Friday, March 29, 2024
Homeព័ត៌មានជាតិរឹតកសម្លាប់មិត្តភក្តិប្លន់ម៉ូតូ ក្រុមគ្រួសារទទូចទាមទារឱ្យសមត្ថកិច្ចជួយស្វែងរកមុខឃាតករឱ្យឃើញ

រឹតកសម្លាប់មិត្តភក្តិប្លន់ម៉ូតូ ក្រុមគ្រួសារទទូចទាមទារឱ្យសមត្ថកិច្ចជួយស្វែងរកមុខឃាតករឱ្យឃើញ

ខេត្តសៀមរាប ៖ បុរសម្នាក់ត្រូវបានជនដៃដល់ទំនងជាមិត្តភក្តិស្គាល់គ្នា ធ្វើសកម្មភាពរឹតកសម្លាប់ រួចប្លន់យកម៉ូតូ១គ្រឿងទៅបាត់ អស់រយៈពេលជាង១០ថ្ងៃមកហើយ ប៉ុន្តែសមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវរកឃើញពន្លឺមុខសញ្ញាជនដៃដល់ឃើញនៅឡើយ ជាហេតុធ្វើឱ្យក្រុមគ្រួសារទទូចទាមទារឱ្យសមត្ថកិច្ចជួយស្វែងរកមុខឃាតករឱ្យឃើញ នាំយកមកផ្តន្ទាទោសតាមច្បាប់ឆាប់ៗ ដើម្បីឱ្យព្រលឹងជនរងគ្រោះបានស្ងប់។

បុរសរងគ្រោះដែលត្រូវឃាតករដៃឆៅ រឹតកសម្លាប់ប្លន់ម៉ូតូនោះ មានឈ្មោះខាន់ ខៃ អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិថ្នល់ ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ ចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦។

លោកវរសេនីយ៍ត្រី អ៊ុយ ចយ ប្រធានការិយាល័យសន្តិសុខព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៧ ថា ជុំវិញករណីប្លន់សម្លាប់ជនរងគ្រោះខាងលើ កម្លាំងជំនាញអាវុធហត្ថ កំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនជាប់សង្ស័យជាឃាតករហើយ តែមិនទាន់ទទួលបានលទ្ធផលនៅឡើយ។

គួររំលឹកថា កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ មានករណីឃាតកម្មប្លន់សម្លាប់មួយបានកើតឡើង នៅចំណុចដីឡូត៍របស់ឈ្មោះ ផន ចិន្តា ស្ថិតក្នុងភូមិតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយជនរងគ្រោះ ឈ្មោះខាន់ ខៃ ត្រូវបានឃាតករធ្វើសកម្មភាពយកខ្សែក្រវាត់រឹតកសម្លាប់ រួចប្លន់យកម៉ូតូមួយគ្រឿង បើកគេចខ្លួនបាត់ដោយសុវត្ថិភាព។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ អាចត្រូវបានមនុស្សស្គាល់គ្នា ឱ្យដឹកចេញពីខេត្តសៀមរាប ទៅកាន់ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ លុះពេលធ្វើដណើរទៅដល់កន្លែងកើតហេតុ ជនសង្ស័យក៏ធ្វើសកម្មភាពយកខ្សែក្រវាត់រឹតកសម្លាប់ជនរងគ្រោះ រួចប្លន់យកម៉ូតូទៅបាត់តែម្តង។

តាមការសន្និដ្ឋានជាជំហានដំបូងរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះនិងជនដៃដល់ គឺអាចជាមនុស្សស្គាល់គ្នា ហើយការសម្លាប់នេះ គឺដើម្បីប្លន់យកម៉ូតូតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ ជនដៃដល់ត្រូវបានសមត្ថកិច្ចកំពុងតែស្រាវជ្រាវ ដើម្បីឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

RELATED ARTICLES