ភ្នំពេញ ៖ នៅ សុនិតា បានប្រារពខួបកំណើតគម្រប់៣៥ឆ្នាំ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានតារារួមអាជីពជាច្រើន បានលើកនំខេកទៅ Surprise នាងជាបន្ដបន្ទាប់ ។ ប៉ុន្ដែស្វាមីនាង លោកទិត ថាវរិទ្ធ បែរជាស្ងប់ស្ងាត់ មិនទាន់ឃើញផ្ញើសារជូនពរឬលើកទឹកចិត្តប្រពន្ធនោះទេ គិតត្រឹមព្រឹកថ្ងៃខួបកំណើត។ ចំណែកសុនិតា ដើម្បីឲ្យខ្លួនមានវាសនាខ្ពស់សូម្បីតែបង្ហោះពីខួបកំណើតខ្លួនឯង ក៏យកហុងស៊ុយ នៅវេលាម៉ោង ៩ ព្រឹក ព្រោះជឿថា លេខ៩ ជាលេខខ្ពស់ ឬលេខហុងស៊ុយ។

នៅ សុនិតា វាចាថា «រីករាយថ្ងៃឃើញពន្លឺថ្ងៃរបស់ខ្ញុំ នៅ សុនិតា (happy birthday to me) អរគុណប៉ាម៉ាក់ដែលផ្តល់កំណើតដល់កូន! អរគុណបងប្អូន មិត្តភក្តិ អាណិតស្រលាញ់ រាប់អានស្មោះត្រង់កន្លងមក! សុំផុសម៉ោង9 ឲ្យខ្ញុំមានវាសនាខ្ពស់ដូចលេខ 30/06/25»។

ឌុច លីដា ដែលជាមិត្តភក្ដិជិតដិតរបស់នៅ សុនិតា ចេញសារជូនពរថា «រីករាយថ្ងៃកំណើត អ្នកវឿន Sonita Nov ជាមិត្តម្នាក់តែងចែករំលែកមិត្តភាពល្អ រឿងល្អ ជាមនុស្សដែលគួរគោរពស្រលាញ់។ ជូនពរអ្នកសម្រេចរាល់បំណងប្រាថ្នា ជោគជ័យរាលភារកិច្ចតូចធំទាំងឡាយ»។


សូមបញ្ជាក់ថា នៅ សុនិតា តែងតែប្រារពខួបកំណើត ស្ទើរតែជារៀងរាល់ឆ្នាំ ដែលភាគច្រើនធ្វើនៅផ្ទះវីឡា ក្នុងបុរីប៉េង ហួត (បឹងស្នោ) ហើយមានតារាស្និទ្ធស្នាល តែងតែយកនំខេក និងកាដូ ទៅ Surprise នាង។ សម្រាប់ឆ្នាំនេះ សុនិតា កាន់តែរីករាយជាងឆ្នាំមុនៗទៅទៀត ព្រោះតែតារាភាគច្រើន ចេញសារ «រីករាយថ្ងៃខួបកំណើតលោកជំទាវ» ។ ការទម្លាប់ហៅនៅ សុនិតា ថាជំទាវនេះ បន្ទាប់ពីស្វាមីអ្នកនាង លោកទិត ថាវរិទ្ធ ឡើងឋានៈជាឯកឧត្តម កាលពីឆ្នាំ២០១៩ និងបច្ចុប្បន្នលោកមានតួនាទីជារដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ខណៈដែលតារាកូន១ រូបនេះ ក៏ឡើងតំណែងជាអនុប្រធានសមាគមសិល្បករខ្មែរ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បន្ថែមពីលើតួនាទីដែលមានស្រាប់ ជាប្រធានផ្នែកពិធីការរបស់សមាគមសិល្បករខ្មែរ អាណត្តិទី៦។


ថ្វីដ្បិតតែ នៅ សុនិតា កាន់តែមានឥទ្ធិពលនៅក្នុងសមាគមសិល្បករខ្មែរ និងមានជីវភាពធូធារ រស់នៅផ្ទះវីឡា និងជិះរថយន្ដទំនើប ដូចជា Ford Raptor, Alphard និង Range Rover ជាដើម ប៉ុន្ដែពេលខ្លះតារាសម្តែងរូបស្រស់ផូរផង់នេះ ក៏ធ្លាប់បង្ហាញអារម្មណ៍ស្រងូតស្រងាត់ និងស្លៀកសពាក់ស ធ្វើជាដូនជី ញ៉ាំអាហារបួស សមាធិ ជាញឹកញាប់ទៀតផង ។ ប្រភពខ្លះថា សុនិតា ប្រចណ្ឌស្វាមីជាមួយស្រីក្មេង ប៉ុន្ដែតារាជិតដិតថា សុនិតា ចង់រៀបការធំ តែស្វាមីមិនទាន់បំពេញបំណងនេះ ។ បញ្ហានេះហើយដែលធ្វើឲ្យសុនិតា និងស្វាមី ធ្លាប់មានបញ្ហារកាំរកូសជាមួយគ្នា រហូតមានដំណឹងថា កាលពីឆ្នាំ២០២២ សុនិតា ធ្លាប់ចុះចេញពីផ្ទះវីឡាធំស្កឹមស្កៃ ទៅរស់នៅផ្ទះល្វែងយ៉ាងសាមញ្ញ នៅស្ពានគីឡូលេខ៩ នៅផ្លូវជាតិលេខ៦ ទៀតផង។ ប៉ុន្ដែនៅខែឧសភា ឆ្នាំ២០២៣ សុនិតា និងស្វាមី បានវិលមកត្រូវរ៉ូវគ្នាវិញ ហើយផ្អែមល្ហែមស្នេហាដូចដើម ។ ពាក្យដែលមិត្តភក្ដិរបស់សុនិតា ផ្ញើសារជូនពរនៅឆ្នាំមុន និងឆ្នាំនេះ គឺឲ្យសម្រេចបំណងពពោះកូនភ្លោះ ប៉ុន្ដែរហូតមកដល់ពេលនេះ សុនិតា នៅមិនទាន់សម្រេចគម្រោងយកកូនថែមម្ដងពីរនាក់នោះនៅឡើយ ។


តាមព័តមានថា នៅ សុនិតា បានភ្ជាប់ពាក្យជាមួយលោកទិត ថាវរិទ្ធ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ និងសម្រាលបានកូនប្រុស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ។ អតីតពិធីការិនីប៉ុស្ដិ៍លេខ៥ និងបាយ័ន រូបនេះ បានបោះបង់អាជីពសម្ដែង សឹងតែទាំងស្រុង តាំងពីភ្ជាប់ស្នេហាជាមួយលោកទិត ថាវរិទ្ធ រយៈពេលជាង ៧ឆ្នាំនេះ តែកាលពីខែដើមខែមិថុនា សុនិតា បានវិលមករកអាជីពចាស់ តាមរយៈស្នាដៃថ្មីជាតួឯកក្នុងរឿង «អំពើអ្នក ជិតខាង» ចាប់ដៃជាមួយលោកលឹម ជាឡាយ ។ ការចេញមកស្ដារមុខមាត់ឡើងវិញ របស់សុនិតា នាពេលនេះបញ្ជាក់ថា ស្វាមីមិនបានហួងហែងចំពោះលេងអាជីពចាស់ទេ មុននាងពពោះកូនទី២ ៕


