ជីជី លាក់ស្នេហ៍ដូចបងស្រី

តាមដំណឹងចុងក្រោយថា ពិធីការិនីរូបស្រស់ ជីជី កំពុងតែចងសម្ព័ន្ធស្នេហ៍យ៉ាងត្រជាក់ល្ហឹមជាមួយលោកជា ដែលជាកូនអ្នកជំនួញកាត់ចិន និងមានតួនាទីជាមន្ត្រីប៉ូលិស ខណៈដែលមានពាក្យខ្សឹបខ្សៀវថា កញ្ញាជីជី កំពុងសាងស្នេហ៍ដើរតាមគន្លងបងស្រី អ្នកនាងពេជ្រ សិរីរ័ត្ន ដែលមានកូន២នាក់ ហើយនៅមិនទាន់ហ៊ានបង្ហាញមុខប្តី…។

ដំណឹងស្នេហ៍រវាងពិធីការិនីរូបស្រស់ កញ្ញាពេជ្រ សូលីដា ហៅជីជី ជាមួយលោកជា បានសាយភាយឡើងរយៈពេលជាង2ឆ្នាំមកហើយ ហើយកន្លងមកក៏មានដំណឹងថា ពួកគេបានទិញវីឡាដ៏ធំស្កឹមស្កៃមួយកន្លែង តម្លៃជិត20ម៉ឺនដុល្លារ ទុកជាទ្រនំស្នេហ៍ផងដែរ។ ប៉ុន្តែជីជី មិនធ្លាប់សារភាពស្នេហ៍ជាមួយលោកជា ទេ បើទោះបីកន្លងមក នាងនិងគូស្នេហ៍ធ្លាប់បែកធ្លាយរូបភាពកៀកកើយនៅលើបណ្តាញសង្គមហ្វេសប៊ុកក្តី ខណៈដែលមិត្តភក្តិនៅក្នុងចង្កោមសិល្បៈជាច្រើន ក៏បានដឹងចំណងស្នេហ៍របស់នាងផងដែរ។

យ៉ាងណាក៏ដោយ តាមប្រភពចុងក្រោយពីសិល្បការិនីម្នាក់ បានបង្ហើបឱ្យដឹងថា នៅពេលនេះ ជីជី និងលោកជា ប្រៀបដូចជាប្តីប្រពន្ធទៅហើយ។

ប្រភពខាងលើបន្ថែមដោយសុំមិនបង្ហាញឈ្មោះថា ជីជី ហាក់មិនក្លាហានក្នុងការលាតត្រដាងពីជីវិតស្នេហារបស់នាងទេ ហើយទំនងជាចង់សាងស្នេហ៍លាក់លៀមដូចបងស្រី គឺអ្នកនាងពេជ្រ សិរីរ័ត្ន ហើយមើលទៅ ទើបនាងលាក់បាំងរឿងស្នេហ៍រហូតមកទល់ពេលនេះ។

គួរបញ្ជាក់ថា ពិធីការិនីល្បីឈ្មោះ អ្នកនាងពេជ្រ សិរីរ័ត្ន ដែលជាបងស្រីបង្កើតរបស់ជីជី ធ្លាប់លេចឮបានសាងស្នេហ៍ក្រោមរូបភាពលាក់លៀមជាមួយអ្នកជំនួញម្នាក់ ដែលមានប្រពន្ធកូនរួចហើយ រហូតទទួលបានចំណងដៃកូនប្រុសស្រី2នាក់ ដែលអ្នកនាងកំពុងចិញ្ចឹមបីបាច់ នាពេលបច្ចុប្បន្ន ខណៈដែលកូនប្រុសច្បងបានចូលសិក្សាហើយនោះ។ ប៉ុន្តែយ៉ាងណា រហូតមកទល់ពេលនេះ អ្នកនាងពេជ្រ សិរីរ័ត្ន នៅតែមិនហ៊ានបណ្តើរប្តីចំហ ហើយក៏គ្មានគម្រោងចូលរោងការតាមប្រពៃណីដែរ ខណៈដែលមានដំណឹងថា ប្រពន្ធដើមក៏នៅតែព្យាយាមពុះបំបែកស្នេហ៍ទៀតនោះ។

មួយរយៈចុងក្រោយនេះ ពេជ្រ សិរីរ័ត្ន បានបង្ហាញមុខកូនប្រុសស្រីជាសាធារណៈ ថែមទាំងអះអាងថា កំពុងតែមានសុភមង្គលទៀតផង បើទោះជាអ្នកនាងមិនបានឆ្លងកាត់នឹមអាពាហ៍ពិពាហ៍ក្តី។ ប៉ុន្តែ យ៉ាងណា រាល់ពេលក្រុមអ្នកសារព័ត៌មានចោទសួរពីសម្ព័ន្ធស្នេហ៍ ពិធីការិនី “តុបំភ្លឺ” រូបនេះ តែងតែសុំមិនបកស្រាយ។

