Thursday, April 25, 2024
Homeតារាខ្មែរ១គូទៀតហើយ!!! មាស សុខសោភា ប្រកាសចូលរោងការ ២-៣ឆ្នាំទៀត

១គូទៀតហើយ!!! មាស សុខសោភា ប្រកាសចូលរោងការ ២-៣ឆ្នាំទៀត

ខណៈដែល តារាសិល្បៈល្បីឈ្មោះមួយចំនួន ហ៊ានបង្ហាញពីជីវិតគូ និងហ៊ានរៀបការជាចំហផងនោះ តារាចម្រៀងលំដាប់ជួរមុខ មាស សុខសោភា ក៏ហ៊ានបណ្តើរប្តីជាចំហដែរ នាពេលចុងក្រោយនេះ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងថ្ងៃមង្គលការរបស់សុគន្ធ និសា ដែលទើបកន្លងទៅថ្មីៗនេះ មាស សុខសោភា បានបណ្តើរប្តីយ៉ាងត្រសង ហាក់លែងខ្លាចខ្សែភ្នែកមហាជនដូចមុនទៀតហើយ ថែមទាំងបង្ហើបប្រាប់ថា នាងក៏ចង់រៀបការដូចសុគន្ធ និសា ដែរ…។

តារាចម្រៀងល្បីឈ្មោះអ្នកនាងមាស សុខសោភា បានសម្រេចចិត្តចងសម្ព័ន្ធស្នេហ៍ក្រោមរូបភាពលាក់លៀមជាមួយលោកអ៊ិត រ៉ាដា អាណិកជនខ្មែរ នៅកាណាដា រយៈពេលជិត10ឆ្នាំមកហើយ គឺចាប់តាំងពីបែកធ្លាយរូបភាពឱបថើបបឺតជញ្ជក់មាត់គ្នាយ៉ាងស្រើបស្រាល កាលពីអំឡុងឆ្នាំ2008។ មាស សុខសោភា ក៏គ្រោងរៀបការនៅអំឡុងឆ្នាំ2009 ដែរ ប៉ុន្តែបានសម្រេចចិត្តឆាចោលវិញ ដោយសារខ្លាចបាក់ស្រុតប្រជាប្រិយភាពលើវិថីចម្រៀង ទើបសម្រេចចិត្តរួមរស់ជាមួយគូស្នេហ៍ឆ្លងដែន រហូតមកទល់ពេលនេះ។ ពោលគឺ ប៉ុន្មានឆ្នាំកន្លងមកនេះ សោភា តែងបណ្តើរប្តីក្រោមរូបភាពលាក់លៀម និងខ្លាចកាមេរ៉ាអ្នកកាសែត សូម្បីតែឈ្មោះប្តីក៏ព្យាយាមលាក់ដែរ។

យ៉ាងណា មួយរយៈចុងក្រោយនេះ មាស សុខសោភា បានផ្លាស់ប្តូរឥរិយាបថដោយហ៊ានបណ្តើរប្តីជាចំហ ស្របពេលដែលឃើញតារាល្បីឈ្មោះមួយចំនួន ហ៊ានបង្ហាញពីជីវិតគ្រួសារ និងហ៊ានរៀបការជាចំហ ខណៈដែលមានការលើកឡើងថា ទំនងជាមាស សុខសោភា លែងញញើតក្នុងការបង្ហាញមុខប្តីទៀតហើយ។

នៅក្នុងពិធីមង្គលការរបស់សុគន្ធ និសា ជាមួយលោកចៅ សម្បត្តិ អាណិកជនខ្មែរ នៅអាមេរិក កាលពីថ្ងៃទី01 ខែធ្នូ ឆ្នាំ2017 កន្លងទៅនេះ មាស សុខសោភា បានធ្វើឱ្យភ្ញៀវកិត្តិយសរាប់រយនាក់ រួមទាំងមិត្តភក្តិក្នុងសិល្បៈផង មានការភ្ញាក់ផ្អើល ក៏ព្រោះតែអ្នកនាងហ៊ានបណ្តើរលោកអ៊ិត រ៉ាដា យ៉ាងត្រសង កៀកកិតគ្នាដូចប្តីប្រពន្ធទូទៅ ទើបរៀបការហើយថ្មីថ្មោង ថែមទាំងបានឈរកៀកកិតប្តីឱ្យអ្នកកាសែតថតរូបតាមចិត្តទៀតផង គឺមិនគេចពីខ្សែភ្នែកមហាជនទៀតទេ។

អ្នកនាងមាស សុខសោភា ដែលគ្រងរ៉ូបឈុតពណ៌លឿងយ៉ាងទាក់ទាញ បណ្តើរប្តី ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ បានថ្លែងឱ្យដឹងថា អ្នកនាងពិតជារំភើបចិត្តនៅពេលឃើញពិធីមង្គលការរបស់សុគន្ធ និសា អធិកអធមបែបនេះ គឺអ្នកនាងពិតជាចូលរួមត្រេកអរយ៉ាងក្រៃលែង។

នៅពេលត្រូវសួរថា តើអ្នកនាងមាស សុខសោភា ចង់រៀបការដូច សុគន្ធ និសា ដែរទេ?

