Tuesday, April 23, 2024
Homeព័ត៌មានជាតិស្រ្តីពពោះគ្រប់ខែ ចាក់ឆ្នោតយួន ត្រូវ៣លានរៀល មេឆ្នោតសង៤កំផ្លៀង

ស្រ្តីពពោះគ្រប់ខែ ចាក់ឆ្នោតយួន ត្រូវ៣លានរៀល មេឆ្នោតសង៤កំផ្លៀង

ភ្នំពេញ ៖ ជារឿងគួរឱ្យហួសចិត្តមួយ ដែលស្ត្រីកំពុងមានផ្ទៃពោះគ្រប់ខែម្នាក់ បានដេកយល់សប្តិឃើញអាបហោះ លុះភ្ញាក់ដឹងខ្លួន ក៏បែកគំនិតចាក់ឆ្នោតផ្សងសំណាង ដោយចាក់អូសលេខតាំងពី០១ រហូតដល់០៩ ដឹងអី យល់សប្តិឆុត ចេញមកត្រូវម៉ាច់ គិតជាទឹកប្រាក់ជាង៣លានរៀល លុះទៅបើកលុយ ត្រូវមេឆ្នោតប្រកែកមិនព្រមបើកឱ្យ រហូតផ្ទុះជាជម្លោះតឹងសរសៃក និងត្រូវមេឆ្នោតផ្តល់ឱ្យ៤កំផ្លៀង ធ្វើឱ្យស្ត្រីរងគ្រោះកើតទុក្ខមិនសុខចិត្ត ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌។

ករណីស្ត្រីពោះធំចាក់ឆ្នោតត្រូវអត់បានលុយ បែរជាត្រូវមេឆ្នោតឱ្យ៤កណ្តាប់ដៃវិញនេះ បានកើតឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា កំពុងមានផ្ទៃពោះជិតគ្រប់ខែទៅហើយ និងស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។ ចំណែកស្ត្រីបង្ក មានឈ្មោះយាយមុំ អាយុជាង៥០ឆ្នាំ មុខរបរជាមេឆ្នោតនៅក្នុងផ្សារស្ទឹងមានជ័យ។

តាមសម្តីស្ត្រីជាម្តាយរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ កូនស្រីរបស់គាត់ដែលកំពុងមានផ្ទៃពោះ៩ខែ៧ថ្ងៃទៅហើយ បានដេកយល់សប្តិឃើញអាបហោះ លុះពេលភ្ញាក់ដឹងខ្លួនឡើងវិញ នឹកគិតថា កូនក្នុងផ្ទៃផ្តល់សំណាងឱ្យ ក៏កាត់យល់សប្តិយកទៅចាក់ឆ្នោត  ដោយបានចាក់អូសពីលេខ០១រហូតដល់០៩ ដោយបានទៅចាក់ឆ្នោតវៀតណាម នៅទីតាំងមេឆ្នោតស្រី ឈ្មោះយាយមុំ ដែលបើកកត់ឆ្នោតធំនៅក្នុងផ្សារស្ទឹងមានជ័យចាស់។ លុះដល់ល្ងាចឡើង លទ្ធផលឆ្នោតចេញមកឃើញថា ត្រូវគ្មានខុស គឺចេញលេខ០៨ ហើយបើគិតជាទឹកប្រាក់ គឺមានចំនួនជាង៣លានរៀលឯណោះ ធ្វើឱ្យកូនស្រីរបស់គាត់រំភើបត្រេកអរ  ក៏ទៅបើកលុយ ស្រាប់តែមេឆ្នោតឈ្មោះមុំ បែរជាឱ្យលុយមកកូនស្រីគាត់ត្រឹមតែ៥ពាន់រៀលប៉ុណ្ណោះ ដោយអះអាងថា ហួសម៉ោងចាក់ មេអត់ទទួលទេ ទើបធ្វើឱ្យកូនស្រីគាត់ខឹងច្រឡោត ក៏បានជេរទៅកាន់ស្ត្រីជាមេឆ្នោតនោះថា អីក៏ថោកម៉្លេះ គេចាក់ត្រូវហើយ មិនឱ្យលុយគេ ស្រាប់តែភ្លាមនោះ ស្ត្រីជាមេឆ្នោតបានស្រែកតបមកវិញថា អ្ងែងក៏ថោកដូចគ្នាហ្នឹង។

ស្ត្រីជាម្តាយស្ត្រីរងគ្រោះ បន្តថា លុះក្រោយពីឈ្លោះគ្នាតឹងសរសៃក ស្រាប់តែស្ត្រីជាមេឆ្នោតបានស្ទុះមកទះកំផ្លៀងកូនស្រីរបស់គាត់ ចំនួន៤កំផ្លៀងទៀត  ទាំងដែលដឹងថា កូនស្រីរបស់គាត់កំពុងមានផ្ទៃពោះស្ទើរតែគ្រប់ខែទៅហើយ។ នៅក្នុងហេតុការណ៍នោះ មានប្រជាពលរដ្ឋខ្លះឃើញហួសចិត្តពេក ក៏ទាញទូរស័ព្ទថត ស្រាប់តែមេឆ្នោតកោងកាចខាងលើ បានស្ទុះទៅទាញទូរស័ព្ទពីគេបម្រុងបោកចោលទៀតផង។

ដោយសារតែកើតទុក្ខមិនសុខចិត្តនឹងរឿងចាក់ឆ្នោតត្រូវ ហើយមេឆ្នោតមិនព្រមបើកលុយឱ្យ បែរជាឱ្យ៤កំផ្លៀងបែបនេះ ទើបស្ត្រីរងគ្រោះខាងលើ និងម្តាយ បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ ដើម្បីទាមទារសំណងជំងឺចិត្តចំនួន៥ពាន់ដុល្លារ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានកោះហៅស្ត្រីជាមេឆ្នោតខាងលើ មកសាកសួរបំភ្លឺ និងដោះស្រាយគ្នាតាមច្បាប់៕

RELATED ARTICLES