មហោស្រពភាពយន្តខ្មែរលើកទី៥ ដាក់ស្នាដៃបរទេស ប្រកួតប្រជែងជាមួយស្នាដៃផលិតករខ្មែរ

0
343

ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ ព្រឹត្តិការណ៍មហោស្រពភាពយន្តខ្មែរ លើកទី៥ បានបើកសម្ពោធយ៉ាងអធិកអធម នៅសាលមហោស្រពចតុមុខ ដែលមានតារាសម្ដែង ក្រុមផលិតករ មន្ត្រីក្រសួងព័ត៌មាន មន្ត្រីក្រសួងវប្បធម៌ ភ្ញៀវជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងច្រើនកុះករ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ព្រឹត្តិការណ៍នោះបានដាក់ភាពយន្តដែលជាស្នាដៃបរទេសប្រកួតប្រជែងជាមួយភាពយន្តដែលជាស្នាដៃផលិតករខ្មែរ ដែលនាំឲ្យមានការរិះគន់ថាជាលក្ខណៈមិនស្មើភាពគ្នា។

ព្រឹត្តិការណ៍ប្រលងប្រជែងស្នាដៃភាពយន្តខ្មែរ បានខកខានរយៈពេល២ឆ្នាំមកហើយ ហើយសម្រាប់ព្រឹត្តិការណ៍ឆ្នាំនេះ មានភាពយន្តចំនួន១៤រឿង បានដាក់ប្រកួតប្រជែង ប៉ុន្តែក្រោយពេលធ្វើការជម្រុះនៅត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ នៅសល់ចំនួន៨រឿង ដែលនឹងប្រកួតប្រជែងបន្ត ប៉ុន្តែមានការកត់សម្គាល់ថា ក្នុងចំណោម៨រឿង ដែលត្រូវប្រកួតដណ្ដើមពានរង្វាន់ធំ មានភាពយន្តដែលជាស្នាដៃបរទេស ចំនួន៣រឿងទៅហើយ ដែលត្រូវគេដាក់ឲ្យប្រកួតប្រជែងដែរ ដូចជារឿង “Jailbreak ការពារឧក្រិដ្ឋជន”, “មុនពេលដួលរលំ” និងរឿង “តម្លៃស្នេហ៍» ជាដើម។ ពោលគឺទាំង៣រឿងនេះជាស្នាដៃផលិតកបរទេសសុទ្ធសាទ ដោយគ្រាន់តែយកតួខ្មែរសម្ដែងតែប៉ុណ្ណោះ ដែលធ្វើឲ្យផលិតករ និងតារាសម្ដែងមួយចំនួនខកចិត្ត។ ត្បិតអីកម្រិតនៃការផលិតរបស់ផលិតករបរទេស ហាក់មានប្រៀបជាងផលិតករខ្មែរ ទាំងបច្ចេកទេសថត និងទំហំនៃការចំណាយលើការផលិតភាពយន្ត ជាដើម។ ដូច្នេះហើយទើបឲ្យគេមើលឃើញថា ស្នាដៃបរទេសមានឱកាសដណ្ដើមបានពាននៅក្នុងព្រឹត្តិការណ៍នេះច្រើនជាង។

