាយ​ទៅលើបុរសម្នាក់ បណ្តាលឱ្យរយះចិញ្ចើមរងរបួសធ្ងន់  ខណៈដែលពួកគេធ្លាប់កើតមានទំនាស់ពាក្យសម្តីជាមួយគ្នាពីរឿងរកត្រី លុះពេលជួបមុខ ភ្លើងកំហឹងចាស់ឆាបឆេះឡើង ក៏ព្រួតគ្នាស្រាយគំនុំចាស់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្លូវចូលវត្តទួលរាជា ស្ថិតក្នុងភូមិព្រែកតាដុល ឃុំពោធិ៍បាន ស្រុកកោះធំ។

បុរសរងគ្រោះដែលត្រូវគូទំនាស់ មានគ្នា៣នាក់ ព្រួតវាយបណ្តាលឱ្យរយះចិញ្ចើម មានឈ្មោះទក ធី អាយុ២៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យមានគ្នា៣នាក់ រួមមាន ទី១-ឈ្មោះ ជា បូរ៉ា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ (ឃាត់ខ្លួន) ទី២-ឈ្មោះឃុល បូរ៉ា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ ត្រូវជាប្តីរបស់ស្ត្រីឈ្មោះជា បូរ៉ា (គេចខ្លួន) និងទី៣-ឈ្មោះស្រឿង ក្រត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ (គេចខ្លួន)។ ជនសង្ស័យទាំង៣នាក់ខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយជនរងគ្រោះដែរ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុរយៈពេល៥ថ្ងៃ ជនរងគ្រោះឈ្មោះទក ធី បានទៅបង់សំណាញ់នៅចំណុចប្រឡាយ៣៨ រួចក៏បានជួបជនសង្ស័យ ឈ្មោះឃុល បូរ៉ា និងឈ្មោះស្រឿង ក្រត ហើយបានទាក់ពាក្យគ្នាជាមួយជនសង្ស័យទាំងពីរនាក់ ពីរឿងដាក់មងបីជាន់ និងដើរឆក់ត្រី។ ដោយ​ពេលនោះ ជនរងគ្រោះបាននិយាយទៅកាន់​ជនសង្ស័យឈ្មោះឃុល បូរ៉ា និងស្រឿង ក្រត ថា បងឯងរកអីរកទៅ កុំមកក្បែរកន្លែងបង់ត្រី ហ្នឹង!” ពេលនោះជនសង្ស័យក៏ឆ្លើយថា “អញចង់រក អញចង់កូរ”។

ប្រភពដដែលបន្តថា លុះរំលងបានចំនួន ៥ថ្ងៃ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានជិះម៉ូតូទៅបង្កៃសន្ទូច ស្រាប់តែពេលទៅដល់ពាក់កណ្តាលផ្លូវ ក៏បានជួបនឹងជនសង្ស័យឈ្មោះ ស្រឿង ក្រត តែពេលនោះត្រូវបានស្ត្រីឈ្មោះ ហ៊ីម ខេង ដែលត្រូវជាម្តាយក្មេករបស់ជនរងគ្រោះ ដេញជនរងគ្រោះជាកូនប្រសាត្រឡប់ទៅផ្ទះវិញ ព្រោះខ្លាចមានរឿង។ ស្រាប់តែពេលជនរងគ្រោះជិះម៉ូតូមកដល់ច្រកចូលវត្តទួលរាជា ជនសង្ស័យឈ្មោះស្រឿង ក្រត បានជិះម៉ូតូទៅកៀរម៉ួតូរបស់ជនរងគ្រោះ និងបានហៅជនសង្ស័យ២នាក់ប្តីប្រពន្ធខាងលើ នាំគ្នាចូលទៅវាយជនរងគ្រោះ ដោយប្រើដុំឈើ បណ្តាលឱ្យជនរងគ្រោះទទួលរងរបួសរយះចុងចិញ្ចើមខាងឆ្វេង ដេរចំនួន៣ថ្នេរ និងរបួសធ្ងន់ ត្រង់ក្បាលផ្នែកខាងក្រោយ។

ក្រោយពីធ្វើសកម្មភាពព្រួតវាយទៅលើជនរងគ្រោះរួច ក្រុមជនសង្ស័យទាំង៣នាក់ បាននាំគ្នារត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលរបួស រួចទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលពោធិ៍បាន។ បន្ទាប់មក សមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះជា បូរ៉ា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ តែម្តង។

ស្ត្រីសង្ស័យឈ្មោះជា បូរ៉ា ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកបក្ខពួក២នាក់ទៀត ដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន នាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES