Thursday, April 25, 2024
Homeព័ត៌មានជាតិជនសង្ស័យសារភាពថា ក្រោយពេលរួមរ័ក បុរសម្នាក់ទូរស័ព្ទមកនារីជាសង្សារ ទើបកើតចិត្តប្រចណ្ឌចាក់ប្រហារសម្លាប់

ជនសង្ស័យសារភាពថា ក្រោយពេលរួមរ័ក បុរសម្នាក់ទូរស័ព្ទមកនារីជាសង្សារ ទើបកើតចិត្តប្រចណ្ឌចាក់ប្រហារសម្លាប់

ភ្នំពេញ ៖ ជនសង្ស័យជាឃាតករចិត្តកំណាច ដែលចាក់សម្លាប់ស្រីស្នេហ៍ជាអ្នកបម្រើការក្នុងខារ៉ាអូខេ កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួលក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បានឆ្លើយសារភាពថា មុនពេលចាក់សម្លាប់សង្សារ រូបគេទើបនឹងរួមរ័កគ្នារួច ស្រាប់តែមានប្រុសម្នាក់ខលមករកនារីជាសង្សារ ទើបធ្វើឱ្យរូបគេប្រចណ្ឌកើតជាជម្លោះ និងឈានដល់ការចាក់ប្រហារនារីរងគ្រោះតែម្តង។

ជនសង្ស័យជាឃាតករដែលចាក់សម្លាប់សង្សារនោះ មានឈ្មោះស៊ុយ មេសា ហៅលូ អាយុ២២ឆ្នាំ ជាអ្នកលក់អាវជជុះ ស្នាក់នៅភូមិត្រាំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកនារីរងគ្រោះដែលត្រូវឃាតករដៃឆៅ ចូលចាក់សម្លាប់ដល់ក្នុងបន្ទប់ មានឈ្មោះសេក  ស៊ីយ៉ា អាយុ១៦ឆ្នាំ មុខរបរជានារីបម្រើការនៅក្នុងហាងខារ៉ាអូខេ យីហោ ដឺឃ្វីន ស្នាក់នៅបន្ទប់ជួល ក្នុងភូមិកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តកំពត។

នៅក្នុងសន្និសីទកាសែតបង្ហាញមុខជនសង្ស័យចាក់សម្លាប់សង្សារជាសាធារណៈ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ លោកវរៈសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ថា ក្រោយពីមានករណីឃាតកម្មចាក់សម្លាប់ស្ត្រីជាបុគ្គលិក “KTV ដឺឃ្វីន” កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះជួលលេខ១០២ ផ្លូវបេតុង ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រួចមក កម្លាំងលោកបានសហការណ៍ជាមួយការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ និងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្ររាជធានីភ្នំពេញ ចំណាយពេលអស់៤ថ្ងៃ ទើបកំណត់មុខសញ្ញា និងឈានទៅចាប់ឃាត់ខ្លួនជនសង្ស័យបាននៅក្រុងដូនកែវ ខេត្តតាកែវ។

លោកអធិការខណ្ឌសែនសុខ បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួនយកមកសាកសួរជនសង្ស័បានសារភាពថា ពិតជាបានធ្វើសកម្មភាពចាក់ទៅលើនារីរងគ្រោះប្រាកដមែន ចំណែកមូលហេតុដោយសារខ្លួនប្រចណ្ឌនឹងនារីរងគ្រោះ មានប្រុសច្រើន។