ពាក់ព័ន្ធនឹងការរិះគន់ឡើងខ្ទរពេញពិធីបើកសម្ពោធមហោស្រពភាពយន្តនេះ លោកអ៊ិន សុភិន មិនហ៊ានធ្វើការអត្ថាធិប្បាយនោះទេ ដោយលោកគ្រាន់តែអះអាងថា បើព្រឹត្តិការណ៍នេះផ្ដល់ឱកាសឲ្យតែភាពយន្តដែលផលិតដោយផលិតករក្នុងស្រុក នោះគឺជារឿងប្រសើរបំផុត ដើម្បីឲ្យផលិតករក្នុងស្រុកស្វែងយល់ពីស្នាដៃរបស់ខ្លួន និងកាន់តែមានកម្លាំងចិត្តដើម្បីផលិតភាពយន្តឲ្យកាន់តែមានគុណភាព។ លោកអះអាងថា ស្នាដៃក្នុងស្រុក បើទោះជាមានគុណភាពកម្រិតណា ក៏មិនអាចប្រកួតប្រជែងជាមួយស្នាដៃរបស់បរទេសបានដែរ ដោយសារតែក្រុមហ៊ុនទាំងនោះមានដើមទុនផលិតធំ ហើយគេមានលទ្ធភាពជួលទាំងកាមេរាល្អ និងបច្ចេកទេសជំនាញ។ ជាក់ស្ដែង លោកបានលើកឧទាហរណ៍ថា គ្រាន់តែភាពយន្តរឿង “Jailbreak ការពារឧក្រិដ្ឋជន” គឺចំណាយអស់ដល់រាប់សែនដុល្លារ ដូច្នេះវាពិតជាមានប្រៀបខ្លាំងណាស់ ជាមួយភាពយន្តផ្សេងទៀតរបស់ផលិតករក្នុងស្រុក។

លោកថាភាពយន្តរបស់មហាហង្ស នៅក្នុងព្រឹត្តិការណ៍ប្រកួតប្រជែងនេះ មានចំនួន២ គឺរឿង “Super Mom” និងរឿង “អ្នកនាងម្ចាស់ឡឺកឺ” ដោយលោកប្រកាសថា បើការប្រកួតប្រជែងស្ថិតតែក្នុងរង្វង់ភាពយន្តរបស់ផលិករក្នុងស្រុក គឺមានសង្ឃឹមច្រើន តែបើមានស្នាដៃរបស់បរទេសចូលរួមបែបនេះ គឺលោកប្រាប់មិនសង្ឃឹមខ្ពស់នោះទេ។ យ៉ាងណាក៏ដោយ លោកបានបង្ហាញមោទនភាពដែលក្នុងចំណោមភាពយន្តចំនួន៨ ដែលគ្រាន់តែស្នាដៃបរទេសមានដល់ទៅ៣រឿងទៅហើយ តែបែរជាមានភាពយន្តរបស់ផលិតកម្មមហាហង្ស ២រឿង បានជាប់នៅក្នុងចំណោមនោះ។

លោកអ៊ិន សុភិន បញ្ជាក់ថា “ក្នុងចំណោមភាពយន្តទាំងអស់ដែលបានជ្រើសរើស នឹងមានតែភាពយន្ត៣ប៉ុណ្ណោះ ឈានដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈដែលការប្រកាសថា ភាពយន្តល្អផ្ដាច់គេប្រចាំព្រឹត្តិការណ៍ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១០ ខែធ្នូ ខាងមុខ។

មិនខុសពីការលើកឡើងរបស់លោកអ៊ិន សុភិន ផលិតករដែលបានចូលរួមប្រកួតប្រជែងផ្សេងទៀត ក៏មានការរិះគន់ជុំវិញការផ្ដល់ឱកាសឲ្យស្នាដៃរបស់ផលិតករបរទេស ធ្វើការប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តនេះដែរ តែឆ្លើយតបនឹងការលើកឡើងយ៉ាងផុសផុលនេះ មន្ត្រីជាអ្នករៀបចំបានអះអាងថា ដើម្បីឲ្យមានការស្មើភាពរាល់ស្នាដៃដែលត្រូវបានកំណត់ថាជាភាពយន្តខ្មែរ ដោយមិនកំណត់ថាអ្នកផលិតជាជនបរទេស។ នេះជាលើកទី១ ដែលព្រឹត្តិការណ៍នេះរងការរិះគន់ចាប់តាំងពីបានដំណើរការ ខណៈដែលការប្រកាសលទ្ធផល នឹងក្លាយជាការតាមដានយ៉ាងពេញទំហឹង ចំពោះអ្នករៀបចំជាក់ជាមិនខានឡើយ។

គួរបញ្ជាក់ថា ភាពយន្តដែលទទួលបានពានរង្វាន់លេខ១ នៅក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្មែរលើកទី៥ នេះនឹងទទួលបានទឹកប្រាក់ចំនួន៣០លានរៀល និងពានមាសមួយ៕