ប្រភពជាអ្នកសិល្បៈខាងលើលើកឡើងថា ជីជី លាក់ស្នេហ៍ដូចបងស្រី តែគេមិនទាន់ដឹងថា នាងនឹងពិសោធន៍ស្នេហ៍រហូតទទួលបានចំណងដៃកូនប្រុសស្រី ដូចអ្នកនាងពេជ្រ សេរីរ័ត្ន ដោយមិនចាំបាច់ឆ្លងកាត់មង្គលការ ឬយ៉ាងណានោះទេ ខណៈដែលពេលនេះ ស្នេហារវាងនាងជាមួយសង្សារកាន់តែផ្អែមល្ហែមល្អូកល្អិនទ្វេឡើង។

ការព្យាយាមទាក់ទងសុំការបំភ្លឺពីកញ្ញាជីជី ពាក់ព័ន្ធនឹងដំណឹងខាងលើនេះ មិនបានសម្រេចទេ កាលពីថ្មីៗនេះ ហើយយើងនឹងរង់ចាំទទួលការបកស្រាយពីនាងជានិច្ច។

ជីជី ត្រូវបានចាត់ទុកថា ជាតារាដែលមានមន្តស្នេហ៍ទាក់ទាញមួយរូប ដែលក្រោយពេលដណ្តើមបានភាពលេចធ្លោនៅក្នុងសង្គមសិល្បៈ តាមរយៈការជួយជ្រោមជ្រែងពីបងស្រី មានបុរសអ្នកមានជាច្រើនតាមថ្ពក់ស្នេហ៍ មានទាំងមន្ត្រីធំ ឧកញ៉ា អ្នកជំនួញ ហើយថែមទាំងល្បីថា មានអ្នកចង់ចិញ្ចឹម ជ្រោមជ្រែងនាងឱ្យរស់នៅក្នុងភាពហ៊ឺហាទៀតផង។ ប៉ុន្តែទីបំផុត នាងបានសម្រេចចិត្តជ្រើសស្នេហ៍លោកជា ដែលជាមន្ត្រីប៉ូលិស។

តាមដំណឹងថា ជីជី បានពុះពារឧបសគ្គជាច្រើនក្នុងការសាងសម្ព័ន្ធលស្នេហ៍ជាមួយលោកជា ដែលអ្នកជាកូនអ្នកមាន ហើយត្រូវក្រុមគ្រួសារជំទាស់។ ប៉ុន្តែទីបំផុតស្នេហារបស់នាងក៏បានជម្នះឧបសគ្គឈានទៅរឹងមាំ និងកក់ក្តៅ គ្រាន់តែនាងមិនបើកចំហ។

តាមប្រភពថា ក្រោយពេលសាយភាយដំណឹង ស្នេហ៍ជាមួយសង្សារជាប៉ូលិសនោះ ជីជី បានធ្វើឱ្យបុរសៗអ្នកមានជាច្រើនខកចិត្តស្តាយស្នេហ៍ ក្នុងនោះ ត្រូវបានគេដឹងថា ក៏មានមន្ត្រីធំផ្កាយ2ម្នាក់ ក៏បានស្តាយសម្រស់នាងខ្លាំងដែរ នៅពេលពុំមានឱកាសបានថ្នាក់ថ្នមនាង បើទោះបីមានបំណងចង់ប្រើនុយធំស្ទូចស្នេហ៍នាងក្តី។

ចាប់តាំងពីសាយភាយដំណឹងស្នេហ៍ជាមួយ លោកជា មជ្ឈដ្ឋានជាច្រើន ជាពិសេស មិត្តភក្តិនៅក្នុងចង្កោមសិល្បៈ ចង់ឃើញជីជី គ្រងឈុតកូនក្រមុំដឹកដៃលោកជា ក្រាបផ្ទឹម បង្កើតគ្រួសារដ៏កក់ក្តៅមួយក្នុង ពេលឆាប់ៗ។ ប៉ុន្តែយ៉ាងណា រហូតមកទល់ពេលនេះ នាងនៅតែមិនហ៊ានលាតត្រដាងពីជីវិតស្នេហា ខណៈដែលអ្នកខ្លះថា ជីជី ចង់លាក់ស្នេហ៍ដូចបងស្រី។ ប៉ុន្តែយ៉ាងណា ជុំវិញដំណឹងនេះ យើងនឹងរង់ចាំទទួល ការបកស្រាយពីស្រីស្រស់ ជីជី ជានិច្ច៕