តាមលោកអធិការ ជនសង្ស័យបានសារភាពថារូបគេបានស្គាល់គ្នាជាមួយនារីរងគ្រោះ កាលពីយប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោយពីជួបគ្នានៅក្នុងក្លឹបយីហោ “ប្លេក្លឹប” ចាប់ពីពេលនោះមក ខ្លួននិងនារីរងគ្រោះ បានមានទំនាក់ទំនងគ្នាជាសង្សារតែម្តង។ លុះដល់យប់កើតហេតុ ក្រោយពីពួកគេទាំង២នាក់ដើរលេងជាមួយគ្នា ហើយក៏នាំគ្នាមកដេកនៅបន្ទប់ជួលរបស់នារីរងគ្រោះ និងថែមទាំងបានរួមភេទជាមួយគ្នាបានសម្រេចម្តងទៀតផង។ លុះមកដល់ម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្រាប់តែមានប្រុសម្នាក់មិនស្គាល់ឈ្មោះ បានខលមករកនារីរងគ្រោះដោយនិយាយថា ស្រីយ៉ា កំពុងដេកជាមួយប្រុសឬ? ពេលនោះនារីរងគ្រោះបានឆ្លើយថា បើដេកជាមួយប្រុសយ៉ាងមេច? ពេលឮសម្តីបែបនេះ បានធ្វើឱ្យខ្លួនខឹង និងមានចិត្តប្រចណ្ឌ ក៏សួរនាំទើបកើតជាជម្លោះ និងធ្វើឱ្យខ្លួនទប់កំហឹងមិនបាន ក៏ទាញកូនកាំបិតចិតបន្លែពីក្រោមពូកចាក់ទៅលើស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ រួចក៏បានរត់គេចខ្លួនទៅក្រុងដូនកែវ ទើបត្រូវសមត្ថកិច្ចតាមចាប់ខ្លួនតែម្តង។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតមានករណីឃាតកម្មដ៏ព្រៃផ្សៃខាងលើ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យជាឃាតករបាន នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ខណៈដែលជនសង្ស័យបានសម្ងំលាក់ខ្លួននៅផ្ទះរបស់ខ្លួន ឯខេត្តតាកែវ។ បន្ទាប់ពីឃាត់ខ្លួនបានជនសង្ស័យ ត្រូវបានសមត្ថកិច្ចខេត្តតាកែវ បញ្ជូនមកដល់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧។

គួររំលឹកថា កាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ មានករណីឃាតកម្មដ៏ឃោរឃៅមួយបានកើតឡើង នៅត្រង់ចំណុចបន្ទប់ជួលលេខ១០២ ជាន់ទី១ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយនារីវ័យក្មេងជាអ្នកបម្រើការក្នុងខារ៉ាអូខេម្នាក់ ត្រូវសាច់ញាតិអះអាងថា បានទាក់ទងស្នេហាមានសង្សាររាប់មិនអស់ លុះចុងក្រោយ សង្ស័យបែកធ្លាយរឿងរ៉ាវត្រូវប្រុសស្នេហ៍ផ្ទុះកំហឹង ក៏ធ្វើសកម្មភាពចាក់ប្រហារដល់ក្នុងបន្ទប់ បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

តាមប្រភពព័ត៌មានពីបុរសម្នាក់ សុំមិនបញ្ចោញឈ្មោះ ស្នាក់នៅខាងមុខបន្ទប់ជួលនារីរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបន្ទប់នារីរងគ្រោះបានបិទទ្វារ តែបើកភ្លើងនៅខាងក្នុងភ្លឺចិញ្ចាច និងហាក់មានសភាពស្ងប់ស្ងាត់ខុសពីសព្វមួយដង។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែគាត់បានឮសំឡេងគោះទ្វារបន្ទប់ជួលរបស់គាត់ ដោយស្រែកហៅគាត់ឱ្យជួយ លុះពេលគាត់បើកទ្វារបន្ទប់ចេញមកក្រៅ ក៏ឃើញនារីរងគ្រោះដេកសន្លប់នៅខាងមុខបន្ទប់គាត់ ទាំងមានស្នាមរបួសនៅត្រង់ពោះ និងដៃខាងស្តាំ បន្ទាប់មកគាត់ក៏ឮសំឡេងមានមនុស្សរត់ចុះទៅក្រោមវិញ ទើបធ្វើឱ្យគាត់បានស្រែកឆោឡោ បង្កឱ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុតែម្តង។