សោភា ញញឹមគិតមួយសន្ទុះ ទើបឆ្លើយតបជាមួយអ្នកសារព័ត៌មានយើងថា “ចង់តើ! ប៉ុន្តែអាច2ទៅ3ឆ្នាំទៀត”។

មាស សុខសោភា មិនបញ្ជាក់លម្អិតជុំវិញគម្រោងរៀបការ2ទៅ3ឆ្នាំ ខាងមុខនោះទេ។ ប៉ុន្តែចម្លើយប៉ុន្មានម៉ាត់ខាងលើ អាចចាត់ទុកថាជាចម្លើយដ៏កម្រ ត្បិតអីកន្លងមក រាល់ពេលចោទសួរពាក់ព័ន្ធនឹងគម្រោងរៀបការ អ្នកនាងតែងតែគេចវេះមិនឆ្លើយទេ មិនត្រឹមតែប៉ុណ្ណោះ ក៏មិនឈរកៀកកិតប្តីឱ្យអ្នកកាសែតថតដែរ។

មាស សុខសោភា សុំមិនឆ្លើយនឹងសំណួរអ្នកសារព័ត៌មានយើងច្រើនទេ អ្នកនាងបានត្រកងដៃប្តីបណ្តើរគ្នាឱ្យត្រសងជាមួយនឹងស្នាមញញឹមពព្រាយ ដើរចូលពិធីជប់លៀងពិសាភោជនាហារនៅសណ្ឋាគារលំដាប់ផ្កាយ5 ហើយភ្ញៀវកិត្តិយសជាច្រើនដែលចូលរួមមង្គលការសុគន្ធ និសា បានតម្រង់ខ្សែភ្នែកតាមដានសកម្មភាពរបស់មាស សុខសោភា និងស្វាមី ខណៈដែលអ្នកខ្លះទើបតែបានឃើញមុខស្វាមីរបស់អ្នកនាងជាលើកទីមួយ។ ទន្ទឹមនឹងនោះ ក៏មានអ្នកខ្លះលើកឡើងថា រួមរស់ជាមួយគ្នាជិត10ឆ្នាំហើយ គួរតែដល់ពេលបើកចំហ ហើយនិងគួរតែចូលរោងការឆាប់ៗ ដើម្បីបន្សាបនូវពាក្យចចាមអារ៉ាមទាំងឡាយ។

តាមដំណឹងថា មាស សុខសោភា លែងខ្លាចធ្លាក់កូដទៀតហើយ ទើបហ៊ានបណ្តើរប្តីជាចំហបែបនេះ ហើយអ្នកនាងអាចនឹងរៀបការនៅអំឡុង2ទៅ3ឆ្នាំខាងមុខ តាមការអះអាងរបស់អ្នកនាង។ ម៉្យាងមួយរយៈចុងក្រោយនេះ តារាល្បីៗជាច្រើនដែលហ៊ានបង្ហាញពីជីវិតគ្រួសារ និងហ៊ានចូលរោងការ ដូចជាលោកឆាយ វីរៈយុទ្ធ លោកខាន់ ជេមស៍ និងសុគន្ធ និសា ដែលហ៊ានរៀបការបើកចំហ ហាក់មិនខ្លាចធ្លាក់ចុះការគាំទ្រនោះទេ។ ណាមួយតាមដំណឹងថា សោភា និងស្វាមី ក៏ចង់បានកូនដែលមានខាន់ស្លា ដើម្បីរឹតចំណងស្នេហ៍ឱ្យកាន់តែកក់ក្តៅផងដែរ។

តាមប្រភពថា បច្ចុប្បន្ននេះ មាស សុខសោភា និងស្វាមី កំពុងរស់នៅក្នុងទ្រនំវីឡាដ៏ស្តុកស្តម្ភនៅសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ។ គូស្នេហ៍ឆ្លងទ្វីបនេះ កំពុងមានសុភមង្គលយ៉ាងកក់ក្តៅ ខណៈដែលជីវភាពក៏កាន់តែហ៊ឺហា ជិះរថយន្តទំនើប 2ទៅ3គ្រឿង ផ្លាស់ប្តូរគ្នា គ្រាន់តែពួកគេមិនទាន់ហ៊ានផ្តល់កំណើតឱ្យកូន ខណៈដែលមិនទាន់រៀបការតែប៉ុណ្ណោះ។

មជ្ឈដ្ឋានជាច្រើន និងអ្នកគាំទ្រមាស សុខសោភា រួមទាំងមិត្តភក្តិក្នុងសង្គមសិល្បៈផង ចង់ឃើញតារាចម្រៀងល្បីឈ្មោះរូបនេះគ្រងឈុតកូនក្រមុំ ក្រាបផ្ទឹមជាមួយលោកអ៊ិត រ៉ាដា បញ្ចប់ពាក្យចចាមអារ៉ាម ខណៈដែលមាស សុខសោភា ក៏ចង់ជះលុយខ្ទង់ម៉ឺនដុល្លារ រៀបការឱ្យអធិកអធមដូចមង្គលការសុគន្ធ និសា នាពេលខាងមុខផងដែរ៕

RELATED ARTICLES