ប្រភពដដែលបន្តថា លុះមួយសន្ទុះក្រោយមក ក៏ឃើញមានយុវជនម្នាក់អាយុប្រមាណ២០ឆ្នាំ បានរត់ឡើងមក តែមិនដឹងថា ត្រូវជាអ្វីនឹងនារីរងគ្រោះនោះទេ សង្ស័យជាសង្សារ បានស្រែកទ្រហោយំយ៉ាងអាណោចអាធ័ម និងបាននិយាយទាំងសភាពស្លន់ស្លោថា រូបគេបាននៅជាមួយនារីរងគ្រោះពេញមួយល្ងាចមកហើយ ហើយកាលពីក្បាលព្រលប់ឃើញនារីរងគ្រោះ បាននិយាយទូរស័ព្ទជាមួយសង្សារចាស់របស់នាង ក្រោយមកនាង (នារីរងគ្រោះ) បានខឹងសង្សារចាស់យ៉ាងខ្លាំង តែមិនដឹងខឹងរឿងអ្វីទេ រួចក៏យកកាំបិតមកចាក់ខ្លួនឯងតែម្តងទៅ។  បន្ទាប់មក យុវជនរូបនោះគិតតែនិយាយសារចុះសារឡើង និងគិតតែពីស្រែកថា បាត់ទូរស័ព្ទ iPhone 6 plus មួយគ្រឿង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋជិតខាង និងយុវជនដែលមកស្រែកទ្រហោយំនោះ បានដឹកនារីរងគ្រោះតាមរ៉ឺម៉កម៉ូតូបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ តែជាអកុសល ខណៈពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នារីរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះ បុរសដែលបានអះអាងថា បាននៅជាមួយនឹងនារីរងគ្រោះនោះ បាននិយា ថា ទៅសងសឹក រួចក៏គេចខ្លួនចេញបាត់។

តាមសម្តីពីបងស្រីរបស់នារីរងគ្រោះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃពួកនាងទាំងពីរនាក់បងប្អូន គឺស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នា ប៉ុន្តែ នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រលប់ នាងបានប្រាប់ប្អូនស្រី (នារីរងគ្រោះ) ថា នាងចេញទៅជប់លៀងនៅផ្ទះមិត្តភក្តិម្តុំកំបូល ហើយនារីរងគ្រោះដែលត្រូវជាប្អូនស្រីបានប្រាប់មកនាងវិញថា ថ្ងៃនេះនាងមិនទៅធ្វើការទេ។ ស្រាប់តែដល់វេលាម៉ោងកើតហេតុខាងលើ ក៏មានអ្នកជិតខាងទូរស័ព្ទមកប្រាប់នាងថា ប្អូនស្រីរបស់នាង (នារីរងគ្រោះ) ត្រូវបានគេចាក់សម្លាប់ ហើយពេលនេះ ត្រូវបានបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ហើយទើបនាងស្រូតដំណើរទៅកាន់មន្ទីរពេទ្យ ដើម្បីមើលប្អូនស្រី ដឹងអី ពេលនាងទៅដល់ គ្រូពេទ្យបានប្រាប់ថា ប្អូនស្រីរបស់នាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

តាមការអះអាងរបស់បងស្រីនារីរងគ្រោះ បានឱ្យដឹងថា តាមពិតប្អូនស្រីរបស់នាង (នារីរងគ្រោះ) មានសង្សារច្រើននាក់ណាស់ ទោះបីនាងជាបងស្រីស្តីថាប្រដៅយ៉ាងណា ក៏ប្អូនស្រីនេះនៅតែមិនស្តាប់ដែរ ពោលគឺចេះតែទាក់ទងស្នេហាជាមួយប្រុសនេះប្រុសនោះរាប់មិនអស់។

ទីបំផុត ឈាមស្រែកស្បែកហៅ ជនជាឃាតករដៃឆៅ ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន និងកំពុងធ្វើការសាកសួរយកចម្លើយ មុននឹងរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES